ដល់​.​ក ! តែងខ្លួន​ដូច​ជំទាវ​អួត​ថា​ជា​មន្ត្រីរាជការ​មាន​ខ្នងបង្អែក​ធំ​១២០០០​ដុល្លារស៊ី​ផុយ


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជើងល្អ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌ ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពេល​មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​ដាក់​ពាក្យ​ប្ដឹង​ចូល​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ក្រសាំង​ ។ ដោយ​បាន​ចោទប្រកាន់​ថា ស្ត្រី​រូប​នេះ រំលោភ​លើ​ទំនុកចិត្ត​គឺ​បាន​អួតអាង​ថា ខ្លួន​ជា​មន្ត្រីរាជការ និង​មាន​ខ្នងបង្អែក​ជា​អ្នកធំ​នៅ ក្រសួងមហាផ្ទៃ​។ បន្ទាប់​បានការ​ធានា​ថា នាំ​អ្នក​ទាំង​៤​នាក់​ខាងលើ​ចូល​បម្រើ​ក្នុង​ក្រប​ខណ្ឌ​នគរបាល ជាតិ ជា​ថ្នូរ​នឹង​លុយ​ម្នាក់​ៗ​រាប់​ពាន់​ដុល្លារ ប៉ុន្តែ​ក្រោយ​ពី​ប្រមូល​លុយ​បាន​សម្រេច​ស្រាប់តែ​ស្ងាត់ឈឹង និង​រក​លេស​ដោះសារ​មិន​ចេះ​ចប់​ទើប​ជន​រង​គ្រោះ​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង​ ។

ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ល្ងាច ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩ ខណៈ​ដែល​ស្ត្រី​ជើងល្អ រូប​នេះ ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​ពី​មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​ដែល​អួតខ្លួន​ជា​មន្ត្រីរាជការ និង​មាន​ខ្នងបង្អែក​ជា​អ្នកធំ​នៅ​ក្នុង ក្រសួងមហាផ្ទៃ​ហើយ​ដើរ​បោកប្រាស់​គេ​នោះ​ឈ្មោះ ឈាង ផល្លា ហៅ​ពៅ អាយុ​៤៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៧ ផ្លូវ​១២៣ ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ដោយឡែក​អ្នក​ចាញ់បោក​អស់​លុយកាក់​បាន​ចេញ​មុខ​ដាក់​ពាក់​ប្ដឹង​នោះ មាន​ចំនួន​៤​នាក់ ដែល​មាន​សាមីខ្លួន​ខ្លះ និង​អាណាព្យាបាល​ខ្លះ​ក្នុង​នោះ​រួម​មាន​៖ ១-​ឈ្មោះ ម៉ែ​ន សាលី ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ម្រេញ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​, ២-​ឈ្មោះ ប្រាក់ ស្រី​នី ភេទ​ស្រី អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជម្រៅ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​, ៣-​ឈ្មោះ​ឡុ​ង សភា​ឃោ​សា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទី​លំ​លំនៅ​ក្នុងភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ និង៤-​ឈ្មោះ ឡុ​ង មិថុនា ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ​ក្នុងភូមិ​ក្រចាប់​ក្រោម ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ អ្នក​ទាំង​៤​នាក់​នេះ​បាន​ចាញ់បោក​ស្ត្រី​ជើងល្អ​មន្ត្រីរាជការ​ត្បាញ​អាយ​ខាងលើ​អស់​លុយ​សរុប​ចំនួន ១២,០០០​ដុល្លារ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​បាន​តែងខ្លួន​ដូច​ជា​ជំទាវ និង​បាន​អួតអាង​ថា ខ្លួន​គាត់​គឺជា​មន្ត្រីរាជការ ហើយ​មាន​ខ្នងបង្អែក​ជា​អ្នកធំ​នៅ​ក្រសួងមហាផ្ទៃ ថែម​ទៀត​ផង ហើយ​បាន​ប្រកាសប្រាប់​គេឯង​ថា គាត់​អាច​នាំ​អ្នក​ដែល​ចង់​ចូល​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល បាន​មិន​លំបាក​ឡើយ​។ បន្ទាប់​ពី​ឮ​បែប​នេះ​ជន​រង​គ្រោះ​កំពុង​មាន​ចំណាប់អារម្មណ៍​ចង់​ឲ្យ​កូនចៅ​បងប្អូន ចូល​បម្រើ​ក្រប​ខណ្ឌ​នគរបាល​ស្រាប់​ផង ក៏​បាន​សម្រេចចិត្ត​ពឹងពាក់​ស្ត្រី​រូប​នោះ​ឲ្យ​ជួយ​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ ស្ត្រី​ខាងលើ​បាន​ណាត់ជួប​ហើយ​បន្ទាប់​ពី និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ​ស្ត្រី​សង្ស័យ​បាន​ប្រមូល​យក​លុយ​តាម​គោលការណ៍​របស់​ខ្លួន​ដែល​៤​នាក់ សរុប​ចំនួន​១២,០០០​ដុល្លារ​។ ប៉ុន្តែ​ក្រោយមក​មិន​បាន​យក​លុយ​នេះ​ទៅ​រត់ការ​ឲ្យ​តាម​ការ​សន្យា​ទេ គឺ​បាន​យក​ទៅ​ស៊ីចាយ​អស់​គ្មាន​សល់​ចំណែក​អ្នក​ពឹងពាក់​បាន​ទន្ទឹងរង់ចាំ​បាត់​ៗ​មិន​បាន​ចូល​ធ្វើការ ក៏​បាន​សួរនាំ​ដែរ​តែ​ស្ត្រី​ខាងលើ​បាន​ដោះសារ​មិន​ចេះ​ចប់​។

ទើប​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ ក៏​សម្រេច​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង ចូល​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ត្រពាំង​ក្រសាំង ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែសីហា ទើប​នគរបាល​ឃាត់ខ្លួន​ខណៈ​ដែល​ស្ត្រី​រូប​នេះ​ចូល​ទៅ​បំភ្លឺ នៅ​ក្នុង​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រោយ​ចាប់ខ្លួន​ស្ត្រី​រូប​នេះ​បាន​និយាយ​ថា គាត់​ពិតជា​ធ្វើ​បែប​នេះ​មែន​ប៉ុន្តែ​គាត់​ទទួល​បាន​លុយ​តែ​ជាង​៦​ពាន់​ដុល្លារ​ប៉ុណ្ណោះ​គឺ​យក​ពី​ជន​រង​គ្រោះ​ខ្លះ​៩០០​ដុល្លារ ខ្លះ​២៥០០​ដុល្លារ និង​ខ្លះ​ទៀត​៣២០០​ដុល្លារ​។ ចំណែក​លុយ​មួយ​ចំនួន​ទៀត​គឺ​ត្រូវ​បាន​ដន្លង របស់​គាត់​ជា​អ្នក​យក​ទៅ​បាត់​ព្រោះ​អី​ដន្លង​របស់​គាត់​គឺជា​អ្នក​នាំ​មនុស្ស​មក​ធ្វើការ​ ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ