ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះ ដែលមានឈាមហូរជោកជាំនៅលើដីផង នៅប្រហែលម៉ោង១០ព្រឹកថ្ងៃទី២៣ សីហា នៅចំណុចប្ញស្សីរ៉ូ ស្ថិតក្នុងភូមិស្លាប៉ាង ឃុំតាគ្រាម ស្រុកបាណន់ តែគេមិនទាន់ដឹងអំពីមូលហេតុនៃការស្លាប់របស់បុរសនេះនៅឡើយទេ ។ នេះបើតាមការផ្ដល់ព័ត៌មានបឋមពីសមត្ថកិច្ច ។
ជនរងគ្រោះខាងលើ ឈ្មោះរិន ពិសា អាយុ២៦ឆ្នាំ រស់នៅចំណុចកើតហេតុ ។ ប្រភពបានឲ្យដឹងថា បុរសនេះ បានដេកស្លាប់នៅលើដីខាងក្នុងផ្ទះ ហើយត្រូវបងប្អូនប្រទះឃើញ ។ ជនរងគ្រោះមានឈាមចេញតាមច្រមុះ តែគេមិនទាន់ហ៊ានធ្វើការសន្និដ្ឋានបានទេ អំពីមូលហេតុនៃការស្លាប់នេះ ព្រោះមន្ត្រីជំនាញកំពុងធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពនៅឡើយ ។
ប៉ុន្តែបើតាមសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈាមហូរតាមច្រមុះ និងមានធុំក្លិនថ្នាំពុលទៀតផង។ បើតាមក្រុមគ្រួសារបាននិយាយថា ជនរងគ្រោះមានជំងឺប្រចាំកាយប្រហែល២ឆ្នាំកន្លងមកហើយ។ ហើយមួយរយៈចុងក្រោយនេះ ជនរងគ្រោះហាក់មានអារម្មណ៍មិនល្អ តែងពោលពាក្យចង់ស្លាប់ជាញឹកញាប់ដោយប្រាប់បងប្អូន ហើយថែមទាំងបានប្រើពាក្យនេះ សរសេរសារផ្ញើទៅឪពុករបស់ខ្លួនទៀតផង ។
ពាក់ព័ន្ធនឹងការស្លាប់របស់បុរសនេះ គេសង្ស័យជនរងគ្រោះធ្វើអត្តឃាតខ្លួនឯងដោយប្រើថ្នាំពុល ព្រោះនៅទីនោះគេពិនិត្យឃើញមានដបថ្នាំពុល ដែលសេសសល់គួរឱ្យសង្ស័យបំផុត។ ទោះយ៉ាងណា ព័ត៌មានជាក់លាក់ គេនឹងអាចដឹងនៅពេលក្រោយ ព្រោះពេលនេះមន្ត្រីជំនាញកំពុងធ្វើកោសល្យវិច័យលើសពជនរងគ្រោះនៅឡើយ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ