ក្នុងនាមជាសហគ្រិនមួយរូបអ្នកគួរតែសួរខ្លួនឯងថា តើខ្ញុំចង់វិនិយោគលុយ និងកម្លាំងរបស់ខ្ញុំលើអ្វី? តើខ្ញុំនឹងវាយលុយទីផ្សារណា? តើទីផ្សារណាមួយដែលត្រូវការជំនួយពីខ្ញុំ? ចម្លើយសំណួរទាំងបីខាងលើនឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់មនុស្សដែលចូលរួម ហើយវាក៏ជាកត្តាសំខាន់ដែលជះឥទ្ធិពលលើភាពជោគជ័យរបស់អ្នកផងដែរ ។
សហគ្រិនជាច្រើនជួបការលំបាកក្នុងការធ្វើការសម្រេចចិត្តដែលត្រឹមត្រូវព្រោះពួកគេភាគច្រើនតែងតែប្រញាប់ក្នុងការអនុវត្តគំនិតដែលមានដោយមិនគិតពីមូលហេតុសំខាន់នៅពីក្រោយគំនិតនោះ ហើយថាតើអតិថិជនមានតម្រូវការលើអ្វីដែលអ្នកចង់ដាក់លើទីផ្សារទេ ។
លោក Alon Braun ដែលជាសហគ្រិនមួយរូបបានចែករំលែកលើ Entrepreneur.com ថា តម្រូវការគឺជាចំណុចសំខាន់ ហើយមនុស្សមានតម្រូវការមូលដ្ឋានសំខាន់ៗចំនួន ៧ដូចជា ភាពនឹងន ឬសុវត្ថិភាព ភាពចម្រុះ ឬភាពសប្បាយ ឋានៈ ឬសារៈសំខាន់ ក្តីស្រលាញ់ ឬមិត្តភាព ការបង្ហាញគំនិតខ្លួន ការអភិវឌ្ឍន៍ខ្លួន ឬចំណេះដឹង និងការចូលរួម ។
តម្រូវការខ្លះមានឥទ្ធិពលច្រើនជាងតម្រូវការដទៃតាមមនុស្សនីមួយៗ ។ ប៉ុន្តែជាដំបូង សហគ្រិនត្រូវតែយល់ច្បាស់ពីតម្រូវការផ្ទាល់ខ្លួនជាមុនសិន ព្រោះការធ្វើដូចនេះផ្តល់ភាពច្បាស់លាស់ និងការប្តេជ្ញាដល់សហគ្រិនឲ្យឈានទៅរកភាពជោគជ័យ ។ បន្ទាប់ពីដឹងហើយ សហគ្រិនត្រូវធ្វើការសម្រេចចិត្តលើទីផ្សារដែលស្របទៅនឹងតម្រូវការរបស់អ្នក ។ ប្រសិនបើតម្រូវការរបស់អ្នកគឺភាពសប្បាយ នោះអ្នកប្រហែលជាគួរផ្តោតសំខាន់លើយុវវ័យជាដើម ។
បន្ទាប់ពីនោះ អ្នកត្រូវយល់ដឹងពីតម្លៃ និងតម្រូវការរបស់អាជីវកម្មរបស់អ្នកដើម្បីទាក់ទាញមនុស្សដែលមានគំនិតដូចអ្នក និងចែករំលែកគោលដៅ និងតម្រូវការដូចអ្នកជាដើម ។ ភាពច្បាស់លាស់ដែលអ្នកផ្តល់ឲ្យអាជីវកម្មរបស់អ្នកនឹងបង្កើនប្រសិទ្ធិភាពការងារ និងផ្តល់ភាពងាយស្រួលក្នុងការសម្រេចចិត្តផ្សេងៗ ។
លើសពីនេះទៅទៀត លទ្ធផលដែលចេញពីអាជីវកម្មរបស់អ្នកក៏នឹងមានគុណភាពខ្ពស់ដែរព្រោះវាជាអ្វីដែលមនុស្សក្នុងអាជីវកម្មរបស់អ្នកខ្វល់ខ្វាយ និងឲ្យតម្លៃ ធ្វើឲ្យអតិថិជនជឿជាក់អ្នកកាន់តែថែមឡើងជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ