ម្ហូប និង​បង្អែម​ខ្មែរ​ត្រៀម​ស្នើ​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ពិភពលោក


រាជធានី​ភ្នំពេញ ៖ ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១​ស្តី​ពី «​លើកកម្ពស់​គុណ​តម្លៃ​ប្រពៃណី និង​បេតិកភណ្ឌ ដើម្បី​ការ​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​ចិ​រ​ភាព​» បាន​លើក​ឡើង​ពី​ការ​ត្រៀម​ស្នើ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ដាក់​ម្ហូប និង​បង្អែម​ខ្មែរ​មួយ​ចំនួន​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ ។

លោក​ថោ​ង រដ្ឋ​សក្ដិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍​បាន​ថ្លែង​ថា តាម​រយៈ​នៃ​កិច្ច​ពិភាក្សា និង​ស្មារតី​សន្និសីទ​អន្តរជាតិ​លើក​ទី​១​នេះ ក្រសួងទេសចរណ៍​ទទួល​បាន​ធាតុ​ចូល​ថ្មី​បន្ថែម​ទៀត​ក្នុង​ការ​ដឹកនាំ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព ពិសេស​ផ្នែក ទេសចរណ៍​ម្ហូបអាហារ​ដើម្បី​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ។ អ្វី​ដែល​បាន​រំលេច​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​នោះ​ផង​ដែរ គឺ​អង្គ​សន្និសីទ​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ដាក់​ម្ហូប​ខ្មែរ​ចំនួន​៥​រួម​មាន ៖ សម្លកកូរ សម្លម្ជូរគ្រឿង​ខ្មែរ សម្លប្រហើរ ហហ្មុក និង​នំ​បញ្ចុក ព្រមទាំង​បង្អែម​ខ្មែរ​ចំនួន​៥​មុខ រួម​មាន ៖ នំអន្សម នំ​ចក្ក​ច័ន ដំណើប​សង់ខ្យា នំផ្លែអាយ និង​នំស្លឹកស្រស់ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ ( UNESCO ) ។

អង្គ​សន្និសីទ​ក៏​បាន​ស្នើ​ឲ្យ​មាន​ប្រតិការ​ប្រចាំឆ្នាំ «​ស​ប្តា​ហ៍​ម្ហូប​ខ្មែរ​» ដែល​ត្រូវ​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​ម្ហូបអាហារ​ខ្មែរ ហើយ​គ្រប់​ស្ថាប័ន​តំណាង និង​អង្គទូត​កម្ពុជា នៅ​ក្រៅប្រទេស គួរ​ប្រារព្ធ​ពិធី​នេះ ដោយ​រៀបចំ​ជា​ការ​ទទួលភ្ញៀវ​ជាតិ អន្តរជាតិ​ជា​មិត្ត ។ ទន្ទឹម​នោះ​ក្រសួងទេសចរណ៍​គួរ​បន្ត​រៀបចំ​ស​ន្នី​សី​ទ​អន្តរជាតិ​នេះ​ជា​បន្តបន្ទាប់ ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​និវត្តន៍ ចែករំលែក​បទ​ពិសោធន៍ ទទួល​បាន​បច្ចុប្បន្នភាព​នៃ​និន្នាការ​ទេសចរណ៍​សាកលលោក និង​តំបន់​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ម្ហូបអាហារ​នេះ ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការ​ស្នើ​ដាក់​បញ្ចូល​ម្ហូបអាហារ​ខ្មែរ​៥​មុខ រួម​ទាំង​បង្អែម​ខ្មែរ​៥​មុខ ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ ដែល​បាន​ស្នើ​ដោយ​អង្គ​សន្និសីទ​អន្តរជាតិ ប៉ុន្តែ​លោក​ថា តាម​ដឹង​នៅ​មាន​ម្ហូបអាហារ​បង្អែម​ខ្មែរ​ច្រើន​មុខ​ទៀត​ដែល​នឹង​ត្រូវ​ស្នើ​ទៅ​យូ​ណេ​ស្កូ​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ដូច​ជា​បបរស្ករ​ផ្លែ​ត្នោត​ខ្ចី ចេក​ខ្ទឹះ ជាដើម​សុទ្ធ​សឹង​ជា បង្អែម​ដែល​ខ្មែរ​យើង​ធ្វើ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ណាស់​ហើយ​ពេញ​និយម​ថែម​ទៀត ។ ដូច្នេះ​គប្បី​ក្រសួងទេសចរណ៍​បន្ត​សហការ​ជាមួយ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​មុខម្ហូប​អាហារ និង​បង្អែម​ខ្មែរ​ច្រើន​ទៀត ដើម្បី​ស្នើ​ដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ​បន្ថែម​ទៀត ។

អង្គ​សន្និសីទ​អន្តរជាតិ លើក​ទី​១ នេះ បាន​ដំណើរការ​ពេញ​១​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៩ ដោយ​មានការ​ចូលរួម​ពី​តំណាង​មន្ត្រីជាន់ខ្ពស់ ពី​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) អង្គការ UNESCO ក្រសួង​-​ស្ថាប័ន​ជាតិ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សមត្ថកិច្ច​ពាក់ព័ន្ធ វាគ្មិន​ជាតិ​-​អន្តរជាតិ អ្នក​ស្រាវជ្រាវ អង្គការ​ជាតិ​-​អន្តរជាតិ ដៃគូ អភិវឌ្ឍន៍ សាកលវិទ្យាល័យ និង​សាលា​បណ្តុះ បណ្តាល​វិជ្ជាជីវៈ ផ្នែក​ឯកជន សិស្ស​-​និស្សិត ជាង​៦០០​នាក់ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ