សម្រស់​ជីវចម្រុះ​បាតសមុទ្រ​តំបន់​កោះតាង


រាជធានី​ភ្នំពេញ ៖ ទោះបីជា​គម្រោង​នៃ​ការ​ការពារ និង​អភិរក្ស​ជីវចម្រុះ​បាតសមុទ្រ​នៅ​មាន​កម្រិត ហើយ​អ្នកទេសចរ​ដែល​ទៅ​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ជីវចម្រុះ​បាតសមុទ្រ​តំបន់​កោះ តាង​នៅ​តិចតួច ប៉ុន្តែ​អ្នក​ដែល​បាន​ទៅ​មើល​ដោយ​ផ្ទាល់​ភ្នែក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​មិន​នឹក​ស្មានថា បាតសមុទ្រ​នៃ​តំបន់​កោះតាង​ពោរពេញ​ដោយ​ជីវភាព​ចម្រុះ​ដ៏​ស្រស់​ស្អាត ។

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៥០​ទៅ​៦០​គីឡូម៉ែត្រ​ពី​ដែន​គោក​នៃ​ខេត្ត​ព្រះ​សីហ​នុ តំបន់ កោះតាង​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​កណ្តាល​សមុទ្រ និង​ពោរពេញ​ដោយ​ភោគទ្រព្យ​ធម្មជាតិ និង​ខ្យល់អាកាស​បរិសុទ្ធ​គួរ​ឲ្យ​ចង់​ស្រូប​និង​សម្រាក​កម្សាន្ត ប៉ុន្តែ​មិន​នឹក​ស្មានថា នៅ​បាតសមុទ្រ​នៃ​តំបន់​កោះតាង កាន់តែ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ព្រឺព្រួច និង​រំភើប​ថែម​ទៀត​នៅ​ពេល​ដែល​សម្រស់​នៃ​ផ្កាថ្ម និង​ជីវចម្រុះ​បាន​រំលេច​ខ្លួន​ព្រោងព្រាត​បញ្ចេញ​ពណ៌​ចម្រុះ​ស្រស់ បំព្រង​មើលទៅ​គួរ​ឲ្យ​ត្រជាក់ចិត្ត​ក្រៃ​លែង ។

មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​ជួរ​មុខ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​លោក​ឧត្តមនាវីឯក​ទៀ សុខា ដែល​បាន​មើលឃើញ​ផ្ទាល់​ភ្នែក ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ជីវចម្រុះ​បាតសមុទ្រ​នៅ​តំបន់​កោះតាង ខេត្ត​ព្រះ​សីហ​នុ ស្រស់​ស្អាត​ណាស់​មិន​ចាញ់​ជីវចម្រុះ​ក្នុង​បាតសមុទ្រ​ប្រទេស​នានា​លើ​សកលលោក​នោះ​ឡើយ ។ លោក​បាន​សន្យា​ថា នឹង​ខិតខំ​ថែរក្សា​ដោយ​យកចិត្តទុកដាក់​នូវ​ជីវចម្រុះ​បាតសមុទ្រ​នេះ​ដើម្បី​ឈាន​ទៅ​អភិរក្ស​នៅ​ពេល​ខាង​មុខ​សំដៅ​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ ។
លោក​ឧត្តមនាវីឯក​ទៀ សុខា បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​ជួយ​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​កម្ពុជា​យើង​ដើម្បី​ខ្លួនឯង ដើម្បី​កូនចៅ​យើង និង​ដើម្បី​ប្រទេស​ជាតិ​យើង​ទាំងមូល​ផង​ដែរ ។

លោក​ទៀ សុខា បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​ការពារ​ថែរក្សា​ធនធានធម្មជាតិ​បាតសមុទ្រ​របស់​កម្ពុជា​យើង​ឲ្យ​អស់ពី​លទ្ធភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ហើយនឹង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​អភិរក្ស​ធនធាន​បាតសមុទ្រ និង​គាំទ្រ​គម្រោង​បង្កើត​ឧទ្យាន​ជាតិ​បាតសមុទ្រ ដើម្បី​ទុកជា​សម្បត្តិ​មរតក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​ទស្សនា ។ លោក​ទៀ សុខា បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​អាច​អញ្ជើញ​ទៅ​ទស្សនា​ហ្វូង​មច្ឆា ផ្កាថ្ម ស្មៅ​សមុទ្រ និង​ជីវចម្រុះ​ក្នុង​បាតសមុទ្រ​កោះតាង​បាន​ដោយសារ​មាន​ក្រុម​ស្ម័គ្រចិត្ត​ជំនាញ​ជនជាតិ​ខ្មែរ ថៃ និង​អង់គ្លេស ដែល​ពួក​គេ​សុទ្ធតែ​មានបទពិសោធន៍​យូរ​ឆ្នាំ និង​ជំនាញ​ច្បាស់លាស់​ពី​បរទេស​ពី​របៀប​បង្ហាត់បង្រៀន​មុជ​ចូល​បាតសមុទ្រ ប្រកបដោយ​សុវត្ថិភាព និង​សប្បាយ​រីករាយ ។

ទាក់ទង​នឹង​ជីវចម្រុះ​បាតសមុទ្រ​នេះ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​ស្ថាប័ន​ជលផល​ក៏​បាន​ប្រជុំ​ជា​បន្តបន្ទាប់​ដើម្បី​ការពារ និង​អភិរក្ស​ផ្កាថ្ម និង​ជីវចម្រុះ​បាតសមុទ្រ បន្ទាប់​ពី​សកម្មភាព​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ បាន​ធ្វើ​ឲ្យ ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​ការ​រស់រាន​របស់​ពពួក​ផ្កាថ្ម​ត្រូ​ពិ​ក ដែល​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន ការ​ធ្លាក់​ចុះ​នៃ​ភាព​ទាក់ទាញ​សម្រាប់​សកម្មភាព​ទេសចរណ៍ ព្រមទាំង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​សក្តានុពល​សេដ្ឋកិច្ចជាតិ ។

ទាំង​អស់នេះ គឺ​ដោយសារ​តែ​ទម្លាប់​នៃ​ការ​ធ្វើ​អាជីវកម្ម​គ្មាន​និរន្តរភាព​ក្នុង​តំបន់​ផ្កាថ្ម​ធ្វើ​ឲ្យ វិនាស​ផុត​ពូជ​សត្វ និង​រុក្ខជាតិ​ដែល​ទំនង​អាច​ឈាន​ទៅ​រក​ការ​ឈប់​កកើត​ឡើង​វិញ​នៃ​ប្រព័ន្ធ អេកូឡូស៊ី​ផ្កាថ្ម​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ