ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងធ្លាក់ខ្លាំង…ធ្វើឱ្យទឹកទន្លេមេគង្គហក់ឡើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយមបាន​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​រង​សម្ពាធទាបនាំ​ឲ្យ​តំបន់​មួយ​ចំនួន​រងទឹក​ភ្លៀងខ្លាំង ដែល​ធ្វើ​ឲ្យ​ស្ថានីយ​ជល​សាស្ត្រ​នានា ​មានការ​កើនឡើងកម្ពស់​ទឹក តែ​ទោះជា​បែប​ណា​​មិន​ដល់​កម្ពស់​ប្រុង​ប្រយ័ត្ន​ទេ ។ យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចេញ​ផ្សាយ​​នៅ​ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយមបាន​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​រង​សម្ពាធទាបនាំ​ឲ្យ​តំបន់​មួយ​ចំនួន​រងទឹក​ភ្លៀងខ្លាំង ដែល​ធ្វើ​ឲ្យ​ស្ថានីយ​ជល​សាស្ត្រ​នានា ​មានការ​កើនឡើងកម្ពស់​ទឹក តែ​ទោះជា​បែប​ណា​​មិន​ដល់​កម្ពស់​ប្រុង​ប្រយ័ត្ន​ទេ ។ យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចេញ​ផ្សាយ​​នៅ​ថ្ងៃ​ទី​២១ ខែសីហា ស្តី​ពី​ស្ថាន​ភាព​ទឹកជំនន់​ទន្លេមេគង្គ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ​និង​​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​ជា​ប្រចាំ​រួច​មក ក្រសួង​ធនធានទឹក​និង​ឧតុនិយម សូម​ជម្រាប​ជូន​ដំណឹង​​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ កន្លង​មកនេះ មាន​ប្រព័ន្ធ​សម្ពាធ​ទាប​(ITCZ) មួយ បាន​កើតឡើង និង​កំពុង​អូស​កាត់​លើ​អាង​ទន្លេមេគង្គ ចាប់ពី​ប្រទេស​វៀតណាម​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

ប្រព័ន្ធ​សម្ពាធ​ទាប​នេះ ក៏​មាន​ឥទ្ធិពល​ផង​ដែរទៅ​លើ​ប្រទេស​ឡាវ ថៃ និង​ប្រទេស​កម្ពុជា ពិសេស​តំបន់​ខ្ពង់រាប​ភាគ​ឦសាន តំបន់​ផ្ទៃ​រងទឹកភ្លៀង​នៃ​ទន្លេសេកុង ទន្លេសេសាន និង​ទន្លេ​ស្រែពក ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​២១ ខែសីហាឆ្នាំ​២០១៩ តទៅ ។ ប្រភព​បន្ត​ថា ការ​ធ្លាក់​ភ្លៀង​ខាងលើ​នឹង​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​កើន​ឡើងជា​បន្តបន្ទាប់ ក្នុង​នោះ​មាន ៖

១-​ស្ថានីយ​ជល​សាស្ត្រ​ស្ទឹង​ត្រែង ទឹក​អាច​ឡើង​ដល់​កម្ពស់​៨,៥០​ម៉ែត្រ នៅ​ទាប​ជាង​កម្រិតកម្ពស់​ត្រូវ​ប
្រុង​ប្រយ័ត្ន​(​កម្ពស់​ប្រុង​ប្រយ័ត្ន ១០,៧០ម៉ែត្រ​) ។២-​ស្ថានីយ​ជល​សាស្ត្រ​ក្រចេះ ទឹក​អាច​ឡើង​ដល់​កម្ពស់​១៨,៥០ ម៉ែត្រ នៅ​ទាប​ជាង​កម្រិត​កម្ពស់​ប្រុង​ប្រយ័ត្ន​(​កម្ពស់​ប្រុង​ប្រយ័ត្ន​២២​ម៉ែត្រ​)​។៣-​ស្ថានីយ​ជល​សាស្ត្រ​កំពង់ចាម ទឹក​អាច​ឡើង​ដល់​កម្ពស់​១០​ម៉ែត្រ នៅ​ទាប​ជាង​កម្រិត​កម្ពស់​ប្រុង​ប្រយ័ត្ន​(​កម្ពស់​ប្រុង​ប្រយ័ត្ន​១៥,២០ ម៉ែត្រ​)​។ ៤-​រីឯ​នៅ​ទន្លេមេគង្គ​ក្រោម ទន្លេសាប និង​ទន្លេបាសាក់ ទឹក​បន្ត​ឡើងជា​បន្ត​បន្ទាប់ ។

ជា​រួម ស្ថានភាព​ទឹកទន្លេ​ឡើង​ក្នុង​ពេល​នេះ អាច​ចាត់​ចូល​ជា​ការ​ហក់​ឡើង​អតិបរមា​លើក​ទី​១​។ ជា​ទូទៅ ទឹកទន្លេ​មេគង្គ​តែងតែ​ហក់​ឡើង​២​ដង ក្នុង​មួយ​ឆ្នាំ​ៗ ដែល​ហៅ​ថា​អតិបរមា​លើក​ទី​១ និង​អតិបរមា​លើក​ទី​២ ។

ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​អំពាវនាវ​និង​ជូនដំណឹង​ដល់​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ជា​ពិសេស​បងប្អូន​ប្រជា​កសិករ ដែល​ប្រកប​របរ​កសិកម្ម​នៅ​អម​សងខាង​ទន្លេ​ទាំងអស់ រួសរាន់​ក្នុង​ការ​ប្រមូល​កសិផល និង​សូម​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ