ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតលោកយាយ៨៥ឆ្នាំ…តែលតោល​ប្រឹង​​រកប្រឹង​រស់​​​​ ទំរាំ​ដល់​ថ្ងៃ​ស្លា.ប់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជីវិត​តែលតោល​គួរ​ឱ្យ​អនិច្ចា​ពន់ពេក​ណាស់ ​ដែល​លោកយាយ គ្រី ណៃ អាយុ​៨៤​ឆ្នាំ ឈាន​ចូល​៨៥​ឆ្នាំ​ហើយ​នេះ​ ត្រូវ​រស់​ទីពឹង​ខ្លួនឯង​រង់ចាំ​ថ្ងៃ​ស្លាប់ ខុស​ពី​ជន​ចាស់ជរា​ដទៃ​ទៀត​មាន…

ខេត្តបាត់ដំបង ៖ ជីវិត​តែលតោល​គួរ​ឱ្យ​អនិច្ចា​ពន់ពេក​ណាស់ ​ដែល​លោកយាយ គ្រី ណៃ អាយុ​៨៤​ឆ្នាំ ឈាន​ចូល​៨៥​ឆ្នាំ​ហើយ​នេះ​ ត្រូវ​រស់​ទីពឹង​ខ្លួនឯង​រង់ចាំ​ថ្ងៃ​ស្លាប់ ខុស​ពី​ជន​ចាស់ជរា​ដទៃ​ទៀត​មាន កូន​មាន​ចៅ​ថែទាំ​ឱ្យនៅ​តែ​វត្ត​រក្សាសីល​ទាន​សន្សំ​កុសល​សម្រាប់​ជាតិ​ខាង​មុខ ។ ជីវិត​ឯកោ​របស់​លោកយាយ ណៃ ផ្ទុយ​ស្រឡះ ព្រោះរៀងរាល់ថ្ងៃ​លោកយាយ​តែងតែ​ជិះ​កង់​លក់​នំ និង​ផ្លែ​ឈូក​តាម​ផ្លូវ​សាធារណៈ និង​ចូល​តាម​ហាង​គុយទាវ សួរ​ភ្ញៀវ​តាម​តុ ឲ្យ​ជួយ​ទិញ​នំ​របស់​គាត់​ដោយ​ស្ម័គ្រចិត្ត ព្រោះ​ជា​មុខរបរ​សម្រាប់​ជីវភាព​របស់​គាត់​ប្រចាំ​ថ្ងៃ ។

ជួប​ជាមួយ​កោះសន្តិភាព​ លោកយាយ​បាន​ប្រាប់​ថា គាត់​រស់នៅ​ជាមួយ​គេ​ជា​មនុស្ស​រាប់អាន​គ្នា និង​បាន​ស្គាល់គ្នា​ពី​សម័យ​ប៉ុ​ល ពត ។ គាត់​គ្មាន​សាច់ញាតិ​បងប្អូន​អ្វី​ទាំងអស់ ដោយសារ​ពួក​គេ​បាន​ស្លាប់​នៅ​ក្នុង​ជំនាន់​ប៉ុ​ល ពត​អស់រលីង​ហើយ សព្វថ្ងៃ​គាត់​ផ្ញើខ្លួន​ប្រាណ​ស្នាក់​នៅ​ជាមួយ​អ្នក​ផ្សេង តែ​សន្តាន​ចិត្ត​គេ​ល្អ បន្ត​ឲ្យ​រស់នៅ​ជាមួយ​ប្រមាណ​ជាង​៣០​ឆ្នាំ​មក​ហើយ ។

លោក លី សេង អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​បែក​ចាន សង្កាត់​​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​បញ្ជាក់​ថា ជំនាន់​ប៉ុ​ល ពត គាត់​រស់នៅ​ភូមិ​តា​ប៉ុន (​ក្នុងស្រុក​សង្កែ​សព្វថ្ងៃ​) ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​តំបន់​ចាម​រអា ឫស្សី​ក្រាំង និង​តំបន់​ជួរ​ភ្នំ​ក្រ​វ៉ា​ញ ។ លុះ​ត្រឡប់​ចេញពី​សម័យ​ប៉ុ​ល ពត​មក​វិញ ក៏​បាន​មក​ស្នាក់​នៅ​ជុំ​គ្នា​ជាមួយ​លោកយាយ គ្រី ណៃ កាលនោះ​គាត់​មាន​អាយុ​ជិត​៥០​ឆ្នាំ ។ ពេល​រស់នៅ​ជាមួយ​គ្នា​លោកយាយ​បាន​ចេញ​ទៅ​រក​អង្ករ ស្រូវ​នៅ​តាម​វាល​ស្រែ​បាន​មក តែងតែ​ចែករំលែក​គ្នា​ទៅ​វិញ​ទៅ​មក ជាមួយ​ក្រុម​គ្រួសារ​គាត់ ។

តាំងពី​ពេល​នោះ​មក យើង​រស់នៅ​ជាមួយ​គ្នា​ដូច​បងប្អូន ទើប​គាត់​ចេះ​តែ​បន្ត​រួមរស់​ជាមួយ​គ្នា​រហូត​មក ដោយ​បាន​ចាត់​ទុក​ថា លោក​យាយ​ជា​ព្រះ​នៅ​ក្នុងផ្ទះ រហូត​ដល់​ឥឡូវ ក្នុង​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​គាត់​មាន​បន្ទុក​៧​នាក់ ថែម​ទាំង​ជួយ​ថែរ​រក្សា​លោកយាយ​ម្នាក់​ទៀត បាន​រៀបចំ​ឲ្យ​គាត់​មាន​កន្លែង​ស្នាក់​នៅ រួម​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ​។ ការ​ទទួលទាន​ប្រចាំ​ថ្ងៃ លោកយាយ​មិន​ចង់​រំខាន ឬ​ដាក់បន្ទុក​ដល់​គ្រួសារ​គាត់​ឡើយ គឺ​គាត់​តែងតែ​ពិសា​របាយ​ផ្សេង​តែ​ម្នាក់ឯង ។ ចំណែក​ក្រុម​គ្រួសារ​ខ្ញុំ​គាត់​ក៏​មិន​ដែល​មើល​រំលង​ដែរ បើ​លោកយាយ​មានការ​ខ្វះខាត តែងតែ​ជួយ​បន្ត​ឧបត្ថម្ភ​នៅ​ពេល​គាត់​ខ្វះខាត ឬ​គាត់​ឃ្លាន ។

លោក លី សេង បន្ត​ថា ពេល​នេះ​ខ្លួន​គាត់​កាន់តែ​ចាស់ជរា ហើយ​គ្មាន​ទីពឹង​ទៀត បើ​ឲ្យ​គាត់​ចេញ​ទៅ​រស់
នៅ​ក្រៅពី​ផ្ទះ​គាត់​នោះ គឺ​ភាព​តែលតោល ផ្តល់​ការ​លំបាក​ដល់​គាត់​ជាក់​ជា​មិន​ខាន​ឡើយ ម្ល៉ោះហើយ​ទើប​សព្វ​ថ្ងៃនេះ​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ចាត់​ទុក​ថា យើង​កំពុង​ជួយ​ស្រង់​ព្រះ​ដែល​កំពុង​មាននៅ​ជាមួយ​យើង​រហូត​ទី​បញ្ចប់​ចុង​ក្រោយ​តាម​ផល​បុណ្យ​របស់​គាត់​ទៅ​ចុះ ។ ចំពោះ​ការ​ចេញ​លក់​នំ​ពេល​ព្រឹក​ៗ​នេះ គឺ​មាន​គេ​អ្នក​ជិតខាង​ដែល​អាណិត​គាត់ បាន​ផ្តល់​ឲ្យ​គាត់​យកនំ​ទៅ​លក់ ពេល​ត្រឡប់​មក​វិញ គេ​សុំ​ដក​យក​តែ​ដើម​វិញ​ប៉ុណ្ណោះ លុយ​ចំណេញ​ទុក​ឲ្យ​គាត់ ។

លោកយាយ គ្រី ណៃ បាន​បញ្ជាក់​ប្រាប់​ថា រៀង​រាល់​ព្រឹក​ម៉ោង​៦​កន្លះ​គាត់​តែងតែ​ជិះ​កង់​ចេញពីផ្ទះ​ដឹក​នំ ទៅ​លក់​រហូត​ដល់​ម៉ោង​៩​ឬ​ម៉ោង​១០​ព្រឹក ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​ពី​៤​ពាន់​រៀល ទៅ​៥​ពាន់​រៀល​ដែរ ក្នុង​មួយ​ព្រឹក​។ មាន​ពេល​ខ្លះ​គាត់​មិន​បាន​ត្រឡប់​មក​ចូល​ផ្ទះ​វិញ​ទេ គឺ​គាត់​ចូល​ទៅ​វត្ត​សង្កែ ដើម្បី​បាន​បំរើ​លោក​ខ្លះ និង​បាន​បាយ​ទឹក​ខ្លះ​គ្រាន់​ចម្អែត​ក្រពះ​មួយ​ពេល​ៗ តែ​មាន​ពេល​ខ្លះ​ភ្ញៀវ​តាម​តុ​គុយទាវ កាហ្វេ មិន​បាន​ជួយ​ទិញ​នំ​គាត់​ទេ ឃើញ​អាណិត គឺ​មាន​តែ​ជូន​ប្រាក់​បន្តិចបន្តួច​ដល់​គាត់​ដោយ​ស្មោះ​ទុក​ឱ្យ​គាត់​ចាយ​តាម​តម្រូវការ និង​មាន​អ្នកខ្លះ​បាន​ទិញ​ជា​បាយ​កញ្ចប់​ឲ្យ​គាត់​ទុក​ពិសា​ខ្លួន​គាត់​មួយ​ពេល​ៗ​ផង​ដែរ ។

លោក លី សេង បាន​បញ្ជាក់​បន្ថែម​ថា លុយ​ដែល​គាត់​សន្សំ​ពី​ការ​លក់​នំ​បាន​នោះ គឺ​គាត់​សន្សំ​គ្រាន់​ទុក​ពេល​គាត់​មាន​ជំងឺ​តែ​ប៉ុណ្ណោះ ពីព្រោះ​គាត់​ចាស់ជរា ហើយ​មាន​រោគ​តម្រងនោម និង​ពោះវៀន ច្រើន​តែ​ថ្ងូរ​ថា​អស់កម្លាំង ។ លោក​បាន​ហាម​គាត់​ឲ្យ​ឈប់​ចេញ​ទៅ​លក់​ទៅ ព្រោះ​យាយ​ចាស់​ហើយ តែ​គាត់​នៅ​មិន​សុខ ណាមួយ​ពេល​មិន​បាន​ចេញ​ទៅ​លក់ គឺ​ឈឺ​ភ្លាម ដែល​កន្លង​មក​ធ្លាប់​ចូល​ពេទ្យ​ធំ​២​ដង​រួច​មក​ហើយ (​ពេទ្យ​រដ្ឋ​) មិន​បាន​តម្រូវ​ឲ្យ​គាត់​បង់លុយ​ឡើយ (​ឃើញ​ភាព​ចាស់ជរា​) ។

កាលពី​ជិត​១​ខែ​មុន​នេះ​គាត់​អស់កម្លាំង​ពេក​បាន​ទៅ​រក​ពេទ្យ​ឯកជន (​ម្តុំ​ពេទ្យ​យាយជី​) ដែល​សេវាកម្ម​បាន​លឿន តែ​ត្រូវ​បង់ថ្លៃ​ព្យាបាល​ចំនួន​២៣​ម៉ឺន​រៀល ទាំង​ថ្លៃ​ថ្នាំ និង​សេរ៉ូម ដែល​ខ្លួន​គាត់​គ្មាន​លុយ​ក្នុង​ខ្លួន​មិន​គ្រប់ តែ​បាន​អ្នក​ជិតខាង​បាន​រៃ​លុយ​គ្នា និង​ខ្លួន​គាត់​ម្ចាស់ផ្ទះ​ជួយ​បង្គ្រប់ ទើប​សង​ពេទ្យ​រួច ។ លោក លី សេង ក៏​បាន​អំពាវនាវ​ដែរ​ថា បើ​បងប្អូន​ណា​មាន​ក្តី​មេត្តា​ចង់​ចូលរួម​ចំណែក ជួយ​គាត់ អាច​ជួប​គាត់​បាន វេលា​រៀង​រាល់​ព្រឹក​ចាប់ពី​ម៉ោង​៧​កន្លះ​ទៅ គាត់​លក់​នំ​នៅ​ម្តុំ​ហាង​គុយទាវ​ម្លប់​ស្វាយ ក្រុង​បាត់ដំបង ៕

អត្ថបទសរសេរ ដោយ