ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះសន្តិភាព ជួបសម្ភាសន៍ឯកអគ្គរដ្ឋទូតឥណ្ឌូ​ណេ​ស៊ី​កម្ពុជា និងឥណ្ឌូ​ណេ​ស៊ី​ក្នុងដំណើរផ្លូវការទូត៦០ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​ការ​ចាប់ផ្តើម​ទំនាក់ទំនង​ការទូត​អស់​រយៈពេល​៦០​ឆ្នាំ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស ឥណ្ឌូ​ណេ​ស៊ី លោក​ស៊ូ ឌី​ម៉ា​ន់ ហា​សេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ…

បន្ទាប់​ពី​ការ​ចាប់ផ្តើម​ទំនាក់ទំនង​ការទូត​អស់​រយៈពេល​៦០​ឆ្នាំ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស
ឥណ្ឌូ​ណេ​ស៊ី លោក​ស៊ូ ឌី​ម៉ា​ន់ ហា​សេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ នៅ​កម្ពុជា បាន​មើលឃើញ​ពី​ភាព​លូតលាស់​នៃ​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​ផ្តល់​សម្ភាសន៍​ផ្តាច់មុខ​មួយ​ដល់ «​សារព័ត៌មាន​កោះសន្តិភាព​» ។ ខាងក្រោម​នេះ​គឺជា​ខ្លឹមសារ​ទាំងស្រុង​នៃ​បទ​សម្ភាសន៍​នោះ ។

សំណួរ ៖ តើ​លោក​មានការ​វាយតម្លៃ​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ីក្នុង​អាណត្តិ​របស់​លោក​យ៉ាងណា​ដែរ ? ចម្លើយ ៖ ខ្ញុំ​ពិតជា​រីករាយ​ដែល​បានដឹង​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​និង​ប្រទេស​កម្ពុជា មាន​ទំនាក់ ទំនង​មិត្តភាព​យ៉ាង​ស្អិតរ​មួ​ត និង​ទំនាក់ទំនង​ប្រកបដោយ​ការ​ស្ថាបនា ក្នុង​វិស័យ​សហប្រតិបត្តិការ​ផ្សេង​ៗ​គ្នា​ជា​ច្រើន ។ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ គឺ​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​ចាប់តាំងពី​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព នា​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩៥៩ ។ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ដើរតួ​នាទី​សម្រាប់​ដំណើរការ​ផ្សះផ្សា និង​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា ជា​ពិសេស​រហូត​ដល់​កម្ពុជា​ទទួល​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​នៅ​ឆ្នាំ​១៩៩១ ។ ឥណ្ឌូ​ណេ​ស៊ី​ក៏​បាន​ស្វាគមន៍​និង​គាំទ្រ​ដល់​សមាជិកភាព​របស់​កម្ពុជា​នៅ​ក្នុង​អាស៊ាន​ក្នុង​ឆ្នាំ​១៩៩៩​ផង​ដែរ ។

តាំងពី​ថ្ងៃ​ដំបូង​នៃ​អាណត្តិ​របស់ខ្ញុំ​នៅ​ទី​នេះ ខ្ញុំ​និង​បុគ្គលិក​ស្ថានទូត​កំពុង​ខិតខំ​ពង្រឹង និង​ពង្រីក​មិត្តភាព​និង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី មិន​ត្រឹមតែ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រវាង​ប្រជាជន​និង​ប្រជាជន និង​រវាង​អាជីវកម្ម​និង​អាជីវកម្ម​ផង​ដែរ ។ យ៉ាងណាមិញ មានការ​ងារ​សំខាន់​មួយ​ចំនួន​ក្នុង​ចំណោម​កិច្ចការ​ផ្សេង​ទៀត ដែល​បាន​កើត​មាន​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក គឺ​មាន​ដូច​ជា​៖ -​គណៈកម្មការ​ចម្រុះ​ទ្វេភាគី​ទី​៤ នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដែល​ត្រូវ​បាន​ពន្យារពេល​ចាប់តាំងពី​១២​ឆ្នាំ​នោះ ចុង​ក្រោយ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣-៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សា​ការ​តា ដោយ​មាន​វត្តមាន​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ ។ -​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) លើ​វិស័យ​សំខាន់​ជា​ច្រើន ដូច​ជា​វិស័យ​ទេសចរណ៍ វប្បធម៌ និង​សុខភាព ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ពិភាក្សា​ហើយ​រំពឹង​ថា​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​នេះ ។ -​ពិធី​សម្ពោធ​បើក​ការ​ហោះហើរ​ត្រង់ The Citilink ជា​លើក​ដំបូង​សម្រាប់​ការ​ហោះហើរ​ផ្ទាល់​ពី​ទីក្រុង​ហ្សា​ការ​តា ទៅ​ទីក្រុង​ភ្នំ ត្រូវ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ ដែល​នឹង​ពង្រឹង​កា​រត​ភ្ជាប់​នៃ​ប្រជាជាតិ​យើង​ទាំង​ពីរ ។ -​ពិធី​សម្ពោធ​វិមាន​មិត្តភាព​នៅ​ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​អភិបាលខេត្ត​កំពង់ធំ -​ការ​សម្តែង​វប្បធម៌​រួម​គ្នា​កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១៩ ជាមួយនឹង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ត្រូវ​បាន​ចូលរួម​ដោយ​កិត្តិយស​នៃ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម​-​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វត្តមាន​របស់​អ្នកសម្របសម្រួល​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​មនុស្ស​និង​វប្បធម៌​ឥណ្ឌូ​ណេ​ស៊ី លោកស្រី Puan Maharani ។ -​ការ​វាយកូនគោល​មិត្តភាព រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ របស់​ក្រសួងការពារជាតិ​និង​ត្រូវ​បាន​ចូល​រូ​ម​ដោយ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ។

សំណួរ ៖ តើ​លោក​អាច​ជម្រាប​ជូន​បាន​ទេ អំពី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ? ចម្លើយ ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​ឥណ្ឌូ​ណេ​ស៊ី​និង​ប្រទេស​កម្ពុជា​បាន​និង​កំពុង​រីក​ចម្រើន​ជា​លំដាប់​ទៅ​រក​និន្នាការ​វិជ្ជមាន​មួយ ។ នៅ​ឆ្នាំ​២០១៨ តុល្យភាព​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ឈាន​ដល់ 558.619 លាន​ដុល្លារ​អា​មេ​រិ​ក (​ក្នុង​នោះ​ការ​នាំ​ចេញ​របស់​ឥណ្ឌូ​ណេ​ស៊ី​មាន​ចំនួន​525.597​លាន​ដុល្លារ​អា​មេ​រិ​ក និង​ការ​នាំ​ចូល​របស់​កម្ពុជា​មាន​ចំនួន 33.022 លាន​ដុល្លារ​អា​មេ​រិ​ក​) ។ និន្នាការ​ពាណិជ្ជកម្ម​ចាប់ពី​ឆ្នាំ​2014-2018 (7.11%) ជាមួយនឹង​និន្នាការ​នាំ​ចេញ​របស់​ឥណ្ឌូ​ណេ​ស៊ី 6.69% និង​និន្នាការ​នាំ​ចូល​របស់​កម្ពុជា 15.38% ។ ក្នុង​រយៈពេល​ពី​ខែមករា​ដល់​ខែមេសា​ឆ្នាំ​2019 តុល្យភាព​ពាណិជ្ជកម្ម​បាន​កើនឡើង​ដល់ 196.266 លាន​ដុល្លារ​អា​មេ​រិ​ក (​កើនឡើង 10.48%) ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ 2018) ។ នៅ​ក្នុង​រយៈពេល​នេះ​ការ​នាំ​ចេញ​របស់​ឥណ្ឌូ​ណេ​ស៊ី​កើនឡើង 7.75% និង​ការ​នាំ​ចូល​របស់​កម្ពុជា​មាន 54.18% ។សំណួរ ៖ តើ​ផលិតផល​សំខាន់​ៗ​អ្វីខ្លះ​របស់​ឥណ្ឌូ​ណេ​ស៊ី ដែល​ត្រូវ​បាន​នាំ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ? តើ​ផលិតផល​អ្វីខ្លះ​ដែល​ឥណ្ឌូ​ណេ​ស៊ី​នាំ​ចូល​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ? ចម្លើយ ៖ ឥណ្ឌូ​ណេ​ស៊ី​នាំ​ចេញ​ទៅ​កម្ពុជា​នូវ​ផលិតផល​ដូច​ជា ថ្នាំជក់ ប្រេង​រ៉ែ យានយន្ត ក្រដាស គ្រឿង​ម៉ាស៊ីន ផលិតផល​ឱសថ ចំណីអាហារ​និង​ភេ​ជ្ជ​សៈ​ជាដើម ។

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ឥណ្ឌូ​ណេ​ស៊ី​មាន​ដូច​ជា​៖ សម្លៀក​បំពាក់ គ្រឿង​សម្លៀក​បំពាក់ ស្បែកជើង កៅស៊ូ ផលិតផល​ប្លា​ស្ទិ​ក និង​គ្រឿង​ប្រើប្រាស់​ផ្សេង​ៗ​ទៀត ។​ល​។ សំណួរ ៖ បច្ចុប្បន្ន​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ។ ដូច្នេះ​តើ​លោក​ជម្រាប់​ជូន​បាន​ទេ​ថា តើ​លោក​មាន​ផែនការ​ទាក់ទាញ​អ្នកទេសចរ​កម្ពុជា​ទៅ​ទស្សនា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ? ចុះ​ចំណែក​ទេសចរ​ឥណ្ឌូ​ណេ​ស៊ី មក​ទស្សនា​ប្រទេស​កម្ពុជា​មាន​ចំនួន​យ៉ាងណា​ដែរ ? ចម្លើយ ៖ នៅ​ក្នុង​ឆ្នាំ​២០១៨ កន្លង​មក អ្នកទេសចរ​ឥណ្ឌូ​ណេ​ស៊ី​មក​ទស្សនា​កម្ពុជា​គឺ​មាន​ចំនួន ច្រើន​ជាង ៥០ ០០០​នាក់ ហើយ​ចំនួន​ប្រជាជន​កម្ពុជា​ដែល​ទៅ​ទស្សនា​នៅ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​គឺ​មាន​ចំនួន​ច្រើន​ជាង ៨០០០​នាក់ ។ ទោះបីជា​មាន​បញ្ហា​ប្រឈម​ធំ​ៗ​ខ្លះ​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ឥណ្ឌូ​ណេ​ស៊ី​និង​កម្ពុជា​ក៏​ដោយ យើង​ចាំបាច់​ត្រូវ​បង្កើន​ទស្សនៈវិស័យ​និង​រិះ រក​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ឧស្សាហកម្ម​ទេសចរណ៍ ដូច​ជាតា​មរយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍ សិក្ខាសាលា​កសាង​បណ្តាញ​ទេសចរណ៍ ក៏​ដូច​ជា​ការ​រៀបចំ​កម្មវិធី​ទេសចរណ៍ famtrip ដែល​ប្រទេស​ទាំង​ពីរ​ត្រូវការ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​អភិវឌ្ឍន៍​នូវ​កញ្ចប់ ទេសចរណ៍ រួម​គ្នា​ឲ្យ​បាន​ច្រើន​ថែម​ទៀត ។ ជា​ពិសេស​នា​រដូវ​កាល​វិ​សម្ស​កាល ឬ​ព្រឹត្តិការណ៍​នានា ដូច​ជា​ពិធី​រៀបចំ​អាពាហ៍ពិពាហ៍ ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ និង​សកម្មភាព​បែប​សាសនា​និង​វប្បធម៌​ផ្សេង​ៗ​ជាដើម ។

សំណួរ​៖ តើ​អ្វី​ជា​វិស័យ​សំខាន់​ៗ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ?
ចម្លើយ​៖ នយោបាយ​និង​សន្តិសុខ​គឺជា​វិស័យ​សំខាន់​នៃ​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​។ រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី មាន​បំណង​ចង់​សម្តែង​នូវ​ការ​ពេញចិត្ត​ខ្ពស់​បំផុត របស់​ខ្លួន​ចំពោះ​ការ​គាំទ្រ​របស់​ប្រទេស​កម្ពុជា​ចំពោះ​បេក្ខភាព​ឥណ្ឌូ​ណេ​ស៊ី​នៅ​ក្នុង​វេទិកា​តំបន់​និង​អន្តរជាតិ​នានា ។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ឥណ្ឌូ​ណេ​ស៊ី​និង​កម្ពុជា​អាច​បន្ត​គាំទ្រ ដល់​បេក្ខភាព របស់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​សន្តិភាព ភាព​រុងរឿង និង​សន្តិសុខ​ក្នុង​តំបន់​និង​ជា​សាកល​។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ពេញចិត្ត​ក្នុង​ការ​ស្វែង​យល់​ថា ឥណ្ឌូ​ណេ​ស៊ី​និង​កម្ពុជា​បាន​ចែករំលែក​កិច្ច​សហប្រតិបត្តិការ​យោធា​យ៉ាង​ជិត​ស្និទ្ធ ក្នុង​ចំណោម​កងទ័ព​តាម​រយៈ​កិច្ច​ពិភាក្សា​រវាង​កងទ័ព និង​កងទ័ព ។ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​គឺជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ផ្តល់​ជំនួយ ការ​បណ្តុះបណ្តាល​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ការ​បង្កើត​អង្គភាព​ពិសេស ៩១១ ។
រហូត​មក​ដល់​ពេល​នេះ កងទ័ព​ជាតិ​ឥណ្ឌូ​ណេ​ស៊ី​បាន​ផ្តល់​ការ​បណ្តុះបណ្តាល និង​ផ្តល់​ជំនួយ​ជា​បន្តបន្ទាប់​ដល់​កង​យោធពលខេមរភូមិន្ទ​កម្ពុជា (RCAF) ។ ចាប់តាំងពី​ឆ្នាំ​១៩៩០ ប្រទេស​កម្ពុជា​បាន​បញ្ជូន​មន្ត្រី​យោធា​រាប់​ពាន់​នាក់​ឱ្យទៅ​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ ប្រទេស​ទាំង​ពីរ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត បង្កើត​របៀបវារៈ និង​ពង្រីក​វគ្គ​សិក្សា​បន្ថែម​ទៀត​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៧ ។

ក្រៅពី​នយោបាយ សន្តិសុខ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ក៏​មាន​សារសំខាន់​ផង​ដែរ ។ ក្នុង​នាម​ជា​ប្រទេស​ដែល​មាន សេដ្ឋកិច្ច​ដែល​កំពុង​រីក​ចម្រើន ជាមួយនឹង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ ៧% ប្រកបដោយ​ចីរភាព ប្រទេស​កម្ពុជា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​និង​ជាទី​ផ្សារ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ ម្យ៉ាងវិញទៀត​វា​ជា​ពេលវេលា​សម​ស្រប​សម្រាប់​ពាណិជ្ជករ កម្ពុជា​ចាប់ផ្តើម​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​ទៅ​កាន់​ឥណ្ឌូ​ណេ​ស៊ី​ដែល​ជាទី​ផ្សារ​ធំ​បំផុត​មួយ​នៅ​ក្នុង​តំបន់ ។

ទន្ទឹម​នឹង​នេះ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន រវាង​ប្រទេស​កម្ពុជា​និង​ឥណ្ឌូ​ណេ​ស៊ី​បាន​និង​កំពុង​មានការ​អភិវឌ្ឍ​ល្អ និង​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ចំនួន​ប្រជាជន​កម្ពុជា​ដែល​សិក្សា​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កំពុង​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ (​មាន​ចំនួន ១២៣​នាក់​ក្នុង​ឆ្នាំ​២០១៧) (​មាន​និស្សិត ចំនួន​១៤៦​នាក់ ក្នុង​ឆ្នាំ​២០១៨) និង (​មាន​និស្សិត​ចំនួន ៧២​នាក់​ចាប់ពី​ខែ មក​រា​-​មិថុនា​ឆ្នាំ​២០១៩) ។ នៅ​ស្ថានទូត​យើង​មាន មជ្ឈមណ្ឌល​វប្បធម៌​ឥណ្ឌូ​ណេ​ស៊ី​នៅ​កម្ពុជា​/Pusat Budaya Indonesia Nusantara (PUSBUDI) ដែល​មាន​គោលបំណង​លើក​ស្ទួយ​វប្បធម៌​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី លើក​ស្ទួយ​វិស័យ​ហិរញ្ញវត្ថុ និង​បង្កើត​ការ​យោគយល់​គ្នា​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​តាម​រយៈ​សិល្បៈ​ភាសា​និង​វប្បធម៌ ។ សម្រាប់ PUSBUDI គឺ​មានកម្ម​វិធី​និង​សកម្មភាព​ផ្សេង​ៗ​ដូច​ជា ការ​កាត់​បន្ថយ​ភាសា​ឥណ្ឌូ​ណេ​ស៊ី​សម្រាប់់​ប្រជាជន​កម្ពុជា និង​អ្នក​ចង្អុលបង្ហាញ​ការ​រាំ​របាំ​ត្រុដិ និង​ការ​បណ្តុះបណ្តាល​តន្ត្រី និង​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឥណ្ឌូ​ណេ​ស៊ី ។

ចាប់តាំងពី​ការ​បង្កើត​នៅ​ឆ្នាំ​២០១៧ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​មាន​មាន​ប្រជាជន​ប្រហែល ៨៦៥​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​សិក្សា​និង​ចូលរួម​ជាមួយនឹង PUSBUDI ។ ពួក​គេ​ភាគច្រើន​បាន​ទទួល​អាហារូបករណ៍​ពី​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី ទៅ​សិក្សា​នៅ​ឥណ្ឌូ​ណេ​ស៊ី​ហើយ​បច្ចុប្បន្ន​នេះ​កំពុងធ្វើការ​ក្នុង​វិស័យ​ផ្សេង​ៗ​នៅ​ប្រទេស​កម្ពុជា ដូច​ជា​ស្ថាប័ន​រដ្ឋាភិបាល ផ្នែក​យោធា វិស័យ​អប់រំ (​សាស្ត្រាចារ្យ​) អ្នក​ស្រាវជ្រាវ ធ្វើការ​នៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង​ផ្នែក​ជំនួញ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ