ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីកន្លែង​ដែល​គ្មាន​អ្វី​សោះ រហូតបានក្លាយទៅជា​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល (​ខ្ចាស់​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រះ​មហា​ធ​ម្មា​លង្កា​រោ ចាន់ សុជន ប្រធាន​ស្ដីទី​នៃ​សមាគម​ធម្មកថិក​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(​ខ្ចាស់​) បាន​ជំរុញ​ការ​រៀបចំ​ប្រព័ន្ធ​អប់រំ​យ៉ាង​ល្អ​ប្រសើរ ព្រមទាំង​ស្ថាបនា​អារាម​ដ្ឋា​ន​ឲ្យ​មាន​ស្ដង់ដា និង​សោភ័ណ​ភាព​គួរ​ជាទី​ជ្រះថ្លា​ចំពោះ​បូជនីយេសក៍…

ខេត្តបន្ទាយមានជ័យ ៖ ព្រះ​មហា​ធ​ម្មា​លង្កា​រោ ចាន់ សុជន ប្រធាន​ស្ដីទី​នៃ​សមាគម​ធម្មកថិក​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(​ខ្ចាស់​) បាន​ជំរុញ​ការ​រៀបចំ​ប្រព័ន្ធ​អប់រំ​យ៉ាង​ល្អ​ប្រសើរ ព្រមទាំង​ស្ថាបនា​អារាម​ដ្ឋា​ន​ឲ្យ​មាន​ស្ដង់ដា និង​សោភ័ណ​ភាព​គួរ​ជាទី​ជ្រះថ្លា​ចំពោះ​បូជនីយេសក៍ បង្កើត​កម្មវិធី​ជួយ​គាំពារ​កិច្ចការ​សង្គម និង​ដឹកនាំ​ភិក្ខុសង្ឃ​ក្រោម​ឱវាទ​ប្រមាណ​ជិត​២០០​អង្គ ។

ព្រះ​មហា​ធ​ម្មា​លង្កា​រោ ចាន់ សុជន ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(​ខ្ចាស់​)​បាន​បង្ហាញ​ប្រវត្តិ​ខ្លះ​ៗ​ឱ្យ​ដឹង​ថា វត្ត​ប្រាសាទ​ស្រះ​កណ្តាល (​ខ្ចាស់​) ស្ថិត​ក្នុងភូមិ​ខ្ចាស់ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ថ្នាក់​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ទស្សនវិជ្ជា​នៅ​ប្រទេស​ស្រី​លង្កា​រួច​មក នៅ​ឆ្នាំ​២០១៣ ព្រះ​អង្គ​បាន​ធ្វើ​មាតុភូមិ​និមន្ដន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​គង់​ស្នាក់​នៅ​ក្នុង​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល (​ខ្ចាស់​) ជា​អារាម​កំណើត​របស់​ព្រះ​អង្គ ។

ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(​ខ្ចាស់​)​បាន​មាន​សង្ឃដីកា​បន្ត​ថា ដំណឹង​ផល​បុណ្យ​នៃ​ការ​ត្រាស់​ដឹង​ឡើង​នៃ​ព្រះពុទ្ធ​ទាំងឡាយ​នាំ​មក​នូវ​សេចក្តីសុខ​ក្នុង​លោក អាស្រ័យ​ការ​សិក្សា​រៀនសូត្រ​និង​ស្តាប់​ព្រះធម៌​មក​ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ​គ្រប់​រូប​ទាំង​បុព្វ​ជិត​ទាំង​គ្រហស្ថ​មាន​សេចក្តី​ជ្រះថ្លា​ចំពោះ​គុណ​របស់​ព្រះ​អង្គ​យ៉ាង​ក្រៃ​លែង ទើប​ព្រះ​អង្គ​មាន​គំរោង​ដឹកនាំ​កសាង​ព្រះពុទ្ធ​បដិមា​អង្គ​ធំ​កម្ពស់​៨០​ម៉ែត្រ មាន​អគារ​ទ្រ​បី​ជាន់​ជា​សេនាសនៈ​សង្ឃ​ដែល​មិន​ធ្លាប់​មាន​ឡើយ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(​ខ្ចាស់​)​បាន​មាន​សង្ឃដីកា​បន្ត​ថា ពេល​ចាប់ផ្តើម​ដំបូង​មាន​តែ​ចំនួន​ព្រះសង្ឃ​តែ​៣​អង្គ​ប៉ុណ្ណោះ​ដែល​បាន​ត្រួសត្រាយ​រៀបចំ​ទីកន្លែង​ដែល​គ្មាន​អ្វី​សោះ បាន​ដឹកនាំ​ពុទ្ធបរិស័ទ​ក្រៅ និង​ក្នុង​ប្រទេស​យ៉ាងច្រើន​ដើម្បី​ផ្តួចផ្តើម ហើយ​ក្នុង​វត្ត​នេះ​កសាង​ទាំង​ពីរ មាន​សម្ភារៈ និង​ស្មារតី មក​ដល់​ពេល​នេះ​ព្រះសង្ឃ​មាន​ចំនួន​១៧៨​អង្គ រាល់​បច្ច័យ​ដែល​បាន​មក​ជា​ពិសេស​ពី​បុណ្យ​ធំ​ៗ​ចំនួន​៣ កឋិនទាន​សាមគ្គី​ថ្ងៃ​ចុង​ក្រោយ​គេ​ជា​ប្រចាំ ផ្កាប្រាក់​សាមគ្គី និង​បុណ្យ​ភ្ជុំបិណ្ឌ ។ បច្ច័យ​ដែល​បាន​ចំណាយ​រួច​ហើយ​រយៈពេល​៦​ឆ្នាំ​កន្លង​ទៅ​នេះ​បាន​ចំណាយ​អស់​ជាង​បី​លាន​ដុល្លា ហើយ​គម្រោង​ចំណាយ​បន្ត​ដើម្បី​បញ្ចប់​សំណង់​ព្រះពុទ្ធ​អង្គ​ធំ​នៅ​ពេល​ខាង​មុខ​ចំនួន​ជាង​៥​លាន​ដុល្លារ ពេល​នេះ​កំពុង​ជួប​ការ​ខ្វះខាត​ខ្លាំង​។

ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(​ខ្ចាស់​)​បាន​មាន​សង្ឃដីកា​បន្ត​ថា រាល់​ការ​ចំណាយ​រាល់​ការ​ចំណាយ​បាន​មក​ផ្នែក​ធម្មទាន ផ្នែក​នេះ​បាន​ផ្សព្វផ្សាយ​តាម​រយៈ​ការ​បោះពុម្ព​សៀវភៅ​និង​អន្ដរ​បណ្ដាញ ដូច​ជា វិទ្យុ​, ទូរទស្សន៍​, ហ្វេ​ស​ប៊ុ​ក យូ​ធូប​និង​គេហទំព័រ​ផ្សេង​ៗ ។ ធម្មទាន​ទាំងនោះ​ជា​អាទិ៍​ដូច​ជា បាន​រៀបចំ​ប្រព័ន្ធ​ពុទ្ធិកសិក្សា​ស្រប​តាម​ក្រសួង​សម្រាប់​សមណ​សិស្ស​ធ​ម្មៈ​និង​ពុទ្ធិកៈ​, ការ​សម្ដែងធម៌​ក្នុង​ពិធីបុណ្យ កម្មវិធី​អប់រំ កម្មវិធី​មង្គល​និង​កម្មវិធី​សង្គម​ជាដើម​, ធ្លាប់​ទទួល​រៀបចំ​ពិធីបុណ្យ​ពុទ្ធសាសនា​នានា​ពី​ក្រៅប្រទេស​មាន​វិសាខបូជា​ជាដើម​។

ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(​ខ្ចាស់​) បាន​រៀបរៀង​សៀវភៅ សុខភាព​ផ្លូវចិត្ត​ទាំងអស់​មាន​ចំនួន​៤​ភាគ​, សៀវភៅ ពុទ្ធសាសនា​សម្រាប់​អ្នក​សិក្សា​ដំបូង​(​ប្រែ​ពី​ភាសា​អង់គ្លេស​), សៀវភៅ សំណួរ​-​ចម្លើយ​កម្មផល​, សៀវភៅ មូលដ្ឋាន​គ្រឹះ​ព្រះពុទ្ធ​សាសនា​, សៀវភៅ កម្រង​នៃ​ទម្លាប់​ល្អ​, សៀវភៅ សំណួរ​របស់ខ្ញុំ ចម្លើយ​របស់​អ្នក​, សៀវភៅ ហេតុផល​ក្នុង​ព្រះពុទ្ធ​សាសនា​, សៀវភៅ​យល់​ដឹង​ពី​ការ​ចូល​វស្សា ដង្ហែ​ទៀនវស្សា​និង​សាដក​។

សៀវភៅ​យល់​ដឹង​ពី​ការ​ចេញ​វស្សា កឋិនទាន​និង​អានិសង្ស​លាភ​, សៀវភៅ កម្រង​បទ​អប់រំ​ខ្លី ទាំងអស់​មាន​៨​ក្បាល (​ស្នាដៃ​រួម​របស់​វត្ត​ខ្ចាស់​), សៀវភៅ ទសពិធរាជធម៌ និង​កឋិនទាន​, សៀវភៅ ធម្ម​ទស្សនកិច្ច​សិក្សា​និង​បរិស្ថាន​ស្អាត​, សៀវភៅ សមិទ្ធផល​និង​ទស្សនៈ​រួម​ជុំវិញ​ការ​បង្កើត​សាលា​ពុទ្ធិកៈ​, សៀវភៅ មន្ត្រី​ពិត​, សៀវភៅ អត្ថន័យ​បុណ្យ​វិសាខបូជា​, រួម​ទាំង​អត្ថបទ​អប់រំ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។លើស​ពី​នេះ​ទៀត ព្រះ​អង្គ​បាន​ជួល​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​ជា​ច្រើន​ទីតាំង​រួម​មាន ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និង​ក្រុងភ្នំពេញ ដើម្បី​ពង្រីក​ការ​ផ្សាយ​ឲ្យ​ទូលំទូលាយ​ទៀត​ផង ។

ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(​ខ្ចាស់​)​បាន​មាន​សង្ឃដីកា​បន្ត​ថា សមិទ្ធផល​អន្តរកាល​ទី​១ ចាប់តាំងពី​ឆ្នាំ​២០១០ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ក្រោយ​ការ​ធ្វើ​មាតុភូមិ​និមន្ដន៍​របស់​ព្រះ​មហា​ធ​ម្មា​លង្កា​រោ ចាន់ សុជន មក ព្រះ​អង្គ​បាន​កៀងគរ​ដឹកនាំ​ពុទ្ធបរិស័ទ​សាងសង់​សមិទ្ធផល​សម្រេច​ជា​បន្តបន្ទាប់​ដូច​ជា​៖ -​ស្រះ​ទឹក​ដ៏​ធំ​មួយ ប្រវែង​១៧០​ម៉ែត្រ​×៣៥​ម៉ែត្រ​(​បច្ច័យ​បាន​មក​ពី​បុណ្យផ្កា​ប្រាក់​), របង​ជុំវិញ​អាវាស​វត្ត (​សទ្ធា​ពុទ្ធបរិស័ទ​ទាំង​៥​ភូមិ​និង​បរិស័ទ​ជិត​ឆ្ងាយ​), វច្ចកុដិ​៥ (​បច្ច័យ​វត្ត​), កុដិ​សីល​១​ល្វែង មាន​៥​បន្ទប់ (​សទ្ធា​ពុទ្ធបរិសទ្យ​ជុំវិញ​វត្ត​), កុដិ​សមាធិ​១​ល្វែង មាន​៥​បន្ទប់ (​សទ្ធា​ពុទ្ធបរិស័ទ​), កុដិ​បញ្ញា​១​ល្វែង មាន​៥​បន្ទប់ (​សទ្ធា​ពុទ្ធបរិសទ្យ​), បាន​ចូលរួម​បច្ច័យ​ចំនួន​១២.០០០​ដុល្លារ កសាង​កុដិ​វត្ត​បទុម​វ​តី ក្រុងភ្នំពេញ​, ប្រព័ន្ធ​អគ្គិសនី (​បច្ច័យ​វត្ត​) ។

ប្រព័ន្ធ​ទឹក​ស្អាត​និង​បណ្ដាញទឹក (​សទ្ធា​ពុទ្ធបរិសទ្យ​ក្នុង​និង​ក្រៅ​ស្រុក​), អគារ​ពុទ្ធិកសិក្សា​(​សទ្ធា​របស់​លោក ផា​ន់ វណ្ណ​រ័​ត្ន និង​ភរិយា​), កុដិ​ទសពិធរាជធម៌ មាន​១០​បន្ទប់​(​សទ្ធា​របស់​លោកនាយ​ឧត្តមសេនីយ៍​កែ គឹ​ម​យ៉ា​ន​), កុដិ​ទសបារមី​១០​បន្ទប់ (​សទ្ធា​របស់​សប្បុរសជន​នៅ​ក្រៅប្រទេស​), វច្ចកុដិ​២០​បន្ទប់​(​ជំនួយ​របស់​អង្គការ​Fra), ឈាបនដ្ឋាន​១ (​ជំនួយ​អង្គការ​Fra), កុដិ​សារីបុត្រ​១​បន្ទប់ (​សទ្ធា​របស់​សប្បុរសជន​នៅ​ក្រៅប្រទេស​), កុដិ​អានន្ទ​១​បន្ទប់​(​សទ្ធា​របស់​ឧបាសិកា ឡេ​ង ឈុ​ន​កួយ​) និង​ការ​ចាក់​ដី​បំពេញ​ទី​វត្ត មាន​ទំហំ​៧៥.០០០​ម៉ែត្រការ៉េ (​សទ្ធា​បរិស័ទ​ជិត​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​) ។

ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(​ខ្ចាស់​)​បាន​មាន​សង្ឃដីកា​បន្ត​ថា សមិទ្ធផល​អន្ដរកាល​ទី​២ (២០១៧-២០១៩) ធម្ម​បណ្ណាល័យ សម្រាប់​តម្កល់​គម្ពីរ​ដីកា​និង​ក្បួនច្បាប់​, សួនច្បារ​៤​កន្លែង (​សួន​ព្រះ​ជយ​វរ្ម័ន​ទី​៧, សួន​សមាធិ​, សួន​អភ័យ​ទាន និង​សួន​ពុទ្ធ​សា្ថ​ន​), ខឿនពោធិព្រឹក្ស​និង​សំវេជនីយដ្ឋាន​៤​កន្លែង (​កន្លែង​ទ្រង់​ប្រសូត កន្លែង​ទ្រង់​ត្រាស់​ដឹង កន្លែង​ទ្រង់​សម្ដែង​ធម្ម​ចក្រ និង​កន្លែង​ទ្រង់​បរិនិព្វាន​), ថូ​បា​រាម​ចម្លង​ពី​ប្រទេស​ស្រី​លង្កា​, សិ​ង្គុ​ត្តរ​ចេតិយ​ចម្លង​ពី​ប្រទេស​ភូមា​, គជ​ទ្វារ​(​ខ្លោងទ្វារ​រូប​ដំរី​)​ទាំង​៤​ទិស កសាង​រួចរាល់​បាន​២​ទិស​, ផ្លូវ​ក្រាល​បេតុង​ខ្វាត់ខ្វែង​ក្នុង​ផ្ទៃ​វត្ត​ជា​ច្រើន​ខ្សែ សរុប​ប្រមាណ​១៥០០​ម៉ែត្រ​, កម្រាល​បេតុង​ក្នុង​ផ្ទៃ​វត្ត​រាប់រយ​ម៉ែត្រក្រឡា​, កុដិ​នាថ​ករ​ណ​ធម៌​១០​បន្ទប់​, វច្ចកុដិ​ថ្មី​(​បង្គន់​)​ចំនួន​៣០​បន្ទប់​, កញ្ចុះ​ធំ​-​តូច​និង​ទោង​ឈើ​សម្រាប់​អង្គុយ​កម្សាន្ដ​និង​ធ្វើ​ធម្ម​កិច្ច សរុប​ទាំង​២៥​កន្លែង និង​សេនាសនៈ​ផ្សេង​ៗ​ទៀត (​ឃ្លាំង​បរិក្ខារ​,​ឃ្លាំង​គរុភណ្ឌ​…) ។

គម្រោង​សមិទ្ធិ​ផល​នា​ពេល​អនាគត​(​សមិទ្ធិ​ដែល​កំពុង​និង​បន្ដ​សាងសង់​), ព្រះ​វិហារ​សុវណ្ណ​ប្រាសាទ បាន​កំពុង​នឹង​សាងសង់​បន្ដ​, ថែវ​គោ​បុ​រៈ​(​របង​ជុំវិញ​ព្រះ​វិហារ​ទាំង​៤​ទិស​ដែល​មាន​បុស្បុក​៨) បាន កំពុង​នឹង​សាងសង់​, ព្រះពុទ្ធ​រូបអង្គ​ធំ​កម្ពស់​៨០​ម៉ែត្រ បាន​កំពុង​នឹង​បុក​គ្រឹះ​សាងសង់​, គជ​ទ្វារ​(​ខ្លោងទ្វារ​រូប​ដំរី​)​នៅ​សល់​ពីរ​ទិស បាន​កំពុង​នឹង​សាងសង់​, ស្ពាន​នាគ​ទាំង​៤​ទិស បាន​កំពុង​នឹង​សាងសង់​, អគារ​ពុទ្ធសាសនិកជន​អក្ស​រអិល (L) ពីរ​ល្វែង និង​បួន​ជាន់ ដែល​អគារ​នីមួយ​ៗ​មាន​ទំហំ​៦៨​ម៉ែត្រ​×១២​ម៉ែត្រ កម្ពស់​២២​ម៉ែត្រ បាន​កំពុង​នឹង​បុក​គ្រឹះ​សាងសង់ ។

មក​ដល់​ឥឡូវនេះ សមិទ្ធផល​ទាំងនេះ​បាន​ផុស​បង្អួតខ្លួន​យ៉ាង​ស្កឹមស្កៃ​ថ្មី​សន្លាង​ត្រដែតត្រដឹម​ងើបឈរ​ឡើង​យ៉ាង​ព្រោងព្រាត​ពាស​ពេញទី​វត្ត​អារាម ដែល​ពី​មុន​មក​ជាទី​ព្រៃ​ស្មសាន វាលរហោឋាន​មាន​តែ​ដុប​គុម្ពោត​ប៉ុណ្ណោះ ៕ ​កែសម្រួល​ដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ