ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ដឹងអ្នកមានមុខរបរលក់ផ្លែត្នោត…ពិតជាជក់ចិត្តស្តាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ នៅ​ចំណុច​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ដែល​មាន​ចម្ងាយ​ជាង​៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​តូប​ជា​ច្រើន​សង់​ស្រប​តាម​បណ្តោយ​ផ្លូវ​និង​មាន​តាំង​លក់កង្កែប​បោប សត្វ​ត្រឡ​ន​តន ជ្រក់ទំពាំង​ច្រក​កែវ…

រាជធានី​ភ្នំពេញ ៖ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ នៅ​ចំណុច​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ដែល​មាន​ចម្ងាយ​ជាង​៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​តូប​ជា​ច្រើន​សង់​ស្រប​តាម​បណ្តោយ​ផ្លូវ​និង​មាន​តាំង​លក់កង្កែប​បោប សត្វ​ត្រឡ​ន​តន ជ្រក់ទំពាំង​ច្រក​កែវ ជា​ពិសេស​គឺ​លក់​ផ្លែ​ត្នោត ទឹកត្នោត​និង​ស្ករត្នោត​ដែល​ធ្វើ​ឱ្យ​អ្នក​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា បាន​នាំ​គ្នា​ឈប់​រថយន្ត​ទិញ​ផ្លែ​ត្នោត​ហូរហែ​យក​ទៅ​ទុក​គ្រាន់​និង​ហូប​កំដរ​មាត់ ។

លោក អ៊ុំ យូ​ហ៊ា​ង អាយុ​៥៦​ឆ្នាំ ដែល​កំពុង​ញាប់ដៃ​ក្នុង​ការ​កាប់​ផ្លែ​ត្នោត​ដ៏​ប៉ិន​ប្រសប់​ជូន​ភ្ញៀវ​តាម​បណ្តោយ​ជាតិ​លេខ​២ នៅ​ចំណុច​ខាងលើ​បាន​និយាយ​ថា ផ្លែ​ត្នោត​ខ្ចី​ដែល​គាត់​កាប់​ឆ្គឹ​ស​គ្រាប់​លក់​នេះ​ដឹក​មក​ពី​ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និង​កំពង់ចាម ។ លោក​ថា កសិករ​មិន​ឡើងត្នោត​ផលិត​ស្ករ​ដូច​មុន​ទេ មក​ប្តូរ​ជា​មុខរបរ​កាប់​ផ្លែ​ខ្ចី​ឆ្គឹ​ស យក​គ្រាប់​លក់​វិញ​បាន​ថ្លៃ​ជាង​ផលិត​ស្ករត្នោត​លក់ ទើប​គាត់​ផ្តូ​រ​ពី​លក់​ស្ករ​មក​លក់​គ្រាប់​វិញ ។ គាត់​ថា​អ្នកស្រុក​ឃុំ​ត្រពាំង​សាប​បាន​ប្តូរ​មុខរបរ​នាំ​គ្នា​លក់​ផ្លែ​ត្នោត​ខ្ចី ស្ករត្នោត​និង​ទឹកត្នោត​តាម​រដូវ​កាល ។ គាត់​ថា មិនមែន​មាន​តែ​លក់​នៅ​ចំណុច​នេះ​ទេ ខាងលើ​នោះ​ក៏​មាន​អ្នកលក់​ផ្លែ​ត្នោត នៅ​ក្នុង​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ​ផង​ដែរ អ្នក​គ្មាន​ដីស្រែ​ធ្វើ​ដូច​រូប​គាត់​ជាដើម ។

លោក អ៊ុំ ហ៊ា​ង និយាយ​បន្ត​ទៀត​ថា គាត់​បាន​ដើរ​មើល​ដើម​ត្នោត​មាន​ផ្លែ​ធំ​ល្អ​នៅ​ខេត្ត​ជិត​រាជធានី​ភ្នំពេញ​ដើម្បី​ម៉ៅ​ឡើង​កាប់​យក​ផ្លែ ។ លោក​ថា​ម្ចាស់​ដើម​ត្នោត​តាម​ខេត្តកំពង់ចាម កណ្តាល កំពង់ឆ្នាំង​និង​កំពង់ស្ពឺ​ជាដើម បាន​ម៉ៅ​ដើម​ត្នោត​ឲ្យ​គាត់​កាប់​ផ្លែ ហើយ​ជួយ​ថែរ​ដើម​ត្នោត​ឲ្យ​ផង ក្នុង​តម្លៃ​ពី​២​មុ​ឺ​ន​ទៅ​៣​មុ​ឺ​ន​រៀល​រយៈពេល​មួយ​ឆ្នាំ​ក្នុង​មួយ​ដើម ។ លោក​ថា បាន​ឡើង​កាប់​តាំងពី​ព្រឹក​ព្រហាម​រហូត​ដល់​ម៉ោង​១១​ទើប​គាត់​ត្រឡប់​មក​ផ្ទះ​ហូប​បាយ រួច​គាត់​ក៏​ដឹក​ផ្លែ​ត្នោត​មក​លក់​នៅ​តូប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ហើយ​ក្នុង​មួយ​ថ្ងៃ​គាត់​លក់​បាន​ប្រាក់​សរុប​ប្រមាណ​ជា​១០​មុ​ឺ​ន​ទៅ​១៥​មុ​ឺ​ន​រៀល ។ គាត់​ថាបើ​កាត់​លុយ​សាំង​និង​លុយ​ថ្លៃ​ផ្លែ​ត្នោត​ដែល​ទិញ​ពី​គេ​គឺ​សល់​ប្រមាណ​៥​មុ​ឺ​ន​រៀល​ដែរ ។

លោក ឃួ​ន ហាក់ អាយុ​៥៧​ឆ្នាំ ជា​អ្នកលក់​ផ្លែ​ត្នោត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ស្ថិត​ក្នុង​ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម បាន​រៀបរាប់​ឲ្យ​ដឹង​ថា ផ្លែ​ត្នោត គឺជា​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ឆ្ងាញ់ ពុំ​មាន​ជាតិ​គីមី ជួយ​បំប៉ន​សុខភាព​ឲ្យ​មាន​កម្លាំង​ដូច​ដំរីចុះប្រេង​…​សូម​ជួយ​ទិញ​ផ្លែ​ត្នោត​ដើម្បី​ជួយ​ជីវភាព​អ្នក​ឡើងត្នោត ជួយ​រក្សា​តម្លៃ​ដើម​ត្នោត​ដែល​ជា​អត្តសញ្ញាណ​ជាតិ​យើង ។ គាត់​រៀបរាប់​ថា បាន​ចាប់​យកមុខ​របរ​ឡើងត្នោត​និង​លក់​ផ្លែ​ត្នោត​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ។ ផ្លែ​ត្នោត​គាត់​ដើរ​ទិញ​ពី​អ្នក​ភូមិ​និង​ឡើង​កាប់​ដោយ​ខ្លួនឯង ហើយ​ការ​កាប់​ផ្លែ​ត្នោត គឺជា​ជំនាញ​របស់​គាត់​បាន​យ៉ាង​រហ័ស​ទៀត​ផង ។ គាត់​ថា​រាល់ថ្ងៃ​បាន​ប្រពន្ធ​ជា​អ្នក​ឈរ​លក់ ចំណែក​គាត់​ដើរ​ទិញ​ដើម​ត្នោត​កាប់​យក​ផ្លែ​មក​ឲ្យ​ប្រពន្ធ​លក់​គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​គ្រួសារ ។ គាត់​ថា​ត្នោត​១០​ផ្លែ​តម្លៃ​៤​ពាន់​រៀល និង​លក់​ទឹកត្នោត​១​ដប​តម្លៃ​១.៥០០​រៀល ទឹកត្នោត​មិន​មាន​លាយ​សារធាតុ​អ្វី​ផ្សេង​ទៀត​ឡើយ​គឺ​សុទ្ធ​ពី​ធម្មជាតិ ។ កន្លែង​គាត់​លក់​ឱ្យ​អតិថិជន​ដែល​មក​ទិញ​ផ្លែ​ត្នោត​គាត់ ភាគច្រើន​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​នាំ​គ្នា​ទិញ​ផ្លែ​ត្នោត​និង​ទឹកត្នោត​របស់​គាត់​ហូរហែ ។

ដោយឡែក​លោក គឹ​ម សៀន អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​ផ្លែ​ត្នោត នៅ​រមណីយដ្ឋាន​ភូមិ​ត្នោត​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​គាត់​ដើរ​ទិញ​ដើម​ត្នោត​កាប់​យក​ផ្លែ​យ៉ាងតិច​៣​លើក​ដើម្បី​ឲ្យ​ប្រពន្ធ​លក់ ហើយ​កន្លែង​គាត់​លក់​ផ្លែ​ត្នោត​ដាច់​ណាស់ ។ រីឯ​ទឹកត្នោត​ក៏​មិន​ដែល​សល់​ដែរ ព្រោះ​ទឹកត្នោត​គាត់​ធម្មជាតិ​សុទ្ធ មិន​មាន​លាយ​ស្ករ​នោះ​ទេ ។ ជា​ពិសេស​នៅ​ថ្ងៃ​ចូល​ឆ្នាំ គឺ​លក់ដាច់​លែង​និយាយ ព្រោះ​ភ្ញៀវ​ទិញ​ក្នុង​ម្នាក់​ៗ២​ផ្លូន​ទៅ​៣​ផ្លូន ដូច្នេះ​ពីរ​នាក់​ប្តី​ប្រពន្ធ​លែង​ឃ្លានបាយ ព្រោះ​ភ្ញៀវ​មក​ទិញ​ច្រើន​មែនទែន​។ គាត់​រៀបរាប់​ថា ផ្លែ​ត្នោត​របស់​គាត់​១០​ផ្លែ​៥.០០០​រៀល ហើយ​មួយ​ផ្លូន​តម្លៃ​២៥.០០០​រៀល ហើយ​ផ្លែ​ត្នោត​កាន់តែ​ថ្លៃ​កាន់តែ​លក់ដាច់ តាម​រដូវ​កាល​ព្រោះ​គេ​យក​ទៅ​ធ្វើ​បង្អែម ។ គាត់​បាន​រៀបរាប់​ទៀត​ថា នៅ​ខែវស្សា​ផ្លែ​ត្នោត​លក់​បាន​ថ្លៃ ព្រោះ​ផ្លែ​ត្នោត​ក្រ​បណ្តើរ​ៗ លក់​ផ្លែ​ត្នោត​តិច​តែ​បាន​ប្រាក់​ច្រើន ព្រោះ​ផ្លែ​ត្នោត​មួយ​ផ្លែ​ថ្លៃ​៦០០​ទៅ​៧០០​រៀល ដោយឡែក​ខែប្រាំង​ផ្លែ​ត្នោត​សំបូរ​ទើប​លក់​មិន​បាន​ថ្លៃ ហើយ​ខែអស្សុជ​និង​ខែកត្តិក​ត្នោត​ចាប់ផ្តើម​ផ្កា​ហើយ ។

លោក សូ សាញ់ ដែល​ដាក់​ផ្លែ​ត្នោត​នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ ហើយ​អង្គុយ​លក់​នៅ​ផ្លូវ​២០០៤ ឬ​ស្តុ​បណត​ប្រ៊ី​ត​បាន​និយាយ​ថា ពី​ដើម​គាត់​លក់​ផ្លែ​ត្នោត​នៅ​ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ជា​ទឹកដី​កំណើត តែ​ដោយសារ​នៅ​ទីនោះ​មាន​គេ​លក់​ច្រើន​ពេក លក់​មិនសូវ​ចំណេញ ទើប​គាត់​និង​ប្រពន្ធ​ដូរ​មក​លក់​នៅ​ភ្នំពេញ​វិញ ។ ហេតុផល​មួយទៀត​គាត់​ចង់​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​ដែល​រស់នៅ​ភ្នំពេញ​ដឹង​ថា ផ្លែ​ត្នោត​មាន​រូបរាង​យ៉ាងដូចម្តេច ហើយ​គេ​ទទួលទាន​បែប​ណា ។ គាត់​បាន​បញ្ជាក់​ថា ការ​លក់​ផ្លែ​ត្នោត​នៅ​ភ្នំពេញ​បាន​ចំណ​ញ​ច្រើន​ជាង​លក់​នៅ​ស្រុក​កំណើត គាត់​អាច​ចំណេញ​ពី​៤​មុ​ឺ​ន​ទៅ​៥​មុ​ឺ​ន​រៀល ។ ក្នុង​មួយ​ថ្ងៃ​ហើយ​ថ្ងៃ​ខ្លះ​គាត់​អាច​ចំណ​ញ​រហូត​ដល់​៨​មុ​ឺ​ន​ទៅ​១០​មុ​ឺ​ន​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ ។ គាត់​ថា​នៅ​ខែ​៩​ដល់​ខែ​១២ (​ខែកញ្ញា​ដល់​ខែធ្នូ​) ផ្លែ​ត្នោត​លែង​សូវ​សម្បូរ រីឯ​តម្លៃ​ក៏​ចាប់ផ្តើម​ឡើង​ដែរ ។ ផ្លែ​ត្នោត​របស់​គាត់​មិន​មាន​ដាក់​សារធាតុ​គីមី​អ្វី​នោះ​ទេ តាម​ពិត​ការ​ថែរក្សា​ផ្លែ​ត្នោត​ឲ្យ​ស​ល្អ គឺជា​រឿង​ងាយ​បំផុត ពោល​គឺ​គេ​ពុះ​យក​សាច់​ចេញ រួច​យក​ទៅ​ត្រាំ​ក្នុង​ទឹក​ធម្មតា​ជា​ការ​ស្រេច ដោយ​មិន​មាន​លាយ​ជាតិ​គីមី​ឡើយ ព្រោះ​ត្រាំ​ទឹក​វា​ជួយ​លាង​ជាតិ​ចត់​ទើប​វា​មិន​ជាំ​សាច់​ហើយ​នៅ​តែ​មាន​ពណ៌​ស​ថ្លា ។

ដើម​ត្នោត​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​មួយ​បាន​ដុះ​ស្ទើរ​គ្រប់​ខេត្ត ក្រុង​ទូ​ទាំង​ប្រទេស និង​មាន​អត្ថ​ប្រ​យោន៍​ច្រើន​ជាងគេ​បំផុត រាប់​ចាប់តាំងពី​ឫស​ដល់​ចុង​ត្នោត គឺ​គេ​សឹង​មិន​អាច​ចោល​ផ្នែក​ណាមួយ​បាន ។ ស្លឹក​ត្រូវ​គេ​ប្រើប្រាស់​សម្រាប់​ដេរ​ប្រក់​ដំបូលផ្ទះ ឬ​រោង​ផ្សេង​ៗ ។ ផ្លែ​អាច​ច្នៃ​ជា​គ្រឿង​បរិភោគ​បាន​ច្រើន​ប្រភេទ ទឹក​ធ្វើ​ស្ករ ផ្កា​និង​ឫស​ធ្វើ​ថ្នាំ ។ ឯ​ដើម​មាន​អត្ថប្រយោជន៍​ច្រើន​ជង​គេ​ដូច​ជា​ពុះ​ច្រៀក​ធ្វើ​ផ្ទះ ។ ឯ​ដើម​ខ្លឹម​ៗ​សម្រាប់​កែ​ច្នៃ​ជា​គ្រឿង​សង្ហា​រឹម វត្ថុ​អនុស្សាវរីយ៍ ឬ​របស់​ប្រើប្រាស់​រាប់រយ​ប្រភេទ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ