ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ធ្លាក់​ស្វ័យប្រវត្តិ​2​នាក់ និងបញ្ហា​សុខភាព​152​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងថា សិស្ស​ជា​បេក្ខជន​ចំនួន​២​នាក់​បាន​បំពាន​លើវិន័យ​របស់​ក្រសួង​អប់រំ…

រាជធានី​ភ្នំពេញ ៖ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងថា សិស្ស​ជា​បេក្ខជន​ចំនួន​២​នាក់​បាន​បំពាន​លើវិន័យ​របស់​ក្រសួង​អប់រំ ដោយ​យក​សំណៅ​ឯកសារ​និង​ទូរស័ព្ទ​ដៃ​ចូល​ក្នុង​បន្ទប់​ប្រឡង ហើយ​ត្រូវ​បាន​ក្រសួង​សម្រេច​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ គឺ​ម្នាក់​នៅ​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​នៅ​ខេត្តតាកែវ ជា​ព្រះសង្ឃ​និង​ជា​បេ​ក្ខជន​បំពេញវិជ្ជា ។ ជាមួយ​គ្នា​នេះ ក៏​មាន​២​នាក់​ទៀត​ដែល​ធ្លាក់​ព្រោះ​ទទួល​ពិន្ទុ​សូន្យ គឺ​ម្នាក់​នៅ​សៀមរាប​មក​ប្រឡង​យឺត​ម៉ោង និង​ម្នាក់​នៅ​ត្បូង ឃ្មុំ​មាន​បញ្ហា​សុខភាព​នាំ​ទៅ​កាន់​មន្ទីរពេទ្យ មិន​អាច​មក​ប្រឡង​វិញ​បាន ។

សរុប​អ្នក​ដែល​ធ្លាក់មាន​៤​នាក់ ។ ចំពោះ​បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​១៥២​នាក់ ក្នុង​សម័យ​ប្រឡង​
នេះ​មាន​តែ​១១ ករណី​ទេ ដែល​មិន​វិល​មក​បន្ត​ការ​ប្រឡង​បាន ។​ លោក រស់ សុ​វាចា បន្ត​ថា ក្នុង​នោះ​មាន​បេក្ខជន​អវត្តមាន​កើន​ជាង​ថ្ងៃ​ទី​១ ចំនួន​១.៨១៨​នាក់​(​ស្រី​៦៩៦​នាក់​) គិត​ជា​ភាគរយ​គឺ​១,៥៥% នៅ​តាម​មណ្ឌល​ប្រឡង​ទូ​ទាំង​ប្រទេស ។ ចំណែកលទ្ធផល​ប្រឡង​ក្រសួង​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១០ខែកញ្ញា សម្រាប់​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល ហើយ​បណ្តា​ខេត្ត​នានា​ប្រកាស​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​ខាង​មុខ ។

លោក​ថ្លែង​ថា ស្ថានភាព​ទូទៅ​តាម​មណ្ឌល​សំ​ណេ​រ នា​រសៀល​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បើ​ទោះបីជា​មណ្ឌល​ប្រឡង​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ក្ដី ក៏​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​ភាព​ស្ងប់ស្ងាត់ នៅ​តែ​រក្សា​បាន​យ៉ាង​ល្អ​ប្រសើរ ។ វិ​ញ្ញាសា​សម្រាប់​រសៀល​ថ្ងៃ​ទី​២​នៃ​ការ​ប្រឡង​នេះ គឺសម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ (​គណិត​វិទ្យា​ពី​ម៉ោង១៤:០០ ដល់​១៦:៣០) សម្រាប់​ថ្នាក់​វិទ្យា
សាស្ត្រ​សង្គម​(​អក្សរសាស្ត្រ​ខ្មែរ​ពី​ម៉ោង​១៤:០០ ដល់​ម៉ោង​១៦​និង​៣០) ។ នា​រសៀល​ថ្ងៃ​ទី​២​នេះ​ដែរ ស្ថានភាព​ក្នុង​ដំណើរការ​ប្រឡង មាន​ភាព​ស្ងប់ស្ងាត់ និង​មាន​សណ្ដាប់ធ្នាប់​របៀប​រៀប រយ​ល្អ​ទាំង​នៅ​ក្នុង និង​ក្រៅ​មណ្ឌល​ប្រឡង ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា ក្នុង​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​ថ្ងៃ​ទី​២​គឺ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ មាន​ពីរ​មុខ​វិជ្ជា សម្រាប់​ថ្នាក់ វិទ្យាសាស្ត្រ​(​អក្សរសាស្ត្រ​ខ្មែរ និង​រូបវិទ្យា​) និងសម្រាប់​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​(​គណិត​វិទ្យា និង សីលធម៌ ពលរដ្ឋ​វិជ្ជា​) ។ ចំនួន​បេក្ខជន​អវត្តមាន​នា​ពេល​ព្រឹក​ចំនួន
១.៨១៨​​​នាក់​(​ស្រី​៦៩៦​នាក់​) គិត​ជា​ភាគរយ១,៥៥% ។ បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន៦៣​ករណី ក្នុង​នោះ​មិន​អាច​វិល​ត្រឡប់​មកប្រឡង​វិញ​៣​ករណី ។ ចំណែក​បេក្ខជន​ផ្សេង ទៀត​បន្ត​ប្រឡង​ជា​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួលបានការ​សង្គ្រោះ​បឋម ។

សរុប​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​ថ្ងៃ​ទី​២​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប្រព្រឹត្ត ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព កើត​ភាពមិន​ប្រក្រតី​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។ ក្រសួង​អប់រំ​បាន​អះអាង​ថា បើ​ទោះបី​មាន ភ្លៀង​ធ្លាក់​នៅ​តាម​មណ្ឌល​មួយ​ចំនួន​ក្នុង​ខេត្ត ព្រះ​វិហារ ស្ទឹង​ត្រែង រតនគិរី និង​ខេត្តកោះកុង ប៉ុន្តែ​ដំណើរការ​សំ​ណេ​រ​នៅ​តែ​មានដំណើរ​ការ​ល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មានការ​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស គណៈ​អប្បមាទ​ទូ​ទាំង​ប្រទេស ជំនួយការ​អប្បមា​ទទូ​ទាំង​ប្រទេស ។

ជា​រួម បេក្ខជន​បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ និង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ទៅ​តាម​សមត្ថភាព​របស់​ខ្លួន​រៀង​ៗ​ខ្លួន ដោយ​មិន​យក​សំណៅ​ឯកសារ ទូរស័ព្ទ​ដៃ ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ ។ នៅ​ថ្ងៃ​ទី​១​នៃ​ការ​ប្រឡង មាន​បេក្ខជន​តែ​១​រូប​ប៉ុណ្ណោះ​ដែល​បាន​យក​សំណៅ​ឯកសារ​ចូល​បន្ទប់​ប្រឡង និង​មាន​បេក្ខជន​១​រូប​ទៀត យក​ទូរ​សព្ទ​ដៃ​ចូល​ក្នុង​បន្ទប់​ប្រឡង ។

លោក រស់ សុ​វាចា ថ្លែង​ថា ក្រសួង​អប់រំ​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទ​ប្បញ្ញត្តិ និង​កម្រិត វិន័យ​ចំពោះ​បេក្ខជន​ទាំង​ពីរ​រូប​នេះ ដោយ​កំណត់ ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ ។ នៅ​ថ្ងៃ​ទី​១​នៃ​ការ​ប្រឡង​បេក្ខជន​ប្រឡង​សរុប​មាន​ចំនួន​១១៧.០៤៣​នាក់ (​ស្រី​៦០៤២៧​នាក់​) និង​បេក្ខជន​អវត្តមាន​សរុបចំនួន​១.៧៤៥​នាក់​(១,៤៩%) ក្នុង​នោះ​ស្រី​៦៧៨នាក់ ។ បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន​៤៣​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួល​បានការ​សង្គ្រោះ​បឋម​។ មាន​តែ​បេក្ខជន​១​រូប​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ មិន​អាច​បន្ត​ការ​ប្រឡង​បាន ។

យោង​តាម​មន្ត្រី​នគរបាល​ខេត្តកណ្តាល​ថា គួរឱ្យ​សោកស្តាយ​ដែល​សិស្ស​ស្រី​ម្នាក់​ឈ្មោះ អ៊ុយ លី​លី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​កោង ឃុំរកា​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្តាល បាន​ជួប​គ្រោះថ្នាក់​ចរា​ចរណ៍​​រថយន្ត​បុក​ស្លាប់ នៅ​ផ្លូវ​លី​យ៉ុ​ង​ផាត់ ខណៈ​ដែល​ឪពុក​ឌុ​ប​ជូន​មក​កាន់​មណ្ឌល​ប្រឡង កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ។

សូម​ជម្រាប​ថា បេក្ខជន​ប្រឡង​ឆ្នាំ​នេះ មាន​ចំនួន​១១៧.០៤៣​នាក់​(​ស្រី​៦០៤២៧​នាក់​) មាន​២០២​មណ្ឌល ចែក​ជា​ថ្នាក់​វិទ្យាសាស្ត្រ​មានបេក្ខជន​៤៤.៦៩០​នាក់ មាន​៧៥​មណ្ឌល និង​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​មាន​បេក្ខជន​ចំនួន​៧២.៣៥៣​នាក់ មាន​១២៧​មណ្ឌល ។ បេក្ខជន​មួយ​ចំនួន​មាន​បញ្ហា​សុខ​ភាពនៅ​ពេល​ចាប់ផ្តើម​ប្រឡង​នៅ​ថ្ងៃ​ទី​២ នា​ព្រឹក​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៩ មាន​បេក្ខជន​មួយ​ចំនួន​មាន​បញ្ហា​សុខភាព​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ និង​គ្រូ​អនុរក្ស​ជួយ​សង្គ្រោះ​ដាក់​សឺ​រ៉ូ​ម និង​បន្ត​ប្រឡង​ទៀត ។

ទោះបី​ក្រសួង​អប់រំ មិន​ទាន់​បូក​សរុប​ថា បេក្ខជន​ប្រឡង​បាក់​ឌុ​ប ប៉ុន្មាន​នាក់​ដែល​មាន​បញ្ហា​សុខភាព នា​ព្រឹក​ថ្ងៃ​ទី​២០​សីហា តែ​ចំនួន​ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​មាន​១៥២​ករណី ។ ខណៈ​ដែល​កាលពី​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​បាក់​ឌុ​ប មាន​បេក្ខជន​ចំនួន​៤៣​នាក់ មាន​បញ្ហា​សុខភាព ។

ក្រសួង​អប់រំ​បាន​ប្រកាស​ថា បេក្ខជន ដែល​មាន​បញ្ហា​សុខភាព​ក្នុង​ពេល​ប្រឡង​នា​ព្រឹក​ទី​២០ សីហា ដោយ​មាន​អាការ​វិលមុខ ខ្យល់គរ ក្អួត ជាដើម ។ ក្នុង​ពេល​នោះ​បេក្ខជន​ខ្លះ​បាន​បន្ត​ការ​ប្រឡង​ឡើង​វិញ បន្ទាប់​ពី​មាន​អាការ​ធូរស្រាល ដោយ​ការ​ទទួល​បាន​ជំនួយ​សង្គ្រោះ​បឋម​ពី​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​តាម​មណ្ឌល​នោះ និង​បេក្ខជន​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​បាន​ត្រឡប់​មក​មណ្ឌល​ប្រឡង​វិញ ដើម្បី​បន្តដំណើរ​សំ​ណេ​រ​ក្រោយ​ពី​បាន​ទទួល​ការ​ព្យាបាល ។

បេ​ក្ខ​នារី​សាត ស្រី​ប៉ុ​ច ពិការ​ដៃ​សងខាង​ពី​កំណើត​សង្ឃឹម​ប្រឡង​ជាប់ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​បញ្ចប់​ទៅ​ហើយ​ក្នុង​ដំណើរការ​យ៉ាង​រលូន ហើយ​នៅ​ក្នុង​នោះ​ដែរ ក្រសួង​អប់រំ​យុវជន និង​កីឡា បន្ត​ការ​យកចិត្តទុកដាក់​ការ​ធ្វើ​កំណែ​ជា​បន្ត​ទៀត ហើយ​លទ្ធផល​នៃ​ការ​ប្រឡង​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១០ កញ្ញា សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​ថ្ងៃ​ទី​១១ កញ្ញា ប្រកាស​ផ្សាយ​តាម​ខេត្ត​នានា ។

សម័យ​ប្រឡង​ឆ្នាំ​នេះ​យុវ​សិស្ស​ពិការ ត្រូវ​បាន​កត់សម្គាល់​មាន​ប្រមាណ​៤​នាក់ ក្នុង​នោះ​យុវតី​ស្រស់​ស្អាត​ម្នាក់​ពិការ​ដៃ​ទាំង​សងខាង ក៏​ជា​បេក្ខជន​ម្នាក់​ដែរ សម្រាប់​មណ្ឌល​ប្រឡង​វិទ្យាល័យ​ឫស្សី​កែវ នាង​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sath Sreypoch ហើយ​សព្វ​ថ្ងៃនេះ​កំពុង​នៅ​សិក្សា និង​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ រក​កម្រៃ​បំពេញ​ការ​រស់នៅ ហើយ​សល់​ថវិកា​ពី​ការ​ចំណេញ​ខ្លះ​ទុក​សម្រាប់​ការ​សិក្សា ។ បេក្ខ ជន​សាត ស្រី​ប៉ុ​ច ពិការ​ដៃ​សងខាង​ពី​កំណើត ត្រូវ​បាន​ប្រើ​ជើង​សម្រាប់​ការ​សរសេរ ។ ការ​ប្រឡង​នេះ​នាង​ហាក់​សង្ឃឹមថានឹង​ទទួល​បាន​លទ្ធផល​ល្អ ៕ ​