ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ជាង​៨០០០​នាក់​រៀប​ការ​ជាមួយ​ជនជាតិ​កូរ៉េ និង​បុរស​ប្រមាណ​៤០០​នាក់​យកប្រពន្ធ​កូរ៉េ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៨​ពាន់​នាក់​បាន​រៀប​ការ​ជាមួយ​ជនជាតិ​កូរ៉េ ហើយ​មាន​ប្រមាណ​៤០០​នាក់ មាន​ភរិយា​ជា​ជនជាតិ​កូរ៉េ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៨​ពាន់​នាក់​បាន​រៀប​ការ​ជាមួយ​ជនជាតិ​កូរ៉េ ហើយ​មាន​ប្រមាណ​៤០០​នាក់ មាន​ភរិយា​ជា​ជនជាតិ​កូរ៉េ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​លើក​ឡើង ខណៈ​អនុញ្ញាត​លោក អូ ណា​ក់​យ៉ុ​ង (Oh Nak-young)​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ដែល​ចប់​អាណត្តិ​ជួយ​ពិភាក្សា​ការងារ និង​ជម្រាបលា ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប នា​ព្រឹក​ថ្ងៃ​ទី​២១​សីហា នៅ​វិមាន​សន្តិភាព លោក​ឯកអគ្គរដ្ឋទូត​បាន​បាន​លើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​រវាង ប្រទេស​ទាំង​ពីរ ។ លោក​បាន​លើក​ឡើង​នូវ​ចំណុច​ពីរ​សំខាន់ ទី​១- គឺ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ និង​ទី​២- គឺ​ការងារ​ក្នុង​ក្របខ័ណ្ឌ​អនុ​តំបន់ និង​ការងារ​តំបន់ ។ លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​បាន​បញ្ជាក់​ថា ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង និង​មានការ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​មក​កម្ពុជា​នៅ​ក្នុង​ពេល​លោក​ធ្វើ​ជា​អគ្គរដ្ឋទូត​នៅ​កម្ពុជា គឺ​បាន​ជំរុញ​ការងារ​ទ្វេភាគី ពិសេស​លើ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍​ជាដើម ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ទូត​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ខែវិច្ឆិកា​នា​ពេល​ខាង​មុខ អាស៊ាន និង​កូរ៉េ​នឹង​ប្រារព្ធ​ខួប​នៃ​ទំនាក់ទំនង​នឹង​គ្នា​នៅ​សាធារណរដ្ឋ​កូរ៉េ គ្រា​ដែល​បច្ចុប្បន្ន​នេះ​កម្ពុជា​ជា​ប្រទេស​សម្របសម្រួល​កិច្ច​សន្ទនា​អាស៊ាន​-​កូរ៉េ ។ ដូច្នេះ​ហើយ កម្ពុជា​មាន​តួនាទី​សំខាន់​នៅ​ក្នុង​កិច្ច​ការងារ​រវាង​អាស៊ាន និង​កូរ៉េ​ផង​ដែរ ។ ពាក់ព័ន្ធ​ជាមួយនឹង​ក្របខ័ណ្ឌ​អនុ​តំបន់ គឺ​មេ គ​ង្គ​-​កូរ៉េ កន្លង​មកនេះ គឺ​យើង​មាន​យន្តការ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ​កូរ៉េ ដែល​ជា​ការ​ផ្ដួច ផ្ដើម​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ស្នើ​ឲ្យ​យន្តការ​នេះ​កើនឡើង​មួយ​កំរិត​ទៀត ឲ្យ​ដល់​ថ្នាក់​កំពូល ហើយ​សាធារណរដ្ឋ​កូរ៉េ​ទទួលយក​នូវ​សំណើ​របស់​សម្ដេច​តេ​ជោ​ផង​ដែរ ។ លោក​ទូត​ក៏​បាន​លើក​ឡើង​ថា ទោះបីជា​លោក​ត្រូវ​ចប់​អាណត្តិ​ក៏​ដោយ ប៉ុន្តែ​ការងារ គឺ​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត​លោក​ក៏​បាន​លើក​ឡើង​ពី​ការងារ​អាទិភាព​មួយ​ចំនួន ជា​ពិសេស​ក្នុង​ការងារ​ក្របខ័ណ្ឌ​ទន្លេមេគង្គ​នេះ​តែ​ម្ដង ។ ក្នុង​ជំនួប​នោះ​ដែរ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​កត់សម្គាល់​ដែរ​ថា ការ​វិនិយោគ ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​មានការ​រីក​ចម្រើន​មែន ក៏​ប៉ុន្តែ​សម្រាប់​ជួយ​រដ្ឋមន្ត្រី​ចង់​ឃើញ​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មានការ​កើនឡើង​ថែម​ទៀត ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​២​ធ្វើ​យ៉ាងណា​ពង្រីក​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​កាន់តែ​កើនឡើង​ថែម​ទៀត ហើយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​ភាគី​កូរ៉េ​បន្ត​ការ​នាំ​ចូល​នូវ​ផលិតផល​កសិផល​របស់​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​កូរ៉េ គ្រា​ដែល កម្ពុជា​មាន​សក្តានុពល​ជា​ច្រើន​ទៅ​លើ​ផលិតផល​កសិកម្ម​ដូច​ជា ស្វាយ​ជាដើម ។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​ចង់​ឃើញ​សាធារណរដ្ឋ​កូរ៉េ​បង្កើន​ការ​វិនិយោគ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ថែម​ទៀត ។ នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​លើក​នូវ​ចំនុច​មួយ​ចំនួន​ដែល​ភាគី​កម្ពុជា និង​កូរ៉េ​ត្រូវ​តែ​ខិតខំ​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ថែម​ទៀត​ដូច​ជា កម្រិត​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​បន្ត​ពង្រីក​និង​ពង្រឹង​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​រឹង​មាំ​ថែម​ទៀត ។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៨​ពាន់​នាក់ ដែល​បាន​រៀប​ការ​ជាមួយ​ជនជាតិ​កូរ៉េ ហើយ​មាន​ប្រមាណ​៤០០​នាក់ មាន​ភរិយា​ជា​ជនជាតិ​កូរ៉េ ដូច្នេះ​មាន​ន័យ​ថា ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​មានការ​កើនឡើង ។ សម្ដេច​ចង់​ឃើញ​ទំនាក់ទំនង​ទ្វេភាគី​នេះ​មិនមែន​ត្រឹមតែ​ការ​វិនិយោគ​សេដ្ឋកិច្ច​ពាណិជ្ជក​ម្ ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់​ឃើញ​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន និង​ប្រជាជន​មានការ​កើនឡើង​ថែម​ទៀត ។

សម្ដេច​ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សម្ដេច​គ្រោង​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​នៅ​ពេល​ខាង​មុខ ប៉ុន្តែ​មិន​ទាន់​បាន​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ