ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆមាស​ទី​១​នេះ​ជប៉ុន​វិនិយោគ និង​ពាណិជ្ជកម្ម​មក​កម្ពុជា​មាន​ទឹកប្រាក់​កើនឡើង​ជិត ៥០០​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៩ ទំហំ​នៃ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ជប៉ុន​មក​កម្ពុជា​មាន​ទឹកប្រាក់​កើនឡើង​ប្រមាណ​ជិត​៥០០​លាន​ដុល្លារ ខណៈ​ការ​នាំ​ចេញ​ទៅ ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​១៧០០​លាន​ដុល្លារ ។ នេះ​បើ​តាម​លោក…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៩ ទំហំ​នៃ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ជប៉ុន​មក​កម្ពុជា​មាន​ទឹកប្រាក់​កើនឡើង​ប្រមាណ​ជិត​៥០០​លាន​ដុល្លារ ខណៈ​ការ​នាំ​ចេញ​ទៅ ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​១៧០០​លាន​ដុល្លារ ។ នេះ​បើ​តាម​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព ជប៉ុន​ប្រចាំ​កម្ពុជា ក្នុង​ឱកាស​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា កាលពី​ថ្ងៃ​ទី​១៩ សីហា​នេះ នៅ​ទីស្តីការក្រសួង ។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​តែងតែ​រក្សា និង​បាន​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​សម្រាប់​កម្ពុជា ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៨ ទំហំ​នៃ​ការ​វិនិយោគឯកជន​ពី​ប្រទេស​ជប៉ុន​មាន​ទឹកប្រាក់​ប្រមាណ​៤៤០​លាន​ដុល្លារ​អា​មេ​រិ​ក ។

រីឯ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​១៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ហើយ​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៩ ទំហំ​នៃ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ជ​ប៉ុ មាន​ទឹកប្រាក់​កើនឡើង​ប្រមាណ​ជិត​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក រីឯ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១៧០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​ជំនួប​នោះ​ដែរ លោក​ឯកអគ្គរដ្ឋទូត Hidehisa HORINOUCHI បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​មក​បំពេញ​បេស ក​កម្ម​ការទូត​នៅ​កម្ពុជា និង​កោតសរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ ។

លោក​ទូច​ចប់​អាណត្តិ​ក៏​បាន​អះអាង​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​នានា​លើ​គ្រប់​វិស័យ​អាទិភាព​ជាមួយ​កម្ពុជា រួម​ទាំង​បន្ត​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​បច្ចេកទេស​ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ការ​វិនិយោគសាធារណៈ និង​ឯកជន​នានា​នៅ​កម្ពុជា ។

សូម​ជម្រាប​ជូន​ថា ក្នុង​អាណត្តិ​បី​ឆ្នាំ​នៃ​ការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​នេះ កម្ពុជា​-​ជប៉ុន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ (Japan ODA)​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​៥៥០​លាន​ដុល្លារ ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​ប្រមាណ​ជិត​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គាំទ្រ​លើ​វិស័យ​ជា​ច្រើន​រួម​មាន ៖ ផ្លូវ​, ស្ថាន​, ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​, ថាមពល​អគ្គិសនី​, អប់រំ​,​សុខាភិបាល និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​នានា និង​ទឹកប្រាក់​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ ជា​ឥណទាន សម្បទាន​សម្រាប់​ហិរញ្ញប្បទាន​បន្ថែម ដល់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ (​ស្ពាន​ព្រែក​ក្តាម​-​ក្រុង​ប៉ោយ​ប៉ែ​ត​) គម្រោង​អភិវឌ្ឍន៍ ចំណត​កុងតឺន័រ កំពង់​ផែ​ស្វយ័ត ក្រុងព្រះសីហនុ​, តង​ស្តា​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ និង​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី ។

វិភាគទាន​របស់​ប្រជាជន​ជប៉ុន សុទ្ធសឹងតែ​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍ​ជាតិ​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ