ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ជិត​៨០​អង្គ​គង់នៅ​វត្ត​មួយ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង​កំពុង​ប្រឈម​ការ​ដាច់​ចង្ហាន់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា វត្ត​មួយ​កន្លែង ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង និង​មាន​ព្រះសង្ឃ​ជិត​៨០​អង្គ​គង់នៅ​រៀន​បាលី​យ៉ាងច្រើន​កកកុញ​ផង កំពុង​ប្រឈម​នឹង​ការ​ដាច់​ចង្ហាន់ ចាប់ពី​ពេល​បច្ចុប្បន្ន​នេះ​តទៅ ខណៈ​ដែល​គណៈកម្មការ​វត្ត​ធម្មយុត​មួយ​នេះ​ទើប​ប្រឈម​នឹង​ការ​ចំណាយ​បច្ច័យ​រាប់​លាន​រៀល​ទៅ​លើ​ការ​ព្យាបាល​នេន​ៗ ជាង​១០​អង្គ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា វត្ត​មួយ​កន្លែង ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង និង​មាន​ព្រះសង្ឃ​ជិត​៨០​អង្គ​គង់នៅ​រៀន​បាលី​យ៉ាងច្រើន​កកកុញ​ផង កំពុង​ប្រឈម​នឹង​ការ​ដាច់​ចង្ហាន់ ចាប់ពី​ពេល​បច្ចុប្បន្ន​នេះ​តទៅ ខណៈ​ដែល​គណៈកម្មការ​វត្ត​ធម្មយុត​មួយ​នេះ​ទើប​ប្រឈម​នឹង​ការ​ចំណាយ​បច្ច័យ​រាប់​លាន​រៀល​ទៅ​លើ​ការ​ព្យាបាល​នេន​ៗ ជាង​១០​អង្គ ដែល​មាន​ជំងឺគ្រុនឈាម ហើយ​បាន​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ និង​សប្បុរសជន​នានា​ឲ្យ​ជួយ​ផ្គត់​ផ្គង​អាហារ​ផង ។

កាលពី​ព្រឹក​ថ្ងៃ​ទី​២០ សីហា​នេះ ព្រះ​ចៅអធិការ​វត្ត​ព្រះ​នាម កែម សុ​ថេ​ន និង​គណៈកម្មការ​រួម​ទាំង​តាជី​ដូនជី​ផង​បាន​ធ្វើការ​អំពាវនាវ​អំពី​ការ​ប្រឈម​នេះ តាម​រយៈ​អ្នក​សារព័ត៌មាន ដើម្បី​ស្វែងរក​ការ​ឧបត្ថម្ភ​នានា​ពី​ពុទ្ធបរិស័ទ និង​សប្បុរសជន​ពី​ទី​ជិត​ឆ្ងាយ ។ វត្ត​ធម្មកា​រាម (​វត្ត​ធម្មយុត​) មា​នទី​តាំងនៅ​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។ វត្ត​ធម្មយុត​មួយ​នេះ​បាន​បង្កើត​ឡើង​ក្ន​ង​ឆ្នាំ​១៩៩៦ ។ នេះ​បើ​តាម​សង្ឃដីកា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រះ​នាម កែម សុ​ថេ​ន ។

ព្រះ​តេជគុណ កែម សុ​ថេ​ន បាន​មាន​សង្ឃដីកា​ថា បច្ចុប្បន្ន​មាន​ព្រះសង្ឃ​ចំនួន​៧៧​អង្គ ដែល​កំពុង​គង់​រៀន​បាលី នៅ​ក្នុង​វត្ត​ធម្មកា​រាម​នេះ ដែល​ភាគច្រើន​ជា​នេន​តូច​ៗ និង​សុទ្ធតែ​ជា​កូនកំព្រា​ទៀត​ផង ។ ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​ទៀត​ថា កន្លង​មក​វត្ត​នេះ​មិន​ដែល​ជួប​ប្រទះ​នឹង​ភាព​ខ្វះ​ទេ ។ ប៉ុន្តែ​ក្រោយ​ពី​ព្រះសង្ឃ​ចំនួន​១៦​អង្គ ដែល​គង់នៅ​ក្នុង​វត្ត​នេះ​ជួប​នូវ​ជំងឺគ្រុនឈាម​ជា​បន្តបន្ទាប់ កាលពី​អំឡុង​ខែកក្កដា កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​នាំ​ឲ្យ​មានការ​ចំណាយ​បច្ច័យ​អស់​រាប់​លាន​រៀល​ទើប​ធ្វើ​ឲ្យ​ព្រះសង្ឃ​ជិត​៨០​អង្គ​ប្រឈម​នឹង​ការ​ដាច់​ចង្ហាន់​ជា​បណ្ដើរ​ៗ​នា​ពេល​នេះ ដោយសារ​ខ្វះខាត​បច្ច័យ​ទិញ​ចង្ហាន់​ផ្គត់ផ្គង់​ព្រះសង្ឃ​ពេល​ព្រឹក ។

សូម​បញ្ជាក់​ថា វត្ត​ធម្មកា​រាម នា​បច្ចុប្បន្ន​នេះ​មាន​បើក​សាលា​បាលី ដែល​មាន​ចំនួន​៤​ថ្នាក់ មាន​ព្រះសង្ឃ​និមន្ត​មក​ពី​តាម​បណ្ដា​វត្ត​នានា​មក​គង់​រៀន​បាលី​នៅ​ក្នុង​វត្ត​នេះ សរុប​ចំនួន​៧៧​អង្គ ហើយ​ព្រះសង្ឃ​ភាគច្រើន​ជា​កូនកំព្រា ។ នេះ​បើ​តាម​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក មាន លាវ អាចារ្យវត្ត​ធម្មកា​រាម ។ លោកតា​អាចារ្យ មាន លាវ បាន​ប្រាប់​ថា ព្រះសង្ឃ​ភាគច្រើន​ដែល​បួស​រៀន​នៅ​ក្នុង​វត្ត​នេះ គឺ​ខាង​ចៅអធិការ​វត្ត និង​គណៈកម្មការ​វត្ត​ជា​អ្នក​ធានា​រ៉ាប់រង​រាល់​ការ​ចំណាយ​ស្ទើរ​ទាំងស្រុង ។ នេះ​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​វត្ត តែ​មិនជា​បញ្ហា​អ្វី​ទេ លោកគ្រូ​ចៅអធិការ និង គណ​:​កម្ម​ការ​វត្ត​នៅ​អាច​ដោះស្រាយ​បាន ។

ជា​ពិសេស​ចង្ហាន់​ពេល​ព្រឹក តែ​ចង្ហាន់​ថ្ងៃត្រង់​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ព្រះសង្ឃ​ដែល​និមន្ត​ចេញ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​នៅ​ខាងក្រៅ ។ ជាមួយនឹង​ក្ដី​បារម្ភ​នឹង​ការ​ប្រឈម​ការ​ដាច់​ចង្ហាន់​ព្រះសង្ឃ​ជិត​៨០​អង្គ ដែល​កំពុង​គង់នៅ​វត្ត​ធម្មកា​រាម នា​ពេល​នេះ តាម​រយៈ​សារព័ត៌មាន​នានា ទាំង​ព្រះ​គ្រូ​ចៅអធិការ​វត្ត ទាំង​គណ​:​កម្ម​ការ រួម​ទាំង​តាជី​ដូនជី​ផង​បាន​ធ្វើការ​អំពាវនាវ ដល់​ពុទ្ធបរិស័ទ និង​សប្បរ​សជន​នានា មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ស្បៀងអាហារ​ក្ដី ជា​បច្ច័យ​ក្ដី ដើម្បី​បាន​ផ្គត់ផ្គង់​ចង្ហាន់​បន្ត​ដល់​ព្រះសង្ឃ​ជិត​៨០​អង្គ ដែល​កំពុង​គង់នៅ​រៀន​បាលី នៅ​ក្នុង​វត្ត​ធម្មកា​រាម​នេះ ។ ហើយ​បើ​គ្មាន​ពុទ្ធបរិស័ទ ឬ​សប្បុរស​ជាន​ជួយ​ឧបត្ថម្ភ​ទេ វត្ត​មួយ​នេះ​នឹង​ប្រឈម​ភាព​អត្តខាត់​កាន់តែ​ធ្ងន់ធ្ងរ​ជា​មិន​ខាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ