មហាសេដ្ឋី Ramit Sethi ប្រាប់​ពី​មូលហេតុ​គួរ​ចំណាយ​ច្រើន​លើ​ពិធី​អាពាហ៍ពិពាហ៍


មនុស្ស​ជា​ច្រើន​ចូល​ចិត្តការ​សន្សំ​សំចៃ​លុយ ប៉ុន្តែ​សម្រាប់​មហាសេដ្ឋី Ramit Sethi វិញ លោក​ប្រាប់​មក​ថា មាន​កត្តា​ខ្លះ​ក្នុង​ជីវិត​ដែល​អ្នក​ត្រូវ​តែ​ចាយវាយ​ច្រើន​លើ​វា ហើយ​ក្នុង​នោះ​រួម​មាន​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាដើម ។

លោក Sethi ដែល​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ជា​អ្នកនិពន្ធ​សៀរ​ភៅ I Will Teach You to be Rich បាន​ប្រាប់​ដល់ CNBC Make It ថា «​ដំបូន្មាន​របស់ខ្ញុំ​សម្រាប់​អ្នក គឺ​ទទួលស្គាល់​វា រៀបចំ​សម្រាប់​វា និង​កុំ​កុហក​ខ្លួនឯង​ឲ្យ​គិត​ថា​អ្នក​នឹង​ចំណាយ​តែ ១៦​ដុល្លារ​លើ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​» ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ចាប់ផ្តើម​សន្សំ​លុយ​ចាប់ពី​ពេល​នេះ​ទៅ ។ ប្រសិនបើ​អ្នក​គិត​ពី​អាយុ​ដែល​មនុស្ស​ភាគច្រើន​តែងតែ​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​ប្រាក់​ចំណូល និង​សមត្ថភាព​ក្នុង​ការ​សន្សំ​លុយ​របស់​អ្នក​នោះ អ្នក​អាច​នឹង​គិត​ចេញពី​ចំនួន​លុយ​ដែល​អ្នក​ត្រូវ​សន្សំ ដើម្បី​ពិធី​រៀប​ការ​ក្នុង​ក្តី​ស្រ​ម៉ៃ​របស់​អ្នក​ហើយ ។

លោក Sethi បាន​បន្ត​ទៀត​ថា អ្នក​មិន​គួរ​រង់ចាំ​រហូត​ដល់​អ្នក​ភ្ជាប់ពាក្យ ឬ​មាន​គូស្នេហ៍​ទេ ។ លោក Sethi ដែល​មាន​អាយុ ៣៦ ឆ្នាំ បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ខែកក្កដា​ឆ្នាំ​មុន ប៉ុន្តែ​លោក​បាន​រៀបចំ​សន្សំ​លុយ​តាំងពី​ពេល​លោក​អាយុ ២៤ ឆ្នាំ​មក​ម្ល៉េះ ។

មុន​ពេល​លោក​គិត​ថា លោក​ត្រៀមខ្លួន​រួច​សម្រាប់​អាពាហ៍ពិពាហ៍ លោក​បាន​និយាយ​ថា​លោក​ដឹង​ច្បាស់​ពី​កត្តា​ពីរ​យ៉ាង ។ ទី​មួយ គឺ​លោក​នឹង​រៀប​ការ​នៅ​ថ្ងៃ​ណាមួយ ហើយ​ទី​ពីរ គឺ​ថ្លៃ​ក្នុង​ការ​រៀបចំ​ពិធី​នឹង​ច្រើន​ជាង ៣​ម៉ឺន​ដុល្លារ ព្រោះ​លោក​ជា​ជនជាតិ​ឥណ្ឌា ។ ដោយហេតុ​ដូចនេះ លោក​បាន​ចាប់ផ្តើម​ទុក​លុយ​ជា​រៀង​រាល់​ខែ​ចូល​ក្នុង​គណនី​សន្សំ​មួយ​សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​លោក​នៅ​ថ្ងៃ​អនាគត ។

យ៉ាងណា​ក្តី លោក Sethi បាន​កត់​សម្គាល់ថា អ្វី​ដែល​សំខាន់​គឺ​ភាគី​ទាំង​ពីរ គួរតែ​អង្គុយ​ចុះ​និង​រៀបចំ​គម្រោងការ​សម្រាប់​ការ​ចាយវាយ​ដែល​អ្នក​ទាំង​ពីរ​ពេញចិត្ត ខណៈ​ដែល​គិតគូ​ពិចារណា​លើ​កត្តា​ផ្សេង​ៗ​ដែល​សំខាន់​សម្រាប់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នកផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ