ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសវ័យចំណាស់អាយុ៧៦ឆ្នាំ ត្រូវរថយន្តកិនពីលើស្លាប់ភ្លាមៗមួយរំពេច និងម្នាក់របួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់រវាងម៉ូតូបុកជាមួយម៉ូតូ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៥៥នាទីភ្លឺ ថ្ងៃទី២០ ខែសីហានេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកចូលទៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា ៖ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ សុង បេឡា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បើកបរម៉ូតូម៉ាកហុងឌ្រីម ពណ៌ខ្មៅ ធុនសេ១២៥ ជាបុគ្គលិកអង្គការប្រាសាក់ និងជនរងគ្រោះដែលស្លាប់ឈ្មោះ តាន់ ឌឿន ភេទប្រុស អាយុ៧៦ឆ្នាំ នៅភូមិសូភី កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូឆាលី ។
លោកនាយនាយរងការិយាល័យបានបញ្ជាក់ថា ៖នៅមុនពេលកើតហេតុ ឈ្មោះ តាន់ ឌឿន គាត់បានបើកបរម៉ូតូម៉ាកឆាលី ក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុចកើតហេតុផ្លូវបំបែកបានបត់ឆ្វេងទៅឃុំបុស្បូវ ទៅមើលចម្ការស្របពេលនោះមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលបើកបរដោយឈ្មោះសុង បេឡា បើកស្របទិសគ្នាពីពីក្រោយទិសដៅពីលិចទៅកើតដែរនោះបានទាក់នឹងដៃចង្កូត បណ្តាលឲ្យលោកតាតាន់ ឌឿន ដួលខ្ទាតទៅលើទ្រូងថ្នល់ក៏ត្រូវរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បើកបរទិសដៅពីកើតទៅលិចជាន់ពីលើចំពាក់កណ្តាលខ្លួន ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ចំណែករថយន្តបើករត់គេចខ្លួនបាត់ស្រមោល ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ។
ចំណែកឈ្មោះ តាន់ បេឡា ទៅលើចិញ្ចើមថ្នល់រងរបួសធ្ងន់បាក់ឆ្អឹងស្លាបប្រចៀវត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿង ខូចខាតស្រាល សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ