ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​មួយ​កំពុង​ធ្វើ​ឱ្យ​ពលរដ្ឋ​ឆ្ងល់​?​ការ​​ពិនិត្យ​របស់​ប៉ូលិស​ចរាចរណ៍​ខេត្ត​ប៉ៃលិន

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ រឿងរ៉ាវមួយ​កំពុងធ្វើ​ឱ្យហួសចិត្ត​ និង​​ធ្វើឱ្យមាន​ចម្ងល់​ជាខ្លាំង​ផងដែរ សម្រាប់​​ពលរដ្ឋដែល​ជា​អ្នក​ដំណើរ​​ ពិសេសអ្នកដំណើរ​​ដែលត្រូវបាន​កម្លាំងនគរបាលចរាចរណ៍ឃាត់រថយន្ត​ ដើម្បីសុំ​ត្រួតពិនិត្យ​​រថ​យន្ត និង​សួររក​​ឯកសារ រហូតសួររកដល់គល់បញ្ជី​​​ទៀត បានធ្វើឱ្យមានការ​​រិះគន់ខ្លាំងចំពោះ​ទង្វើ​របស់​មន្ត្រីនគរបាល​ចរា​ចរណ៍​​ខេត្តប៉ៃលិន​មួយ​ចំនួន​នៅ​​ទី​នោះ…

ខេត្តប៉ៃលិន ៖ រឿងរ៉ាវមួយ​កំពុងធ្វើ​ឱ្យហួសចិត្ត​ និង​​ធ្វើឱ្យមាន​ចម្ងល់​ជាខ្លាំង​ផងដែរ សម្រាប់​​ពលរដ្ឋដែល​ជា​អ្នក​ដំណើរ​​ ពិសេសអ្នកដំណើរ​​ដែលត្រូវបាន​កម្លាំងនគរបាលចរាចរណ៍ឃាត់រថយន្ត​ ដើម្បីសុំ​ត្រួតពិនិត្យ​​រថ​យន្ត និង​សួររក​​ឯកសារ រហូតសួររកដល់គល់បញ្ជី​​​ទៀត បានធ្វើឱ្យមានការ​​រិះគន់ខ្លាំងចំពោះ​ទង្វើ​របស់​មន្ត្រីនគរបាល​ចរា​ចរណ៍​​ខេត្តប៉ៃលិន​មួយ​ចំនួន​នៅ​​ទី​នោះ ។

ជាក់ស្តែង ​ពល​រដ្ឋ​ម្នាក់​​កំពុង​ធ្វើ​ដំណើរ​​តាមរថយន្តផ្ទាល់ខ្លួន​លើជាតិ​លេខ​៥៧ ​(ជាប់​ព្រំ​ប្រទល់ រវាង​ខេត្ត​ប៉ៃលិន និងខេត្តបាត់ដំបង) ក៏​​ត្រូវ​បាននគរបាល​ចរាចរណ៍​ឃាត់រថយន្ត​គាត់ ដើម្បី​សុំការ​ពិនិត្យ​និងសួរ​​​ឯក​សារ​បើកបរ​របស់គាត់​ទាំងអស់​រហូតសួរ​​គល់បញ្ជី​ ។ ខណៈ​កំពុងពិនិត្យនិងសួ​រនោះ​​​ គាត់​ឃើញ​រថយន្ត​ដឹក​ទំនិញ​​ផ្សេងៗ​បែរ​ជា​មិន​ឃាត់ពិនិត្យ​ដូច​​គាត់ទេ ដោយ​ឃើញគេ​ចុះ​​​​​មកសូក​ប្រាក់ក្រោមតុ​ ហើយ​និយាយ​តែពីរ​បី​ម៉ាត់​ ពួកគេ​ក៏​អាច​បើករថយន្ត​​ចេញទៅ​បាន ។ ​ សំណួរសួរថា ហេតុអ្វីទៅ? ​រវាងរថយន្តគាត់​និង​រថយន្ត​ទាំង​នោះ​ខុស​គ្នាយ៉ាងណា​ខ្លះ? ខណៈគាត់មាន​ឯក​​សារ​​​គ្រប់​អស់​​​ហើយនេះ តើនៅខ្វះអ្វីទៀត? ឬ​នៅ​ខ្វះ​​ការសូក​ប្រាក់​ក្រោមតុ​ឬ​យ៉ាងណា​? ​

ពលរដ្ឋ​ដែល​​ជួប​ហេតុ​ការណ៍​​គាត់​បានហួសចិត្ត ដោយគាត់​​សរសេរ​បង្ហោះ​​​ខ្លឹមសារទាំងស្រុង​​ថា​៖ «ខ្ញុំ​គ្រាន់​តែ​ជា​ពលរដ្ឋ​សម​ញ្ញ​ម្នាក់​ប៉ុណ្ណោះ​.. គ្មាន​អំណាច គ្មាន​ឥទ្ធិពល​អ្វី​គ្របដណ្ដប់​ទៅ​លើ​ដែន​សមត្ថកិច្ច​ឬ​តួ​នាទី​មន្ត្រី​នគរបាល​ជាតិ​ទេ​។ ប៉ុន្តែ​ខ្ញុំ​សុំ​ប្រើ​សិទ្ធិ​របស់ខ្ញុំ ដើម្បី​បញ្ចេញ​មតិយោបល់ ទស្សន​:​ផ្ទាល់ ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែល​មាន​ភារកិច្ច​ឬ​កាតព្វកិច្ច​ក្នុង​ការ​គោរព​ច្បាប់​រដ្ឋ និង ជាប់​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​លើ​យានយន្ត​របស់ខ្ញុំ​.. ដែល​ខ្ញុំ​មាន​..​។

ក្នុង​ន័យ​នេះ ខ្ញុំ​ចង់​លើកយក​អំពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដែល​ឡូ​កឡំ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន របស់​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរ​ណ៏​មួយ​ក្រុមនៃ​ស្នងការ​ខេត្ត​ប៉ៃលិន​។ កម្លាំង​មួយ​ក្រុម​នេះ កំពុង​មមាញឹក​រាល់ថ្ងៃ​នៅ​ចំណុច​«អូរ​រោង​គុក»លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​នៅ​ជាប់​ព្រំ​ប្រទល់ រវាង​ខេត្ត​ប៉ៃលិន និង ខេត្តបាត់ដំបង​។

ជាដំបូង​សារ​នេះ ខ្ញុំ​សូម​ផ្ញើរ​ជា​ពិសេស​ជូន​លោក សេង សុគន្ធ ស្នងការ​ខេត្ត និង លោក ជា សីហា នាយ​ការិយាល័យ​ចរាចរណ៍ នៃ​ខេត្ត​ជាប់​ជាយ​ដែន​ខ្មែរ​.​ថៃ មួយ​នេះ ជូន​ជ្រាប​ជា​ដំណឹង​បឋម​..​។ ខ្ញុំ​បាន​បើក​ឡាន​ចេញពី​ក្រុងប៉ៃលិន ឆ្ពោះទៅ​កាន់ ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​១៩ សីហា ២០១៩ ហើយ​នៅ​ម៉ោង​៩​គត់ ខ្ញុំ​បាន​មក​ដល់​ចំណុច​«អូរ​រោង​គុក​» ក៏​ត្រូវ​កម្លាំង​ចរាចរ​ណ៏​ប្រចាំ​គោលដៅ​នោះ កាក់​ឡាន​ខ្ញុំ​ដើម្បី​ត្រូ​ត​ពិនិត្យ​ឯកសារ​នានា​។

មន្ត្រី​ម្នាក់​លើកដៃ​គោរព​ខ្ញុំ​យ៉ាង​មាន​របៀប រួច​សុំ​ត្រូ​ត​ពិនិត្យ​ឯកសារ​យានយន្ត តែ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​កាន់​ឯកសារ​ទាំងអស់​ទៅ​បង្ហាញ​លោក​នគរបាល​៣​នាក់ ដែល​អង្គុយ​ដូច​កុង​សី​នៅ​ក្បែរ​តុ ក្រោម​ម្លប់​ស្វាយ​។ លោក​នគរបាល​ពាក់​ស័ក្ដិ​២​ម្នាក់​មាឌ​ល្អិត​អង្គុយ​ប្រឡោះ​កណ្ដាល​ជា​អ្នក​ពិនិត្យ​ឯកសារ​នោះ មាន​កាត​គ្រី និង ប័ណ្ណបើកបរ​របស់ខ្ញុំ​..​។ ប៉ុន្តែ​មិន​គ្រប់គ្រាន់​ទេ លោក​មាឌ​ល្អិត​នោះ​បាន​ទាម​ទារក​គល់បញ្ជី​ឈៀក​ទៀត​។

រឿង​សួរ​រក​គល់បញ្ជី​ឈៀក​នេះ ខ្ញុំ​បាន​តប​ទៅ​គាត់​ថា សន្លឹក​ឈៀក​គេ​បាន​បិត​លើ​កញ្ចក់​រថយន្ត​ខ្ញុំ​នៅ​ខាង​មុខ ហេតុ​អី​ក៏​លោក​មិន​ពិនិត្យ​.​? ស្រាប់តែ​លោក​មាឌ​ល្អិត​នោះ បើកភ្នែក​ធំ តម្លើង​បំពង់ក​សំឡុត​ដាក់​ខ្ញុំ​បែប​គ្មាន​សុ​ជីវ​ធ​ម៍​ថា «ខ្ញុំ​ត្រូវការ​ពិនិត្យ​ទាំង​នៅ​ជាប់​ឡាន ទាំង​គល់បញ្ជី​.. ព្រោះ​ខ្ញុំ​និយាយ​តែ​ពី​ច្បាប់ ខ្ញុំ​ត្រូវ​អនុវត្ត​តាម​ច្បាប់​…»​។ ខ្ញុំ​មិន​ហ៊ាន​តវ៉ា​លោក​ស័ក្ដិ​២​ល្អិត​ដ៍ម​ហិមា​នោះ​យូរ​ទេ​.. ខ្ញុំ​ក៏​ទៅ​យក​គល់បញ្ជី​ឈៀក​មក​ឲ្យ​គាត់​មើល​ទៀត​។

ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា ស្រប​ពេល​ដែល​លោក​ស័ក្ដិ​២​នោះ​កំពុង​ដេញដោល​សួរ​រក​ឯកសារ​ឡាន​ខ្ញុំ​សព្វគ្រប់ ស្រាប់តែ​គ្រានោះ​មាន​តៃកុង​ឡាន​ដឹក​ទំនិញ​និង​ឡាន​តាក់ស៊ី​ប៉ុន្មាន​នាក់ ដែល​ត្រូវ​លោក​នគរបាល​កាត់​សួរ​រក​ឯកសារ​ដែរ បាន​ចុះ​ពី​ឡាន​ដើរ​យក​លុយ​មក​ញ៉ា​ត់​ក្រោម​កា​តាប​ខ្មៅ​មួយ​នៅ​លើ​តុ​.. ទាំង​ដុំ​ៗ ក្បែរ​ខាងស្ដាំ​ដៃ​ខ្ញុំ ជា​បន្តបន្ទាប់​អម​ដោយ​ពាក្យ​ថា «អធ្យាស្រ័យ​មេ​.. ខ្ញុំ​មិន​បាន​ដាក់​ឯកសារ​មក​តាម​» រីឯ​ខ្លះ​ទៀត​ប្រាប់​ថា «ឯកសារ​ឡាន​ខ្ញុំ​កំពុង​ធ្វើ​..» រួច​ហើយ​ពួក​គេ​រត់ឡើង​ឡាន​បើក​ចេញ​ទៅ​ក្រោម​ក្រសែ​ភ្នែក​ខ្ញុំ និង ម្ចាស់​ឡាន​ប៉ុន្មាន​នាក់​ទៀត​ដែល​ឈរ​ព្រាត​នៅ​ទីនោះ​ដោយសារ​អត់​លុយ​សូកប៉ាន់​គេ​។

មើលឃើញ​ជាក់ច្បាស់​ផ្ទាល់​ភ្នែក នូវ​ទ​ង្វើ​បែប​ទុច្ចរិត​នេះ ខ្ញុំ​ក៏​រមាស់មាត់​ជ្រុល​សួរ​ទៅ​លោក​ស័ក្ដិ​២​រាង​ល្អិត​នោះ​ថា បើ​លោក​និយាយ​លើក​ឡើង​តែ​អំពី​ច្បាប់​.. ៗ.. ៗ ជាប់មាត់​រហូត​បែប​នេះ ចុះ​អម្បាញ់មិញ​នេះ​.. ខ្ញុំ​ឃើញ​តៃកុង​ឡាន​ប៉ុន្មាន​នាក់​យក​លុយ​ទាំង​ក្ដាប់​ៗ មក​ញ៉ា​ត់​ក្រោម​កា​តាប​នៅ​លើ​តុ​.. ជា​បន្ត​បន្ទាប់​.. ហើយ​ថែម​ទាំង​និយាយ​ថា ខ្ញុំ​មិន​បាន​ដាក់​ឯកសារ​តាម​.. តើ​នោះ​ជា​លុយ​អ្វី​.. ឬ ជា​លុយ​សូក​ប៉ាន់​..​?

លោក​ប៉ូ​លិ​ល​មាឌ​ល្អិត​នោះ ហាក់​ធ្លាក់​ទឹកមុខ តែ​បាន​ប្រឹងប្រែង​ឆ្លើយ​ដោះសា​រទាំង​បំពាន​ថា លុយ​នៅ​ណា​..​? នោះ​ជា​តុ​តើ​..​?​។ មែន​..! ពិតជា​តុ​មែន​..! ព្រោះ​ខ្ញុំ​ចង្អុល​លើ​តុ ដែល​ជា​ចំណុច​ដាក់​លុយ តែ​លុយ​សំណូក​ទាំងនោះ ត្រូវ​បាន​មន្ត្រី​ល្អិត​ម្នាក់​ទៀត​ដែល​គ្រប់គ្រង​កា​តាប បាន​ឆក់​ឱកាស​យក​លុយ​ញ៉ា​ត់​ចូល​កា​តាប​អស់ ស្រប​ពេល​ខ្ញុំ​ដើរទៅ​យក​ឯកសារ​ពី​ឡាន​បន្ថែម​។

ពិតមែនតែ​ការ​បកអាក្រាត​កម្លាំង​ចរាចរណ៍​នៅ​ប្រចាំ​គោលដៅ​ខាងលើ​នេះ គ្មាន​ភស្ដុ​តាង​ក្នុង​ដៃ តែ​ខ្ញុំ​បានឃើញ​ផ្ទាល់​ភ្នែក​។ ព្រោះ​ពេល​នោះ ខ្ញុំ​គ្មាន​ភារកិច្ច​ទៅ​សំកុក ចាំ​ថត​យក​ភស្ដុ​តាង​សូកប៉ាន់​នោះ​ទេ គឺ​ខ្ញុំ​ចូល​ទៅ​កន្លែង​នោះ​ដោយសារ​លោក​នគរបាល​កាក់​ត្រូ​ត​ពិនិត្យ​ឡាន​ខ្ញុំ​.. ទើប​ខ្ញុំ​ដឹង​និង​បានឃើញ​រឿង​នេះ​។

ដូចដែល​ខ្ញុំ បាន​រៀបរាប់​ខាងលើ​នេះ​.. ខ្ញុំ​សូម​សួរ​ទៅ​លោកស្នងការ​ខេត្ត​ប៉ៃលិន​ថា តើ​កន្លង​មក​លោក​ធ្លាប់​ឮ​ល្ហៀ​ង​ៗ​ខ្លះ​ទេ អំពី​ការ​អនុវត្ត​ច្បាប់​មិន​ប្រក្រតី នៃ​ក្រុម​ចរាចរណ៍​របស់​លោក​ខាងលើ​នេះ ? តើ​លោក​ជឿ​ទេ ចំពោះ​ការ​លើក​ឡើង​របស់ខ្ញុំ ដែល​ខ្វះ​ភស្ដុ​តាង​បែប​នេះ​.​?​។ ខ្ញុំ​មិន​បង្ខំ​ឲ្យ​ជឿ​ទេ​..​។

ប៉ុន្តែ​បើ​លោក​មិន​ជឿ ឬ ជឿជាក់​តិច​ទូច សូម​លោក​ចាត់​កម្លាំង​សម្ងាត់​ប្រកបដោយ​ឆ​ន្ទះ ចុះ​បន្លំ​ខ្លួន​ទៅ​តាម​ឃ្លាំមើល​សកម្មភាព​កម្លាំង​ជំនាញ​មួយ​ក្រុម​នោះ លោក​នឹង​បានដឹង​អំពី​ភាព​ស្អុយរលួយ​របស់​ក្រុម​នោះ​ហើយ តែបើ​លោកស្នងការ​នៅ​តែ​មិន​ខ្វល់ មិន​អើពើ​នឹង​រឿង​នេះ លោក​នៅ​តែ​ចាញ់បោក​កូនចៅ​របស់​លោក​ដដែល ដែល​តែង​ធ្វើ​របាយ​ការ​ណ៏​ភូត​កុហក​លោក រាល់ថ្ងៃ​។

ខ្ញុំ​គិត​ថា រឿង​នេះ​មិនធំ​ដុំ​ទេ​.. តែ​វា​ជា​មេរោគ​តូច​មួយ ដែល​អាច​បង្ក​ឲ្យ​ក្លាយជា​ជំងឺមហារីក ស៊ី​រូង​ផ្ទៃក្នុង​សង្គម​បាន​យ៉ាង​ងាយ បើ​យើង​មិន​ព្រម​ព្យាបាល​វា​ទេ​។ លោកស្នងការ​គួរតែ​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​អំពី​ចំណុច​ខ្វះខាត​ទាំងនេះ​។ តែ​យ៉ាងណា គេ​ជឿ​ថា ជន​ដែល​ប្រព្រឹត្ត​កំហុស​ដាច់ខាត​មិន​ទ​ទូល​កំហុស​ទេ ថែម​ទាំង​បដិសេធ​ដាច់​អ​ហ័​ង្កា​ទៀត​ផង​..។

បើ​មិន​សមរម្យ សូម​លោកស្នងការ​អធ្យាស្រ័យ​ផង​… ព្រោះ​ខ្ញុំ​លើក​មក​ជម្រាប​លោក ក្នុង​ន័យ​ស្ថាបនា ដើម្បី​ឈាន​ទៅ​រក​ភាពល្អ​ប្រសើរ​នៅ​ក្នុង​អង្គភាព​តែ​ប៉ុណ្ណោះ​..​។

យោងតាមការបង្ហោះរបស់ពលរដ្ឋខាងលើ ​គឺឃើញ​​មហាជន​​បាន​​ចូលរួម​ខមមិន​ជាច្រើននាក់ ​ហាក់​ពួកគាត់​ក៏​មិនសប្បាយនូវ​ទង្វើរបស់សមត្ថកិច្ចទាំងនោះ ​ពិសេស​ពលរដ្ឋ​ដែល​ធ្លាប់ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​​សួររក​ឯកសារ​​មិនចេះ​ចប់មិនចេះគ្រប់ ដែល​ក្នុង​ចេតនា​ហាក់ដូចចង់រកផលប្រយោជន៍ទៅវិញ​​នេះ ។ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ