ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បាតុកម្ម​ផ្ទុះ​នៅ​ហុងកុង…ហើយ​វា​នឹង​វឹកវរ​កម្រិត​ណា ?

4 ឆ្នាំ មុន

ទីក្រុង​ហុងកុង ​កំពុង​តែ​ជួបនឹង​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ បន្ទាប់​ពី​មានការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​អស់​ប្រមាណ​១០​ស​ប្តា​ហ៍​កន្លង​មក ។ បាតុកម្ម​បាន​ចាប់ផ្តើម​ដោយសារ​ការ​អនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ ហើយ​វា​បាន​រាលដាល​ដល់​រឿង​រ៉ាង​ដែល​ធំ​និង​ធ្ងន់​ជាង​នេះ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ ការ​ធ្វើ​បាតុកម្ម បាន​វិ​វ​ឌ្ឍ​ពី​មាន​អ្នកចូលរួម​ប៉ុន្មាន​លាន​នាក់…

ទីក្រុង​ហុងកុង ​កំពុង​តែ​ជួបនឹង​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ បន្ទាប់​ពី​មានការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​អស់​ប្រមាណ​១០​ស​ប្តា​ហ៍​កន្លង​មក ។ បាតុកម្ម​បាន​ចាប់ផ្តើម​ដោយសារ​ការ​អនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ ហើយ​វា​បាន​រាលដាល​ដល់​រឿង​រ៉ាង​ដែល​ធំ​និង​ធ្ងន់​ជាង​នេះ ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ ការ​ធ្វើ​បាតុកម្ម បាន​វិ​វ​ឌ្ឍ​ពី​មាន​អ្នកចូលរួម​ប៉ុន្មាន​លាន​នាក់ បង្ហាញ​ភាព មិន​ពេញចិត្ត​លើ​ផ្លូវថ្នល់​ហើយ​ឈាន​ដល់​ការ​សំរុកចូល​ក្នុង​កន្លែង​ការងារ​របស់​រដ្ឋាភិបាល និង​ថែម​ទាំង​បង្ក​ឲ្យ​មានការ​បិទ​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិរបស់​ទីក្រុង​ផង​ដែរ ។ បាតុករ​ភាគច្រើន​មិន​ប្រើ​ហិង្សា​ទេ ប៉ុន្តែ​ភាគី​ដែល​ចូលរួម​ទាំងអស់​កាន់តែ​ធុញថប់​នឹង​ស្ថាន​ការ​បច្ចុប្បន្ន ។

បាតុករ​កំពុង​តែ​ទាមទារ​ឲ្យ​មាន​ប្រជាធិបតេយ្យ​កាន់តែ​ធំធេង​ក្នុង​ទីក្រុង និង​ស្នើការ​បកស្រាយ ពី​ការ​ប្រើប្រាស់ ហិង្សា​ដោយ​ភាគី​ខាង​ប៉ូ​លី​ស​ទៅ​លើ​បាតុករ ។ មហាសេដ្ឋី​ធំ​ៗ​ក្នុង​ហុងកុង​កំពុង​តែ​សំណូម ពរ​ឲ្យ​មាន​សណ្តាប់ ធ្នាប់​ក្នុង​ទីក្រុង ហុងកុង​ប៉ុន្តែ​ភាព​ចលាចល​កាន់តែកើនឡើង ។ ខណៈ​ដែល​ភាព​ចលាចល​កាន់តែ​វឹកវរ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​កាន់តែ​ក្តៅស្លឹកត្រចៀក​ហើយ​និយាយ​ក្នុង​សំឡេង​ដែលកាន់តែ​ខ្លាំង ។

តើ​រឿង​នេះ​កើតឡើង​ដោយ​ដូច​ម្តេច ?
ហុងកុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ចិន ប៉ុន្តែ​ទីក្រុង​នេះ​មាន​រូបិយប័ណ្ណ ប្រព័ន្ធ​នយោបាយ និង​អត្តសញ្ញាណ​ប្រជាជន​ខុស​ពី​ប្រទេស ចិន ។ ប្រជាជន​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​ហុងកុង​មិន​គិត​ថា​ខ្លួនឯង ជា​ជនជាតិ​ចិន​ទេ តែ​ពួក​គេ​គិត​ថា​ខ្លួន​ជា​ជនជាតិ​ហុងកុង ។

ភាព​ខុស​គ្នា​នេះ​កើត​មាន​ឡើងជា​ច្រើន​ជំនាន់​មក​ហើយ ។ ទីក្រុង​ហុងកុង​ធ្លាប់​ជាទី​ក្រុង​ស្ថិត​ក្រោម​អាណា​និគម​របស់​ចក្រភព​អង់គ្លេស​អស់​ច្រើន​ជាង ១៥០​ឆ្នាំ រហូត​ដល់​ចក្រភព​អង់គ្លេស ប្រគល់​ហុងកុង​ឲ្យ​ទៅ​ប្រទេស​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧ ។ បច្ចុប្បន្ន​នេះ ប្រព័ន្ធ​នីតិសាស្ត្រ​របស់​ហុងកុង​មាន​រូបរាង ដូច​ប្រព័ន្ធ​អង់គ្លេស​ស្ទើរតែ​ទាំងស្រុង និង​មាន​តម្លាភាព​ខ្ពស់​ផង​ដែរ ។

ច្បាប់​មូលដ្ឋាន​របស់​ហុងកុង​ដែល​ត្រូវ​បាន​ចាត់ទុកជា​រដ្ឋធម្មនុញ្ញ​របស់​ទីក្រុង​នេះ​បាន​ចែង​ភាព​ខុស​គ្នា ។ ច្បាប់​នេះ​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ប្រជាជនហុងកុង​ច្រើន​ជាង​ជនជាតិ​ចិន​ដូច​ជា​សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម សេរីភាព​សារព័ត៌មាន និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ជាដើម ។

តម្លៃ​ចម្បង​មួយ​នៃ​ច្បាប់​មូលដ្ឋាន​ហុងកុង គឺ​ការ​ដែល​ហុងកុង​មាន​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍន៍​របបប្រជាធិប​តេយ្យ​របស់​ខ្លួន ហើយ​មន្ត្រី​រដ្ឋាភិបាល​ចិន​មុន​ៗ​បាន​សន្យា​ថា​រដ្ឋាភិបាល​កណ្តាល​ក្នុង ទីក្រុង​ប៉េ​កាំ​ង​នឹង​មិន ជ្រៀតជ្រែក សិទ្ធិ​នេះ​ដាច់ខាត ។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ប្រទេស​ចិន​បាន​ធ្វើការ​បកប្រែ​​ច្បាប់​​សា​ជា​ថ្មី​ជា​ច្រើន ដង​រហូត​មក​ដល់​បច្ចុប្បន្ន​ដែល​អះអាង​ថា ហុងកុង​ស្ថិត​ក្រោម​យុត្តាធិកា​ប្រទេស​ចិន​ទាំង​ស្រុង ។

ច្បាប់​មូលដ្ឋាន​ហុងកុង​ចែង​មក​ថា​ហុងកុង ត្រូវ​តែ​ការពារ​សិទ្ធិ​និង​សេរីភាព​របស់​ប្រជាជន​ក្នុង​រយៈពេល​៥០​ឆ្នាំ បន្ទាប់​ពី​ត្រូវ​បាន​ប្រគល់​ទៅ​ប្រទេស​ចិន ។ ប៉ុន្តែ​ប្រជាជន​ហុងកុង​ជា​ច្រើន​និយាយ​ថា ប្រទេស​ចិន​កំពុង​តែ​ចាប់ផ្តើម​ដកសិទ្ធិ​ទាំងនោះ​ហើយ ។ការ​គំរាមកំហែង​នេះ​បាន​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា និង​បង្ក​ឲ្យ​មានការ​ចាប់ខ្លួន​បាតុករ រាប់រយ​នាក់​មក​ហើយ ។

តើ​ការ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​អ្វី ?
បាតុកម្ម​ក្នុង​ហុងកុង​មាន​ទ្រង់ទ្រាយ និង​សភាព​ខុស​ៗ​គ្នា​ដូច​ជា មានការ​ធ្វើ​បែប​សា​តុ​កម្ម​ដោយ​ការ​ដើរ​ដង្ហែ​ក្បួន ដោយ​សន្តិវិធី​ទ្រង់ទ្រាយ​ធំ ឬ​ការ​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​ផ្សេង​ៗ ។ ពេល​ខ្លះ​វា​មាន​ទ្រង់ទ្រាយ ជា​ការ​ធ្វើ​សកម្មភាព​របស់​មនុស្ស​មួយ​ក្រុម​តូចដែល​ឈាន​ដល់​ការ​ប៉ះទង្គិច​គ្នា​ឬ​ក៏​មាន​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ ។

កាលពី​ពេល​ថ្មី​ៗ​នេះ អំពើ​ហិង្សា​បាន​ផ្ទុះ ឡើង​នៅ​អាកាសយានដ្ឋាន​ហុងកុង ហើយ​រឿង​នេះ​បាន​បង្ហាញ​ពី សញ្ញា​នៃ​ការ​តទល់​គ្នា​ថ្មី​មួយទៀត​ដែល​បង្ក​ឲ្យ​មានការ​ចាប់ខ្លួន​មនុស្ស​ចំនួន​ពីរ​រូប ។បាតុកម្ម​បាន​ចាប់ផ្តើម​នៅ​ខែមីនា ប៉ុន្តែ​វា​មាន​ទ្រង់ទ្រាយ​ធំ​ចាប់ពី​ខែមិថុនា ព្រោះតែ​ការ​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន ថ្មី​ដែល​បច្ចុប្បន្ន​​នេះ ត្រូវ​បានទុក​ចោល​មួយ​ឡែក​សិន ប៉ុន្តែ​តាំងពី​នោះ​មក​បាតុករ​បាន​ទាមទារ​របប​ប្រជា​ធិប​តេយ្យ​ពេញលេញ ព្រមទាំង​ទាមទារ​ឲ្យ​មាន ការទទួលខុសត្រូវ​ពី​ភាគី​ខាង​ប៉ូ​លី​ស​ផង​ដែរ ។ បាតុករ​មានការ​ខឹងសម្បា​ទៅ​នឹង​អ្វី​ដែល​គេ​អះអាង​ថា​ជា​ការ​ប្រើ​ហិង្សា​ពី​ភាគី​ខាង​ប៉ូ​លី​ស​។ បន្ទាប់​ពី​បាតុករ​ភេទ​ស្រី​ម្នាក់ រង​របួស​ភ្នែក​ក្នុងអំឡុង​ពេល​ធ្វើ​បាតុកម្ម បាតុករ​ដ៏​ទៃ​នៅ​អាកាសយានដ្ឋាន​បាន​នាំ​គ្នា​ពាក់​ម៉ាស់​ភ្នែក​ម្ខាង​ដើម្បី​រំលឹក​ពី​ស្ត្រី​ខាងលើ ។

ខណៈ​ដែល​បាតុកម្ម​មិន​មាន​មេដឹកនាំ​ត្រឹមត្រូវ មនុស្ស​ទាំងអស់​មិន​មាន​គោលដៅ​រួម​ឡើយ​។ ប៉ុន្តែ​ជា​ទូទៅ ការ​ទាមទារ​មាន​ចំនួន​ប្រាំ​ធំ​ៗ​គឺ ទី​មួយ លប់​ចោល​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​ទី​ពីរ មេដឹកនាំ​ហុងកុង បច្ចុប្បន្ន​គឺ​លោកស្រី ខែ​រី ឡា​ម ( Carrie Lam) ត្រូវ​ចុះ​ចេញពី​តំណែង ទី​បី​ត្រូវ​មានការ​ស៊ើបអង្កេត ទៅ​លើ​ភាព​សាហាវ​របស់​ប៉ូលិស ទី​បួន​ដោះ​លែង​បាតុករ​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ទី​ប្រាំហុងកុង​ត្រូវ​មាន​ប្រជាធិបតេយ្យ​កាន់តែ​ធំធេង ។

ចំពោះ​ការ​ធ្វើ​បាតុកម្ម បាតុករ​ត្រូវ​ប្រឈម​មុខ​នឹង​ប៉ូលិស​ហើយ​បាន​ក្លាយជា​គោលដៅ បុរស​អាវ​ស​កាន់​ដំបង ដែល​ត្រូវ​គេ​គិត​ថា​ត្រូវ​ដៃជើង​ជាមួយនឹង​រដ្ឋាភិបាល​ចិន​។ ប្រជាជន​ហុងកុង​ជា​ច្រើន​ជួប​ប្រទះ​ទុក្ខ​លំបាក ព្រោះតែ​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​ផ្សេង​ៗ​ត្រូវ​បាន​ផ្អាក​ដំណើរការ ។ ប៉ុន្តែ​ជា​រួមការ​ធ្វើ​បាតុកម្ម​មិន​បង្ក​ការ​គ្រោះថ្នាក់​អ្វី​ផ្សេង​ឡើយ ។
មូលហេតុ​អ្វី​បានជា​បាតុករ​ដាក់​គោលដៅ​លើ​អាកាសយានដ្ឋាន ? (សម្រួលដោយ៖ ស្រីណា)
(​អត្ថាធិប្បាយ​នឹង​មាន​ផ្សាយ​នៅ​ថ្ងៃស្អែក​ទៀត​)

អត្ថបទសរសេរ ដោយ