ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​២​ដួង ជីវិត​ឆ្លងកាត់​ការ​លំបាកលំបិន រងា​កំព្រា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​វង្ស ថា​ណា​ន់ និង​តារា​សម្តែង​ពេជ្រ ចរណៃ គឺជា​តារា​ថ្មី​ទើបតែ​ចាប់ផ្ដើម​ល្បីឈ្មោះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ពួក​គេ​ជា​ក្មេង​កំព្រា​ដែល​ប្រឹងប្រែង​កសាង​ជីវិត​ឲ្យ​មាន​រស្មី​នៅ​ពេល​ពេញវ័យ ។ កាលពី​ពេល…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​វង្ស ថា​ណា​ន់ និង​តារា​សម្តែង​ពេជ្រ ចរណៃ គឺជា​តារា​ថ្មី​ទើបតែ​ចាប់ផ្ដើម​ល្បីឈ្មោះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ពួក​គេ​ជា​ក្មេង​កំព្រា​ដែល​ប្រឹងប្រែង​កសាង​ជីវិត​ឲ្យ​មាន​រស្មី​នៅ​ពេល​ពេញវ័យ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​វង្ស ថា​ណា​ន់ និង​ពេជ្រ ចរណៃ បាន​ទៅ​មណ្ឌលកុមារ​កំព្រា​មួយ​ដើម្បី​ចែក​អំណោយ និង​លើកទឹកចិត្ត​ដល់​កុមារ​កំព្រា​។ នៅ​ចំពោះ​មុខ​ក្មេង​កំព្រា​ជា​ច្រើន អ្នក​ទាំង​ពីរ​បាន​ចែករំលែក​ក្ដី​ស្រ​ទ្បា​ញ់ ព្រមទាំង​អំណោយ​មួយ​ចំនួន​ផង ។ នោះ​គឺ​នៅ​មណ្ឌលកុមារ​កំព្រា​នួន​អក​ព្រៃ​ជុំ ស្ថិត​នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

តារាចម្រៀង និង​តារា​សម្ដែង​ទាំង​២​នាក់​សុទ្ធតែ​ជា​ក្មេង​កំព្រា ឳ​ពុក ម្ដាយ នៅ​ចំពោះ​មុខ​កុមារ​ដែល​មានជីវិត​ដូច​ពួក​គេ​ទាំងនោះ ពួក​គេ​និយាយ​ទាំង​អួល​ដើម​ក រលីងរលោង​ទឹកភ្នែក ។ ពួក​គេ​និយាយ​ផ្ដល់​កម្លាំងចិត្ត​ដល់​កុមារ ទាំងនោះ កុំឱ្យ​អស់សង្ឃឹម​នៅ​ក្នុង​ជីវិត ។

តារាចម្រៀង​វង្ស ថា​ណា​ន់ ឲ្យ​ដឹង​ថា​លោក គឺជា​កំព្រា​តាំងពី​វ័យ​កុមារ​ដោយសារ​តែ​ឳ​ពុក ម្ដាយ បែកបាក់​គ្នា ហើយ​បោះបង់​លោក បណ្ដាល​ឲ្យ​លោក​រស់នៅ​មណ្ឌលកុមារ​កំព្រា ក្នុង​ខេត្ត កំពង់ស្ពឺ ជា​ច្រើន​ឆ្នាំ ។
លោក​វង្ស ថា​ណា​ន់ និយាយ​ទៅ​កាន់ ក្មេង​ៗ ថា «​ជីវិត ប្អូន​ៗ​អាច​នឹង​មាន​អនាគត​ល្អ​ប្រសើរ​ជាង​បង​ផង បើ ប្រឹងរៀន​សូត្រ និង​តស៊ូ »​។

តារា​សម្ដែង​កញ្ញា​ពេជ្រ ចរណៃ និទាន​ពី​ប្រវត្តិ​ជីវិត​របស់​ខ្លួន​ថា នាង​អត់​មាន​ឳ​ពុក ម្ដាយបង្កើត ហើយ​ក្លាយជា​ក្មេង​រសាត់អណ្ដែត ខ្វះ​ភាព​កក់ក្ដៅ​ខ្លាំង​ជាង​កុមារ​កំព្រា ដែល​នៅ មណ្ឌល​នួន​អក​ព្រៃ​ជុំ នេះ​ទៅ​ទៀត ។ នាង​ទើបតែ​មានជីវិត​ប្រសើរ​ឡើង​ខ្លះ ក្រោយ​ពេល ជួប​ម្ដាយចិញ្ចឹម ។ ជីវិត​នាង​បាន​ហែល​ឆ្លង ឧបសគ្គ​រាប់​មិន​អស់ ទម្រាំ​មាន​ថ្ងៃនេះ ។

ពេជ្រ ចរណៃ និយាយ​ថា «​បើ​ថ្ងៃនេះ​នាង ខ្ញុំ​មិន​ចេះអក្សរ នាង​ខ្ញុំ​មិនមែន​ជា​តារា​សម្ដែង និង​មិន​ចេះ​ជំនាញ​ល្បុក្កតោ តើ​មាន​អ្នក​ណាខ្លះ គេ​ឲ្យ​តម្លៃ ។ អ៊ីចឹង​ហើយ​បង​សូម​ទទូច​ឲ្យ ប្អូន​ៗ កុមារ​កំព្រា​ខិតខំ​រៀនសូត្រ និង​កុំ​គិត​ថា ខ្លួន​ឯកា​»​។

កញ្ញា​ពេជ្រ ចរណៃ ប្រកាស​នឹង​បន្ត​ជួយ ដល់​មណ្ឌលកុមារ​កំព្រា​មួយ​នោះ​ទាំង កម្លាំងកាយ និង​កម្លាំង​ចិត្ត ប្រសិនបើ​មាន​តម្រូវការ ។ វង្ស ថា​ណា​ន់ និង​ពេជ្រ ចរណៃ បាន​ចែក អំណោយ​ដល់​កុមារ​កំព្រា​នា​ឱកាស​នោះ​រួម​ជាមួយ​តារា​ជា​ច្រើន​នាក់​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ