ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អ្នក​ចាប់​កណ្តុរ​លក់

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ នៅ​ព្រលឹម​ស្រាំង​ៗ​បុរស​ឈ្មោះ ង៉ែត នៅ​ក្នុង​ភូម​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ដើរ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៣​គីឡូម៉ែត្រ ដើម្បី​ទៅ​មើល​អង្គប់…

ខេត្តកណ្តាល ៖ នៅ​ព្រលឹម​ស្រាំង​ៗ​បុរស​ឈ្មោះ ង៉ែត នៅ​ក្នុង​ភូម​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ដើរ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៣​គីឡូម៉ែត្រ ដើម្បី​ទៅ​មើល​អង្គប់ និង​ដោះ​យក​សត្វ​កណ្តុរ ដែល​ជាប់​​អង្គប់​នោះ​មក​ផ្ទះ​វិញ​។ លោក ង៉ែត បាន​ប្រកបរ​បរជា​អ្នក​ដាក់​អង្គប់​ចាប់​សត្វ​កណ្តុរ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់​គាត់​។

អ្នកស្រី ហ៊ុំ ដែល​ជា​ភរិយា​របស់​លោក ង៉ែត បាន​ឲ្យ​ដឹង​ថា អង្គប់​ដែល​ប្តី​របស់​គាត់​យក​ទៅ ដាក់​រាល់ថ្ងៃ​បាន​ទិញ​ប្រទេស​វៀតណាម ដោយ​មាន​ម៉ូយ​យក​មក​លក់​ឲ្យ​ដោយ​ក្នុង​១០០​អង្គប់​តម្លៃ​១១​ម៉ឺន ៥​ពាន់​រៀល​។ រាល់ថ្ងៃ ប្តី​របស់​គាត់​បាន​ដាក់​អង្គប់​ក្នុង​មួយ​ថ្ងៃ​ចំនួន​៣០០ ប៉ុន្តែ​ពេល​ខ្លះ​ក៏​មាន​អ្នក​លួច​ផង​ដែរ ដែល​ធ្វើ​ឲ្យ​អង្គប់​មាន​ចំនួន​ថយ​ក​ចុះ​។ ប៉ុន្តែ​គាត់​បាន​ទិញ​បន្ថែម​ជា​បន្តបន្ទាប់ ។ ជាមួយនឹង​អង្គប់​ប្រមាណ​៣០០ លោក ង៉ែត ទាក់​កណ្តុរ​រស់​បាន​ប្រមាណ​ជា​២០​គីឡូក្រាម​។​បន្ទាប់​ពី​ធ្វើ​រួច សាច់សត្វ​កណ្តុរ​នៅ​សល់​ប្រមាណ​ជា​១០​គី​ឡួ​ក្រាម​។

ចំពោះ​តម្លៃ​វិញ​អ្នកស្រី ហ៊ំ បាន​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​ម៉ូយ​ដែល​ជា​អ្នកទិញ​កណ្តុរ​ធ្វើ​ហើយ បាន​ឲ្យ​គាត់​ធ្វើ​លក់​ឲ្យ​ក្នុង​តម្លៃ​១​ម៉ឺន​៥​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ចំណែក​ណ្តុ​រ​នៅ​រស់​វិញ​៧​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​។ កណ្តុរ​ទាំងនោះ ក៏​លក់​ឱ្យ​អ្នកទិញ​នៅ​ប្រទេស​វៀតណាម​ផង​ដែរ​។ ដើម្បី​ចាប់​កណ្តុរ លោក​ង៉ែត ត្រូវធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រមាណ​ជា​៣​គីឡូម៉ែត្រ ដោយ​ចេញ​តាំងពី​ព្រលឹម​ស្រាង​ៗ រហូត​ដល់​ពេល​ល្ងាច និង​ពេល​ខ្លះ​រហូត​ដល់​យប់​ក៏​មាន​។

នៅ​ពេល​ដែល​កណ្តុរ​ចាប់​បាន​ហើយ លោក ង៉ែត ត្រូវ​ប្រោះ​ទឹក​ទុក​ដើម្បី​កុំឱ្យ​វា​ងាប់​។ មុខរប​ទាក់​កណ្តុរ​ដោយ​ប្រើ​អង្គប់​នេះ​បាន​ធ្វើ​ឲ្យ​លោក​ង៉ែត និង​អ្នកស្រី​ហ៊ំ ដោះស្រាយ​ជីវភាព​បាន​មួយ​ចំនួន​ផង​ដែរ ដូច​ជា​ការ​ទិញ​ម្ហូបអាហារ អង្គរ និង​របស់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​គ្រួសារ​។

ពួក​គាត់​និយាយ​ថា ក្នុង​មួយ​ថ្ងៃ ពួក​គាត់​អាច​រក​ចំណូល​បាន​ពី​ការ​លក់​កណ្តុរ​ពី​៤​ម៉ឺន​រៀល ទៅ​១០​ម៉ឺន​រៀល​។ នៅ​ក្នុងភូមិ​ពាម​ប្រជុំ មាន​អ្នក​ចាប់​កណ្តុរ​លក់​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ផង​ដែរ​ក្រៅពី​លោក​ង៉ែត និង​អ្នកស្រី​ហ៊ំ​។ ក្រៅពី​ឧបករណ៍​អង្គប់​សម្រាប់​ទាក់​កណ្តុរ ប្រជាពលរដ្ឋ​ក៏​បាន​ប្រើប្រាស់​ខ្សែលួស ដើម្បី​ឆក់​កណ្តុរ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ