ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រៃសណីយ៍​ជំរុញ​ការ​ទិញ​លក់​ផលិតផល​នៅ​លើ​ទីផ្សារ​អន​ឡាញ…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​នៃ​ការ​ធ្វើ​អា​ជី​កម្ម​ទិញ​-​លក់​ផលិត​នានា​លើ​ទីផ្សារ​អន​ឡាញ​នៅ​កម្ពុជា​កំពុង​បង្ហាញ​នូវ​សញ្ញា​រីក​ចម្រើន​ឆ្ពោះទៅ​មុខ​បន្តិច​ម្តង​ៗ ថ្នាក់ដឹកនាំ​នៃ ប្រៃសណីយ៍​កម្ពុជា​ក៏​ចាប់ផ្តើម​ចូលរួម​ជំរុញ​ការ​ទិញ​និង​លក់​បន្ថែម​នៅ​ក្នុង​ទីផ្សារ​មួយ​ដោយ​ប្រើ​ដើមទុន​ដំបូង​ប្រមាណ​ជាង ១,៥ លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កម្ពុជា​អនុវត្ត​សេដ្ឋកិច្ច​ឌី​ជី​ថ​ល លេច​រូបរាង​ជា​បណ្តើរ​ៗ​។ ​លោក…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​នៃ​ការ​ធ្វើ​អា​ជី​កម្ម​ទិញ​-​លក់​ផលិត​នានា​លើ​ទីផ្សារ​អន​ឡាញ​នៅ​កម្ពុជា​កំពុង​បង្ហាញ​នូវ​សញ្ញា​រីក​ចម្រើន​ឆ្ពោះទៅ​មុខ​បន្តិច​ម្តង​ៗ ថ្នាក់ដឹកនាំ​នៃ ប្រៃសណីយ៍​កម្ពុជា​ក៏​ចាប់ផ្តើម​ចូលរួម​ជំរុញ​ការ​ទិញ​និង​លក់​បន្ថែម​នៅ​ក្នុង​ទីផ្សារ​មួយ​ដោយ​ប្រើ​ដើមទុន​ដំបូង​ប្រមាណ​ជាង ១,៥ លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កម្ពុជា​អនុវត្ត​សេដ្ឋកិច្ច​ឌី​ជី​ថ​ល លេច​រូបរាង​ជា​បណ្តើរ​ៗ​។

​លោក អោ​ក បូ​រ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរ​ក្រុមហ៊ុន Cambodia Post e-Solutions កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ នេះ​ថា Cambodia Post e-Solutions គឺជា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ការ​បញ្ជា​ទិញ​តាម​អន​ឡាញ​ធានា​ឱ្យ​អ្នកជំនួញ​អាច​លក់​បាន​សេវាកម្ម និង​ផលិតផល ឧបករណ៍​អគ្គិសនី​និង​គ្រឿង​សង្ហា​រឹម ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះបាយ គ្រឿងសំអាង​និង​ផលិត​ផ​ក្នុង​និង​ក្រៅ​ស្រុក​។ លើស​ពី​នេះ​អ្នកជំនួញ សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា អាច​ប្រើ​វា​ជា​កន្លែង​អាច​ផ្សព្វផ្សាយ លក់ និង​ទំនាក់ទំនង​អតិថិជន​យ៉ាង​ទូលំទូលាយ​ទាំង​ក្នុង​ប្រទេស​និង​ទៅ​ពិភពលោក​ទាំងមូល​។

​ក្នុង​ឱកាស​នោះ លោក ត្រាំ អ៊ី​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ កម្ពុជា​មាន​ប្រសាសន៍​ថា Cambodia Post e-Solutions បង្កើត​នូវ​វេ​ប​ផេ​ក Tinh Tinh Shop វា​ជា​ទម្រង់​សេវា Local Cross border E-Commerce Platform ជួយ​សម្រួល​អ្នកទិញ អ្នកលក់​គ្រប់​ទម្រង់​តូច​ធំ ជឿ​ទុកចិត្ត ចំណេញ​ពេលវេលា ប្រាក់​កាស​រហ័ស​ទាន់ចិត្ត​ទៅ​តាម​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​។

​លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា «​ខ្ញុំ​អាច​និយាយ​បាន​ដោយ​ភាព​ជឿជាក់​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​មាន​សក្តានុពល​ខ្ពស់ ប្រកបដោយ​ចិ​រ​ភាព ក្នុង​ការ​ក្តាប់​នូវ​កាលានុវត្តភាព​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​សេដ្ឋ​កិច្ច​ឌី​ជី​ថ​ល ដោយ​ឈរ​លើ​កត្តា​ចំនួន​៤ ៖ ទី​១-) ដោយសារ​វត្តមាន​យុវជន ភាព​អំណោយផល​ផ្នែក​ប្រជា​សាស្ត្រ ដ៏​ច្រើន​ដែល​មានការ​អប់រំ​ខ្ពស់ និង​ងាយ​ទទួលយក​នូវ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​រហ័ស​, ទី​២-) ការ​កើន​​ឡើង​យ៉ាង​រហ័ស​នៃ​ការ​ប្រើប្រាស់​ទូរ​សព្ទ័​ដៃ និង​ឧបករណ៍​ឆ្លាត​, ទី​៣-) ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ផ្នែក​បច្ចេកវិទ្យា​តាម​រយៈ​លំហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស

និង​ទី​៤-) ឥទ្ធិពល​ដ៏​លឿន​នៃ​ឌី​ជី​ថ​ល​ភាវូបនីយកម្ម ដែល​កំពុង​កើត​មាននៅ​ក្នុង​គ្រប់​សម័យ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ចជាតិ​។​ជាក់ស្តែង​ប្រទេស​កម្ពុជា សេដ្ឋកិច្ច​ឌី ជី​ថ​ល កំពុង​លេច​រូបរាង​ជា​បណ្តើរ​ៗ​ស្រប​ពេល​ដែល​មានការ​បង្កើត​សកម្មភាព​អាជីវកម្ម​ថ្មី​ៗ ដូច​ជា ការ​ប្រើ ប្រាស់ ការ​ទូទាត់​ឌី​ជី​ថ​ល​, ការ​កើនឡើង​នូវ​សកម្ម​ភា​ប​កម្សាន្ត​អន​ឡាញ​, សកម្មភាព​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ជាដើម​។​ជាមួយ​គ្នា​នេះ​អ្នក​ប្រើប្រាស់​កំពុង​កើនឡើង​និង​កំពុង​តែ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនោះ​»​។

​សូម​បញ្ជាក់​ថា​ថ្មី​ៗ​នេះ​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​បាន​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​មួយ​ស្តី​ពី​ពាណិជ្ជកម្ម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដោយ​តំណាង​រាជរដ្ឋាភិបាល​ថា​អះអាង​ថា សេចក្តីព្រាងច្បាប់​នេះ​គឺជា​យន្តការ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​កម្ពុជា​កាន់តែ​ទំនើប ។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ គណៈ​កម្ម​ការ​ជំនាញ​រដ្ឋសភា​គឺ គណៈកម្មការ​សាធារណការ ដឹក​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា និង​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ជួប​ពិភាក្សា​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​សហការី ដើម្បី​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ខាងលើ​នេះ​បន្ថែម​ទៀត ។

​លោក ប៉ាន សូរ​ស័ក្តិ បាន​ជម្រាប​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី ពាណិជ្ជកម្ម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ក្នុង និង​ក្រៅប្រទេស ប្រកបដោយ​ទំនុកចិត្ត តាម​រយៈ​ការ​ទទួលស្គាល់​សុពលភាព អនុភាព ភាព​អាច​អនុវត្ត​បាន និង​ភាព​អាច​ទទួលយក​បាន​នៃ​ទំនាក់ទំនង​អេ​ឡិច​ត្រូ​និ​ច កំណត់​ត្រា​អេ​ឡិច​ត្រូ​និ​ច និង​កិច្ចសន្យា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ព្រមទាំង​មានការ​ទទួលស្គាល់​យថាភូត​ភាព​នៃ​កំណត់​ត្រា​អេ​ឡិច​ត្រូ​និ​ច និង​ហត្ថ​លេខា​​អេ​ឡិច​ត្រូ​និ​ច ដែល​កំណត់​ដោយ​បច្ចេកវិទ្យា និង​គ្រប់គ្រង​ដោយ ស្ថាប័នរដ្ឋ​។

​យ៉ាងណាមិញ បើ​ក្រឡេក​មើលទៅ​ទីផ្សារ​អន​ឡាញ​ថ្មី​របស់​ប្រៃសណីយ៍​កម្ពុជា បើ​តាម​លោក​អគ្គនាយក បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណាក់កាល​ដំបូង Cambodia Post e-Solutions ប្រើ​ដើមទុន​ដំបូង​ប្រមាណ​ជាង ១,៥ លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​មាន​ម្ចាស់​ភាគហ៊ុន​ចំនួន​៣ ក្នុង​នោះ​ប្រៃសណីយ៍​កម្ពុជា​មាន​ភាគ​ហ៊ុន​១០% គិត​ជា​ទុន​វិនិយោគ​ស្មើ​ប្រមាណ ១៥៧.៣៣០​ដុល្លារ​អា​មេ​រិ​ក​, ZVS Investment មាន​ហ៊ុន​៥០% ស្មើ​ប្រមាណ​៧៨៦.៦៥០​ដុល្លារ​អា​មេ​រិ​ក និង​Paxxa Mobile Solution មាន​ហ៊ុន ៤០% ស្មើ​ប្រមាណ​មាន​៦២៩.៣២០​ដុល្លារ​អា​មេ​រិ​ក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ