ខេត្តបន្ទាយមានជ័យ ៖ ព្រះមហាធម្មាលង្ការោ ចាន់ សុជន ប្រធានស្ដីទីនៃសមាគមធម្មកថិកកម្ពុជា និងជាព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) បានជំរុញការរៀបចំប្រព័ន្ធអប់រំយ៉ាងល្អប្រសើរ ព្រមទាំងស្ថាបនាអារាមដ្ឋានឲ្យមានស្ដង់ដា និងសោភ័ណភាពគួរជាទីជ្រះថ្លាចំពោះបូជនីយេសក៍ បង្កើតកម្មវិធីជួយគាំពារកិច្ចការសង្គម និងដឹកនាំភិក្ខុសង្ឃក្រោមឱវាទប្រមាណជិត២០០អង្គ ។
ព្រះមហាធម្មាលង្ការោ ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់)បានបង្ហាញប្រវត្តិខ្លះៗឱ្យដឹងថា វត្តប្រាសាទស្រះកណ្តាល (ខ្ចាស់) ស្ថិតក្នុងភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីព្រះអង្គបានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទស្សនវិជ្ជានៅប្រទេសស្រីលង្ការួចមក នៅឆ្នាំ២០១៣ ព្រះអង្គបានធ្វើមាតុភូមិនិមន្ដន៍មកកាន់ប្រទេសកម្ពុជាវិញ ដោយគង់ស្នាក់នៅក្នុងវត្តប្រាសាទស្រះកណ្ដាល (ខ្ចាស់) ជាអារាមកំណើតរបស់ព្រះអង្គ ។
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់)បានមានសង្ឃដីកាបន្តថា ដំណឹងផលបុណ្យនៃការត្រាស់ដឹងឡើងនៃព្រះពុទ្ធទាំងឡាយនាំមកនូវសេចក្តីសុខក្នុងលោក អាស្រ័យការសិក្សារៀនសូត្រនិងស្តាប់ព្រះធម៌មកធ្វើឱ្យពុទ្ធបរិស័ទគ្រប់រូបទាំងបុព្វជិតទាំងគ្រហស្ថមានសេចក្តីជ្រះថ្លាចំពោះគុណរបស់ព្រះអង្គយ៉ាងក្រៃលែង ទើបព្រះអង្គមានគំរោងដឹកនាំកសាងព្រះពុទ្ធបដិមាអង្គធំកម្ពស់៨០ម៉ែត្រ មានអគារទ្របីជាន់ជាសេនាសនៈសង្ឃដែលមិនធ្លាប់មានឡើយលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់)បានមានសង្ឃដីកាបន្តថា ពេលចាប់ផ្តើមដំបូងមានតែចំនួនព្រះសង្ឃតែ៣អង្គប៉ុណ្ណោះដែលបានត្រួសត្រាយរៀបចំទីកន្លែងដែលគ្មានអ្វីសោះ បានដឹកនាំពុទ្ធបរិស័ទក្រៅ និងក្នុងប្រទេសយ៉ាងច្រើនដើម្បីផ្តួចផ្តើម ហើយក្នុងវត្តនេះកសាងទាំងពីរ មានសម្ភារៈ និងស្មារតី មកដល់ពេលនេះព្រះសង្ឃមានចំនួន១៧៨អង្គ រាល់បច្ច័យដែលបានមកជាពិសេសពីបុណ្យធំៗចំនួន៣ កឋិនទានសាមគ្គីថ្ងៃចុងក្រោយគេជាប្រចាំ ផ្កាប្រាក់សាមគ្គី និងបុណ្យភ្ជុំបិណ្ឌ ។ បច្ច័យដែលបានចំណាយរួចហើយរយៈពេល៦ឆ្នាំកន្លងទៅនេះបានចំណាយអស់ជាងបីលានដុល្លា ហើយគម្រោងចំណាយបន្តដើម្បីបញ្ចប់សំណង់ព្រះពុទ្ធអង្គធំនៅពេលខាងមុខចំនួនជាង៥លានដុល្លារ ពេលនេះកំពុងជួបការខ្វះខាតខ្លាំង។
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់)បានមានសង្ឃដីកាបន្តថា រាល់ការចំណាយរាល់ការចំណាយបានមកផ្នែកធម្មទាន ផ្នែកនេះបានផ្សព្វផ្សាយតាមរយៈការបោះពុម្ពសៀវភៅនិងអន្ដរបណ្ដាញ ដូចជា វិទ្យុ, ទូរទស្សន៍, ហ្វេសប៊ុក យូធូបនិងគេហទំព័រផ្សេងៗ ។ ធម្មទានទាំងនោះជាអាទិ៍ដូចជា បានរៀបចំប្រព័ន្ធពុទ្ធិកសិក្សាស្របតាមក្រសួងសម្រាប់សមណសិស្សធម្មៈនិងពុទ្ធិកៈ, ការសម្ដែងធម៌ក្នុងពិធីបុណ្យ កម្មវិធីអប់រំ កម្មវិធីមង្គលនិងកម្មវិធីសង្គមជាដើម, ធ្លាប់ទទួលរៀបចំពិធីបុណ្យពុទ្ធសាសនានានាពីក្រៅប្រទេសមានវិសាខបូជាជាដើម។
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) បានរៀបរៀងសៀវភៅ សុខភាពផ្លូវចិត្តទាំងអស់មានចំនួន៤ភាគ, សៀវភៅ ពុទ្ធសាសនាសម្រាប់អ្នកសិក្សាដំបូង(ប្រែពីភាសាអង់គ្លេស), សៀវភៅ សំណួរ-ចម្លើយកម្មផល, សៀវភៅ មូលដ្ឋានគ្រឹះព្រះពុទ្ធសាសនា, សៀវភៅ កម្រងនៃទម្លាប់ល្អ, សៀវភៅ សំណួររបស់ខ្ញុំ ចម្លើយរបស់អ្នក, សៀវភៅ ហេតុផលក្នុងព្រះពុទ្ធសាសនា, សៀវភៅយល់ដឹងពីការចូលវស្សា ដង្ហែទៀនវស្សានិងសាដក។
សៀវភៅយល់ដឹងពីការចេញវស្សា កឋិនទាននិងអានិសង្សលាភ, សៀវភៅ កម្រងបទអប់រំខ្លី ទាំងអស់មាន៨ក្បាល (ស្នាដៃរួមរបស់វត្តខ្ចាស់), សៀវភៅ ទសពិធរាជធម៌ និងកឋិនទាន, សៀវភៅ ធម្មទស្សនកិច្ចសិក្សានិងបរិស្ថានស្អាត, សៀវភៅ សមិទ្ធផលនិងទស្សនៈរួមជុំវិញការបង្កើតសាលាពុទ្ធិកៈ, សៀវភៅ មន្ត្រីពិត, សៀវភៅ អត្ថន័យបុណ្យវិសាខបូជា, រួមទាំងអត្ថបទអប់រំផ្សេងៗជាច្រើនទៀត ។
លើសពីនេះទៀត ព្រះអង្គបានជួលស្ថានីយ៍វិទ្យុនិងទូរទស្សន៍ជាច្រើនទីតាំងរួមមាន ក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងក្រុងភ្នំពេញ ដើម្បីពង្រីកការផ្សាយឲ្យទូលំទូលាយទៀតផង ។
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់)បានមានសង្ឃដីកាបន្តថា សមិទ្ធផលអន្តរកាលទី១ ចាប់តាំងពីឆ្នាំ២០១០ មកទល់នឹងពេលបច្ចុប្បន្ន ក្រោយការធ្វើមាតុភូមិនិមន្ដន៍របស់ព្រះមហាធម្មាលង្ការោ ចាន់ សុជន មក ព្រះអង្គបានកៀងគរដឹកនាំពុទ្ធបរិស័ទសាងសង់សមិទ្ធផលសម្រេចជាបន្តបន្ទាប់ដូចជា៖ -ស្រះទឹកដ៏ធំមួយ ប្រវែង១៧០ម៉ែត្រ×៣៥ម៉ែត្រ(បច្ច័យបានមកពីបុណ្យផ្កាប្រាក់), របងជុំវិញអាវាសវត្ត (សទ្ធាពុទ្ធបរិស័ទទាំង៥ភូមិនិងបរិស័ទជិតឆ្ងាយ), វច្ចកុដិ៥ (បច្ច័យវត្ត), កុដិសីល១ល្វែង មាន៥បន្ទប់ (សទ្ធាពុទ្ធបរិសទ្យជុំវិញវត្ត), កុដិសមាធិ១ល្វែង មាន៥បន្ទប់ (សទ្ធាពុទ្ធបរិស័ទ), កុដិបញ្ញា១ល្វែង មាន៥បន្ទប់ (សទ្ធាពុទ្ធបរិសទ្យ), បានចូលរួមបច្ច័យចំនួន១២.០០០ដុល្លារ កសាងកុដិវត្តបទុមវតី ក្រុងភ្នំពេញ, ប្រព័ន្ធអគ្គិសនី (បច្ច័យវត្ត) ។
ប្រព័ន្ធទឹកស្អាតនិងបណ្ដាញទឹក (សទ្ធាពុទ្ធបរិសទ្យក្នុងនិងក្រៅស្រុក), អគារពុទ្ធិកសិក្សា(សទ្ធារបស់លោក ផាន់ វណ្ណរ័ត្ន និងភរិយា), កុដិទសពិធរាជធម៌ មាន១០បន្ទប់(សទ្ធារបស់លោកនាយឧត្តមសេនីយ៍កែ គឹមយ៉ាន), កុដិទសបារមី១០បន្ទប់ (សទ្ធារបស់សប្បុរសជននៅក្រៅប្រទេស), វច្ចកុដិ២០បន្ទប់(ជំនួយរបស់អង្គការFra), ឈាបនដ្ឋាន១ (ជំនួយអង្គការFra), កុដិសារីបុត្រ១បន្ទប់ (សទ្ធារបស់សប្បុរសជននៅក្រៅប្រទេស), កុដិអានន្ទ១បន្ទប់(សទ្ធារបស់ឧបាសិកា ឡេង ឈុនកួយ) និងការចាក់ដីបំពេញទីវត្ត មានទំហំ៧៥.០០០ម៉ែត្រការ៉េ (សទ្ធាបរិស័ទជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស) ។
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់)បានមានសង្ឃដីកាបន្តថា សមិទ្ធផលអន្ដរកាលទី២ (២០១៧-២០១៩) ធម្មបណ្ណាល័យ សម្រាប់តម្កល់គម្ពីរដីកានិងក្បួនច្បាប់, សួនច្បារ៤កន្លែង (សួនព្រះជយវរ្ម័នទី៧, សួនសមាធិ, សួនអភ័យទាន និងសួនពុទ្ធសា្ថន), ខឿនពោធិព្រឹក្សនិងសំវេជនីយដ្ឋាន៤កន្លែង (កន្លែងទ្រង់ប្រសូត កន្លែងទ្រង់ត្រាស់ដឹង កន្លែងទ្រង់សម្ដែងធម្មចក្រ និងកន្លែងទ្រង់បរិនិព្វាន), ថូបារាមចម្លងពីប្រទេសស្រីលង្កា, សិង្គុត្តរចេតិយចម្លងពីប្រទេសភូមា, គជទ្វារ(ខ្លោងទ្វាររូបដំរី)ទាំង៤ទិស កសាងរួចរាល់បាន២ទិស, ផ្លូវក្រាលបេតុងខ្វាត់ខ្វែងក្នុងផ្ទៃវត្តជាច្រើនខ្សែ សរុបប្រមាណ១៥០០ម៉ែត្រ, កម្រាលបេតុងក្នុងផ្ទៃវត្តរាប់រយម៉ែត្រក្រឡា, កុដិនាថករណធម៌១០បន្ទប់, វច្ចកុដិថ្មី(បង្គន់)ចំនួន៣០បន្ទប់, កញ្ចុះធំ-តូចនិងទោងឈើសម្រាប់អង្គុយកម្សាន្ដនិងធ្វើធម្មកិច្ច សរុបទាំង២៥កន្លែង និងសេនាសនៈផ្សេងៗទៀត (ឃ្លាំងបរិក្ខារ,ឃ្លាំងគរុភណ្ឌ…) ។
សមិទ្ធផលអន្ដរកាលទី១និងអន្ដរកាលទី២នេះ គឺជាសមិទ្ធិដែលបានសម្រេចលេចចេញជារូបរាងពិតប្រាកដហើយ តាមរយៈការដឹកនាំរបស់លោក និងតាមរយៈការចូលរួមបរិច្ចាគរបស់ប្រជាពុទ្ធបរិស័ទគ្រប់ស្រទាប់វណ្ណៈគ្រប់ទិសទី ។
គម្រោងសមិទ្ធិផលនាពេលអនាគត(សមិទ្ធិដែលកំពុងនិងបន្ដសាងសង់), ព្រះវិហារសុវណ្ណប្រាសាទ បានកំពុងនឹងសាងសង់បន្ដ, ថែវគោបុរៈ(របងជុំវិញព្រះវិហារទាំង៤ទិសដែលមានបុស្បុក៨) បាន កំពុងនឹងសាងសង់, ព្រះពុទ្ធរូបអង្គធំកម្ពស់៨០ម៉ែត្រ បានកំពុងនឹងបុកគ្រឹះសាងសង់, គជទ្វារ(ខ្លោងទ្វាររូបដំរី)នៅសល់ពីរទិស បានកំពុងនឹងសាងសង់, ស្ពាននាគទាំង៤ទិស បានកំពុងនឹងសាងសង់, អគារពុទ្ធសាសនិកជនអក្សរអិល (L) ពីរល្វែង និងបួនជាន់ ដែលអគារនីមួយៗមានទំហំ៦៨ម៉ែត្រ×១២ម៉ែត្រ កម្ពស់២២ម៉ែត្រ បានកំពុងនឹងបុកគ្រឹះសាងសង់ ។
មកដល់ឥឡូវនេះ សមិទ្ធផលទាំងនេះបានផុសបង្អួតខ្លួនយ៉ាងស្កឹមស្កៃថ្មីសន្លាងត្រដែតត្រដឹមងើបឈរឡើងយ៉ាងព្រោងព្រាតពាសពេញទីវត្តអារាម ដែលពីមុនមកជាទីព្រៃស្មសាន វាលរហោឋានមានតែដុបគុម្ពោតប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ