នៅទីបំផុតតារាចម្រៀងជើងចាស់អ្នកម្នាង ស៊ីសុវត្ថិ សៀង ឌី បានទទួលមរណភាពហើយក្នុងជន្មានយុជាង ៧០ ឆ្នាំ នៅលើទឹកដីសហរដ្ឋអាមេរិក ដោយសារដួលចៃដន្យត្រូវក្បាលធ្ងន់ធ្ងរធ្វើឱ្យបែកសរសៃឈាមខួរក្បាល ។ ដំណឹងមរណភាពរបស់អ្នកម្នាងត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុកជាមួយនឹងការសោកស្តាយយ៉ាងក្រៃលែងផងដែរ ។
បើយោងតាមផេកហ្វេសប៊ុករបស់ក្រុមព្រះសុរិយា បានឱ្យដឹងថា អ្នកម្នាង ស៊ីសុវត្ថិ សៀង ឌី បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ Lakwood រដ្ឋកាលីហ្វនៀ សហរដ្ឋអាមេរិក កាលពីម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ម៉ោងនៅប្រទេសកម្ពុជា ។
ក្នុងនាមក្រុមព្រះសុរិយា និងបងប្អូនអ្នកស្នេហាវិស័យសិល្បៈទាំងអស់ សូមសម្តែងនូវសេចក្តីក្តុកក្តួលអួលអាក់ជាពន់ពេកចំពោះការបាត់បង់វរសិល្បករខ្មែរដ៏ល្បីល្បាញរូបនេះ ។ ក្នុងនាមជាអ្នកស្រឡាញ់មរតកសិល្បៈចម្រៀង និងភាពយន្តខ្មែរមុនឆ្នាំ១៩៧៥ សូមចូលរួមកាន់មរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពអ្នកម្នាង ស៊ីសុវត្ថិ សៀង ឌី វរសិល្បករដ៏ឆ្នើមនៃកម្ពុជា ។
បើតាមក្រុមព្រះសុរិយា ការចាកចេញទៅរបស់អ្នកម្នាង សៀង ឌី ប្រៀបបានការបាត់បង់សម្បត្តិដ៏មហាសាលសម្រាប់ប្រជាជាតិខ្មែរទាំងមូល ដោយអ្នកម្នាងជាធនធានដ៏កម្រ និងល្អវិចិត្រសម្រាប់ជាតិយើង ។
គួរំលឹកថា អ្នកម្នាង សៀង ឌី ឈ្មោះដើម សូ សុវណ្ណារី ប្រសូត្រនៅឆ្នាំ១៩៤៥ ។ ឪពុកឈ្មោះ សូ ជិន (អ្នកដឹកនាំ និងសម្តែងល្ខោន) ម្តាយឈ្មោះ ឯម សំរឹទ្ធ (អ្នកចម្រៀងវង់ភ្លេងព្រះរាជទ្រព្យ) ។
អ្នកម្នាងបានចូលសិល្បៈនៅឆ្នាំ១៩៥៤ បន្ទាប់ពីប្រលងចម្រៀងជាប់លេខ១ ហើយអ្នកម្នាងក៏បានចូលរួមក្នុងវង់ភ្លេងយោធាភិរម្យនៅឆ្នាំ១៩៦០ ។ អ្នកម្នាងក៏ធ្លាប់ចូលរួមសម្តែងភាពយន្តផងដែររួមមានរឿង «អប្សរា» (១៩៦៦) និងរឿង «រស់ដោយសប្បាយ» (១៩៦៨) ។ បទចម្រៀងល្បីៗរបស់អ្នកម្នាងរួមមាន «ចម្រៀងអស់សង្ឃឹម», «ស្រណោះស្រុកស្រែអំបិល», «សម្រស់មណ្ឌលគិរី», «ខ្នងភ្នំបូកគោ», «ក្រុងកែបឱសថទិព្វ», «សាយ័ណ្ហណារ៉ា», «កុលាបអូនស្នេហ៍», «ចរិយា» និងបទ «ព្រាត់ទាំងស្រឡាញ់»៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ