ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Trump ៖ ការ​ជជែក​ជាមួយ​​ចិន «​មាន​ប្រយោជន៍​ច្រើន​»…

4 ឆ្នាំ មុន

​(​សហរដ្ឋអាមេរិក​)៖ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ (Donald Trump ) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​អ្នក​ចរចារ​របស់​សហរដ្ឋអាមេរិក​និង​ចិន បាន​ធ្វើ​កិច្ចចរចា​ពាណិជ្ជកម្ម​មួយ​ប្រកបដោយ​ផលិតភាព​ល្អ ហើយ​រំពឹង​ថា​ពួក​គេ​នឹង​ជួប​គ្នា​នៅ​ខែកញ្ញា​ខាង​មុខ…

​(​សហរដ្ឋអាមេរិក​)៖ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ (Donald Trump ) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​អ្នក​ចរចារ​របស់​សហរដ្ឋអាមេរិក​និង​ចិន បាន​ធ្វើ​កិច្ចចរចា​ពាណិជ្ជកម្ម​មួយ​ប្រកបដោយ​ផលិតភាព​ល្អ ហើយ​រំពឹង​ថា​ពួក​គេ​នឹង​ជួប​គ្នា​នៅ​ខែកញ្ញា​ខាង​មុខ បើ​ទោះបីជា​បញ្ហា​ពន្ធ​ថ្មី​របស់​សហរដ្ឋអាមេរិក​លើ​ការ​នាំ​ចូល​របស់​ចិន​មាន​តម្លៃ​ជាង ១២៥ ពាន់​លាន​ដុល្លារ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១ ខែកញ្ញា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ភ្នាក់ងារ Reuters ចុះ​ផ្សាយ​ថ្ងៃ​ទី ១៥ ខែសីហា​នេះ​។

​លោក Trump បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​រដ្ឋ New Jersey ថា «​ខែកញ្ញា​នេះ គឺ​កិច្ចប្រជុំ​នៅ​តែ​បន្ត​ដូច​អ្វី​ដែល​ខ្ញុំ​បានដឹង ប៉ុន្តែ​ខ្ញុំ​គិត​ថា​អ្វី​ដែល​សំខាន់​ជាង​ខែកញ្ញា​ទៅ​ទៀត​នោះ គឺ​យើង​កំពុងនិយាយ​តាម​ទូរស័ព្ទ ហើយ​យើង​កំពុង​តែ​ពិភាក្សា​គ្នា​ប្រកបដោយ​ផ្លែផ្កា​» ។

​លោក​ត្រាំ​បាន​និយាយ​ថា​សហរដ្ឋអាមេរិក​និង​មន្ត្រី​ចិន​មានការ​សន្ទនា​គ្នា​ល្អ​មួយ​នៅ​ដើម​ស​ប្តា​ហ៍​នេះ​មុន ពេល​រដ្ឋបាល​របស់​លោក​ពន្យា​ពេល​ដល់​ថ្ងៃ​ទី ១៥ ខែធ្នូ ស្តី​ពី​ពន្ធគយ​លើ​ការ​នាំ​ចូល​របស់​ចិន​ជាង ១៥០ ពាន់​លាន​ដុល្លារ ដែល​ជា​ទំនិញ​រួម​ទាំង​ប្រដាប់ប្រដា​ក្មេង​លេង​ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ​យួរដៃ និង​កុំព្យូទ័រ​ថេ​ប្លេ​ត​។

​យ៉ាងណា​ក៏​ដោយ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក៏​បាន​ប្តេជ្ញា​ចិត្ត​ប្រឆាំង​នឹង​រឿង​ពន្ធ​ថ្មី​ចុង​ក្រោយ​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​ទំនិញ​ចិន​ចំនួន ៣០០ ពាន់​លាន​ដុល្លារ ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​បំពេញ​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល​មួយ​។

​លោក Trump បាន​និយាយ​ថា​លោក​មិន​គិត​ថា​ទីក្រុង​ប៉េ​កាំ​ង​នឹង​សងសឹក​ចំពោះ​ពន្ធគយ​របស់​សហរដ្ឋអាមេរិក​នោះ​ទេ ហើយ​ថា​លោក​ជឿជាក់​ថា​ប្រទេស​ចិន​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​។

​លោក Trump បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​ខ្ញុំ​គិត​ថា យើង​បាន​ធ្វើ​នូវ​ការ​ពិភាក្សា​យ៉ាង​ល្អជា​មួយ​ប្រទេស​ចិន​។ ពួក​គេ​ពិតជា​ចង់​ធ្វើ​កិច្ចព្រមព្រៀង​មួយ​» ។ លោក​បាន​និយាយ​បន្ថែម​ថា លោក​បាន​គ្រោង​នូវ​ការ​ជួប​តាម​ទូរស័ព្ទ​មួយ ជាមួយនឹង​លោក​ប្រធានាធិបតី​ចិន ស៊ីជី​ន​ពីង ក្នុង​ពេល​ឆាប់​ៗ​នេះ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​នៅ​ពេល​ណា​ទេ​។

​លោក Trump បាន​និយាយ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ថា «​ខ្ញុំ​គិត​ថា​ពេល​ណា (​សង្គ្រាម​ពាណិជ្ជកម្ម​) បន្ត​កាន់តែ​យូរ គឺ​យើង​កាន់តែ​រឹង​មាំ​” ។ លោក​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​នឹង​មិនយូរ​នោះ​ទេ​» ។

​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ពន្ធ​របស់​វ៉ា​ស៊ី​ន​តោន​បាន​រំលោភ​លើ​ការ​ឯកភាព​គ្នា​រវាង​លោក Trump និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ន​ពីង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល G20 មួយ​នៅ​ខែមិថុនា​នៅ​ទីក្រុង Osaka ក្នុង​ប្រទេស​ជប៉ុន​ដើម្បី​ដោះស្រាយ​ជម្លោះ​របស់​ពួក​គេ​តាម​រយៈ​ការ​ចរចា​នោះ ។

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​មួយទៀត អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying បាន​មាន​ប្រសាសន៍​ថា «​យើង​សង្ឃឹមថា​សហរដ្ឋអាមេរិក​នឹង​ជួប​ចិន នៅ​ពាក់​កណ្តាលផ្លូវ ហើយ​អនុវត្ត​នូវ​ការ​មូលមតិ​គ្នា​របស់​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​អូ​សា​កា​» ។

លោកស្រី​បាន​បន្ថែម​ថា ប្រទេស​ចិន​សង្ឃឹមថានឹង​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទទួលយក​បាន​ទៅ​វិញ​ទៅ​មក​សម្រាប់​ភាគី​ទាំង​ពីរ តាម​រយៈ​ការ​សន្ទនា​និង​ការពិគ្រោះ​យោបល់​ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព​គ្នា​និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ