ក្រុងហុងកុង ៖ ទោះជាស្នូរជើងកងទាហានចិន លាន់ឮនៅព្រំដែនជាមួយហុងកុង ក៏ចលនាស្និទ្ធលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងជាថ្មីប្រមូលផ្ដុំគ្នាតវ៉ាធំទៀតនាថ្ងៃទី១៨សីហា។ ចលនាតវ៉ានេះរងការការរិះគន់ដោយសារតែបង្កអំពើហិង្សា នៅក្នុងព្រលានយន្តហោះក្រុងហុងកុង ខណៈមានការគំរាមកំហែងធ្វើអន្តរាគមន៍របស់ចិន។
ពួកបាតុករបានអំពាវនាវឲ្យមានការប្រមូលផ្ដុំគ្នានាថ្ងៃទី១៧សីហានៅ HUNG HOM និងTO KWA WAN ជាសង្កាត់២នៅទល់មុខសមុទ្រ កន្លែងពេញនិយមរបស់ពួកអ្នកទេសចរមកពីចិនដីគោក ដោយបាតុកម្មទាំង២នេះធ្វើដោយគ្មានការអនុញ្ញាតឡើយ។ ប៉ុន្តែបាតុកម្មសំខាន់មួយ ត្រូវបានគេគ្រោងធ្វើនាថ្ងៃទី១៨សីហា ដែលហាក់ដូចជាការសាកល្បង ការប្ដេជ្ញាចិត្តរបស់ពួកសកម្មជនស្និទ្ធលទ្ធិប្រជាធិបតេយ្យក៏ដូចជាការប្ដេជ្ញាចិត្តរបស់អាជ្ញាធរហុងកុងស្និទ្ធក្រុងប៉េកាំងដែរ។
ក្បួនបាតុកម្មនាថ្ងៃទី១៨សីហាតាមពួកអ្នករៀបចំថា មានមនុស្សចូលរួមដល់ទៅ១លាននាក់។ លោកស្រីCLAUDIA MO តំណាងរាស្ត្រហុងកុងស្និទ្ធលទ្ធិប្រជាធិបតេយ្យម្នាក់ថ្លែងតាមFACEBOOKថា ក្បួនបាតុកម្មនាថ្ងៃទី១៨សីហា ប្រមូលផ្ដុំមនុស្ស១លាននាក់។ លោកស្រីថាប្រជាជនហុងកុងមិនអាចត្រូវគេសម្លាប់ឡើយ។
ប៉ូលិសបានអនុញ្ញាតឲ្យមានការប្រមូលផ្ដុំមនុស្ស ក្នុងឧទ្យានធំមួយនៃកោះហុងកុង ប៉ុន្តែហាមឃាត់មិនឲ្យពួកបាតុករដើរហែក្បួននៅតាមដងវិថី។ ការហាមឃាត់បែបនេះតែងត្រូវបានពួកបាតុករធ្វើមិនដឹងមិនឮរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ហើយនាំឲ្យមានការប៉ះទង្គិចគ្នានានាជាមួយកងកម្លាំងប៉ូលិស។
កាលពីយប់ថ្ងៃទី១៦សីហា បាតុករច្រើនពាន់នាក់បានប្រមូលផ្ដុំគ្នាក្នុងឧទ្យានមួយ ដើម្បីអំពាវនាវដល់ពួកបរទេស ឲ្យប្រកាន់យកការដាក់ទណ្ឌកម្មប្រឆាំងបណ្ដាអ្នកទទួលខុសត្រូវរដ្ឋាភិបាលហុងកុង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ