ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា លោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានប្រាប់នៅព្រឹកថ្ងៃទី១៨ ខែសីហានេះថា មានករណីពុលនំបុ័ងដែលបានកើតឡើងនៅក្នុងស្រុកបន្ទាយស្រី និងនៅស្រុកប្រាសាទបាគង កាលពីពេលថ្មីៗនេះ គឺបណ្ដាលឱ្យមនុស្សចំនួន៣៧នាក់ភាគច្រើនជាកុមារ មានអាការៈក្អួត និងរាករូស ហើយបានបញ្ជូនទៅព្យាបាលនៅតាមមណ្ឌលសុខភាព មូលហេតុគឺដោយសារតែការផលិតនំគ្មានអនាម័យ ឬក៏នំនោះមានលក្ខណៈផ្អូម មិនមែនដោយសារនំនោះមានលាយសារធាតុគីមីឡើយ ហើយពួកគាត់បានត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួនអស់ហើយនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។
លោក ក្រុស សារ៉ាត់ បានប្រាប់បន្ថែមថា ការផលិតនំដែលគ្មានអនាម័យ ឬក៏នំមានលក្ខណៈផ្អូមនោះ គឺដោយសារតែអ្នកផលិតនំប្រើសារធាតុផ្សំដូចជាសាច់ និងប័រជាដើម រួចទុករយៈពេលយូរថ្ងៃអាចដុះផ្សិត ហើយយកមកផលិតនំ បណ្ដាលឲ្យនំនោះកើតមានមេរោគធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគ បណ្តាលឱ្យកើតមានអាការៈឈឺពោះ ក្អួតចង្អុរ និងរាករូសជាដើម ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែប្រើថ្នាំបំបាត់ក្អួតចង្អុរ និងរាករូសទៅអ្នកជំងឺនឹងបានធូរស្បើយវិញដែរ ។
លោកបានបន្ថែមទៀតថា មូលហេតុដែលលោកអះអាងថា អ្នកពុលនំបុ័ងជាករណីនំដែលគ្មានអនាម័យ ឬក៏នំមានលក្ខណៈផ្អូមនោះ គឺដោយសារក្រោយបរិភោគរយៈពេល៤ទៅ៥ម៉ោង ទើបអ្នកបរិភោគមានអាការៈក្អួតចង្អុរ និងរាករូស ប៉ុន្តែប្រសិនបើនំនោះមានលាយសារធាតុគីមីវិញ គឺពេលអ្នកបរិភោគនំចូលទៅក្នុងពោះភ្លាម និងកើតមានអាការៈក្អួតចង្អុរ និងរាករូសភ្លាមៗផងដែរ ។
គួររំលឹកថា កាលពីថ្ងៃទី១៤ សីហាកន្លងទៅនេះ មានករណីពុលនំបុ័ងនៅចំណុចសាលាបឋមសិក្សាកំពង់ភ្លុក ស្ថិតភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង បណ្ដាលឲ្យពុលក្មេងៗសិស្សសាលាចំនួន២៩នាក់ ក្នុងនោះស្រី២២នាក់ ដែលមានអាយុក្រោម១០ឆ្នាំ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតឡើយ ដោយគ្រាន់តែក្អួត និងរាករូស ហើយបានវិលត្រឡប់ទៅលំនៅដ្ឋានវិញទាំងអស់កាលពីថ្ងៃទី១៥ ខែសីហានេះ ។
មួយករណីទៀតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី នៅថ្ងៃទី១៦ ខែសីហានេះ បណ្ដាលឱ្យពុលកុមារចំនួន៧នាក់ ក្នុងនោះកុមារីចំនួន៤នាក់ ដែលមានអាយុក្រោម៧ឆ្នាំ និងមនុស្សធំម្នាក់ជាស្ត្រី ត្រូវបានក្រុមគ្រួសារយកមកសង្គ្រោះនៅមណ្ឌលសុខភាពឃុនរាម ហើយបានជាសះស្បើយ និងវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន វិញហើយនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ