ថ្វីបើទ្រព្យសម្បត្តិ មាសប្រាក់ជាវត្ថុយ៉ាងពិសេសមែនហើយ តែបើយើងមិនយកទ្រព្យសម្បត្តិនោះទៅប្រើប្រាស់ក្នុងផ្លូវជាប្រយោជន៍ នឹងធ្វើខ្លួនឯងឱ្យជាមនុស្សអាប់អន់ ព្រោះតែទ្រព្យសម្បត្តិនោះទៅវិញទេ ។ ត្រូវដឹងថា ទ្រព្យសម្បត្តិដែលយើងរកបានមកនេះអាចជាអាវុធមុខពីរ បើចាយវាយត្រឹមត្រូវនឹងបានជាប្រយោជន៍ តែបើចាយវាយខុសទំនងនឹងនាំទុក្ខដល់ខ្លួន ។
មើលចុះមនុស្សខ្លះរកទ្រព្យសម្បត្ដិ មាសប្រាក់បានមកហើយ គេចាយវាយប្រើប្រាស់ខុសគោលដៅ ឬមិនស្គាល់ប្រមាណក្នុងការចាយវាយ ប្រើ ប្រាស់រហូតក្លាយជាយកការបរិភោគនិយមដ៏ជំនាញទៅវិញ ជួនកាលក្លាយជាអ្នកស្រវឹងផង ជាអ្នកប្រមាទផង ដល់នូវសេចក្ដីប្រាថ្នាក្នុងកាមហួសប្រមាណផងហើយក៏ប្រព្រឹត្តមិនគប្បីចំពោះមនុស្សសត្វផងដែរ។
មនុស្សមួយចំនួនទៀតបានទ្រព្យមកហើយ យកទៅប្រើប្រាស់ក្នុងអំពើអបាយមុខទាំងឡាយ មិនតែប៉ុណ្ណោះគេភ្លេចតួនាទីរបស់ខ្លួន ជាអ្នកទទួលការខុសត្រូវ គ្រួសារទាំងមូល។ សាងអំពើមិនជាទីស្រឡាញ់ដល់ខ្លួនផង និងដល់សង្គមផង ។
ទង្វើបែបនេះ លោកហៅថាជាគុណវិបត្តិនៃការប្រើប្រាស់ទ្រព្យសម្បត្តិហើយ ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សម្តែងថា អ្នកដែលជាប់ជំពាក់ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិក្នុងផ្លូវអបាយមុខមានចំនួនច្រើនក្នុងលោក ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ