បទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត មានចំណងជើងថា «រំដួលដងស្ទឹងសង្កែ» ជាបទពេញនិយមមួយរហូតមកដល់សម័យបច្ចុប្បន្ននេះ ។ ទោះជាយ៉ាងណាក្ដីបទនេះធ្វើឲ្យវិចិត្រករល្បីឈ្មោះ គឺលោកញឹក ឌឹម ខឹង ដោយចោទថាច្រៀងដៀមដាមឲ្យរូបលោក ។ ហេតុអ្វីបានជាលោកញឹក ឌឹម ចោទបែបនេះ ?
បទចម្រៀង «រំដួលដងស្ទឹងសង្កែ» លោកគង្គ ប៊ុនឈឿន តែងទាំងទំនុកច្រៀង និងបទភ្លេងនៅឆ្នាំ១៩៧៤ និងសម្រួលតន្ត្រីដោយលោកមែ៊ ប៊ុន ។
នោះគឺជាប្រវត្តិនៃបទ ចម្រៀង «រំដួលដងស្ទឹងសង្កែ» ប៉ុន្តែលោកញឹក ឌឹម បែរជាយកមកភ្ជាប់ពាក់ព័ន្ធនឹងរូបលោកទៅវិញ ។ បើតាមលោកគង្គ ប៊ុនឈឿន បញ្ជាក់នៅក្នុងសៀវភៅ«កំណាព្យស្នេហ៍មាស»របស់លោកថា ពេលបទចម្រៀង «រំដួលដងស្ទឹងសង្កែ» ចាក់ផ្សាយលើកដំបូង លោកញឹក ឌឹម មានប្រតិកម្មខ្លាំង រករឿងខឹងលោកស៊ីន ស៊ីសាមុត ដែលជាអ្នកច្រៀង ដោយចោទថា លោកស៊ីន ស៊ីសាមុត ច្រៀងដៀមដាមឱ្យលោក ។ លោកញឹក ឌឹម ចាប់ចំណុចចោទលោកស៊ីន ស៊ីសាមុត ត្រង់ឃ្លានៃចម្រៀងថា «វិចិត្រករអើយកុំបាច់គូរអី នៅក្នុងលោកិយស្រីល្អគ្មានទេ…» ។
នៅពេលបានដឹងថា បទចម្រៀង «រំដួលដងស្ទឹងសង្កែ» ជាបទដែលលោកគង្គ ប៊ុនឈឿន តាក់តែងឡើងដើម្បីរំឭកដល់អនុស្សាវរីយ៍ពីអតីតកាល គឺសម្ដៅរំដួលដងស្ទឹងសង្កែ នៅក្នុងក្តីសស្រមៃរបស់លោក ប៉ុន្តែគ្មានបំណងដៀមដាម ឬរិះគន់ឱ្យលោកញឹក ឌឹមទេនោះទើបលោកស្រាកខឹងវិញ ។
លោកញឹក ឌឹម កើតនៅភូមិរាប ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៣៤ ។ លោកញឹក ឌឹម ថ្វីបើកើតក្នុងវង្សត្រកូលកសិករ តែមាននិស្ស័យទៅលើសិល្បៈគំនូរ ។ ឃើញកូនមាននិស្ស័យទៅលើសិល្បៈគំនូរ ដោយបង្ហាញភស្តុតាងជាក់ស្តែង គឺមានទេពកោសល្យគូររូបតាំងពីក្មេង ឪពុក ម្តាយលោកញឹក ឌឹម បានបញ្ជូនលោកទៅសាលាគំនូរ ។ បន្ទាប់ពីរៀនចប់ថ្នាក់បឋមសិក្សានៅស្រុកកំណើតនាឆ្នាំ១៩៤៩ លោកញឹក ឌឹម លាចាកជនបទចូលទៅរៀនសិល្បៈគំនូរនៅសាលាវិចិត្រសិល្បៈនាទី ក្រុងភ្នំពេញ ។
ទឹកដៃគំនូររបស់វិចិត្រករញឹក ឌឹម ទទួលបានការពេញចិត្ត និងកោតសរសើរពីមហាជនទូទៅ ។ ស្នាដៃជាច្រើនរបស់វិចិត្រកររូបនេះដែលទទួលបានការសរសើរមានដូចជា សម្រស់រមណីយដ្ឋានទឹកឈូ ខេត្តកំពត ប្រាសាទអង្គរវត្ត រូបខ្មែរជំនាន់ដើម រូបអ្នកចម្រៀងលោកស៊ីន ស៊ីសាមុត អ្នកស្រីរស់ សេរីសុទ្ធា អ្នកស្រីប៉ែន រ៉៉ន និងអ្នកស្រីហួយ មាសជាដើម ។
រូបភាពត្រជាក់ ភ្នែក និងរឹតតែគួរឱ្យចាប់អារម្មណ៍ខ្លាំងទៀតរបស់វិចិត្រករញឹក ឌឹមនោះ គឺរូបនារីក្រមុំស្លៀកសារុង និងរុំស្បៃឃើញសម្រស់ដងខ្លួន និងសុដន់ក្រពុំមូលក្លំ ៕ (កែសម្រួលដោយ ៖ បុប្ផា) (ប្រភពវីដេអូ ៖ OUM Phynann)
ចែករំលែកព័តមាននេះ