ឪពុក​ម្តាយ​គប្បី​មានធម៌​៥​ប្រការ​ដើម្បី​អនាគត​កូន


មាតាបិតា​គួរ​មានធម៌​៥​យ៉ាង ឬ​លោក​ហៅ​ថា សង្គហធម៌​នៅ​ក្នុង​សន្តាន​ជា​និច្ច ដើម្បី​អនាគត​ដ៏​ភ្លឺស្វាង​របស់​កូនប្រុស​ស្រី​រស់នៅ​ដោយ​កិត្តិយស ។ ខាងក្រោម​នេះ​ជា​សង្គហធម៌​៥​របស់​ឪពុក​ម្តាយៈ

១-​ឪពុក​ម្តាយ​តែង​ហាមប្រាម​កូន​ឲ្យ​វៀរចាក​អំពើ​បាប​ទាំងឡាយ ពោល​គឺ​វៀរចាក​ការ​សម្លាប់សត្វ បៀតបៀន​ព្យាបាទ​អ្នក​ដទៃ លួច​ឆក់​ប្លន់ កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ការ​ប្រព្រឹត្ត​ល្មើស​រំលោភ​ប្រពៃណី​លើ​ប្រពន្ធ​កូន​អ្នក​ដទៃ ការ​និយាយ​កុហក ឆបោក​អ្នក​ដទៃ ព្រមទាំង​វៀរចាក​ការ​សេព​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន​ផ្សេង​ៗ មួយអន្លើ​ដោយ​ល្បែង​ពា​លា អាវាសែ​គ្រប់​ប្រភេទ ដែល​នាំ​មក​នូវ​សេចក្ដី​វិនាស​អន្តរាយ​ដល់​ខ្លួន និង​សង្គម​គ្រួសារ ។

២-​ឪពុក​ម្តាយ​តែង​ដឹកនាំ​កូន​ឲ្យ​ធ្វើអំពើ​សុចរិត​ដូច​ជា ការ​ធ្វើ​ទាន រក្សាសីល ការ​ចេះ​គោរព​ម្ដាយ​ឪពុក ព្រះសង្ឃ ចាស់ទុំ ឧត្ដម​ព្រឹទ្ធាចារ្យ ត្រកូល​រៀមច្បង ។

៣-​កាលបើ​កូន​មាន​វ័យ​ល្មម​នឹង​សិក្សា ឪពុក​ម្ដាយ តែងតែ​ខ្នះខ្នែង​បញ្ជូន​កូន​ឲ្យ​ទៅ​រៀនសូត្រ​តាម​សាលា​នានា និង​ជួយ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​កូន​ស្រឡាញ់​ពេញចិត្ត​ចំពោះ​ការ​សិក្សា ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ជា​ពិសេស មុខ​វិជ្ជា​ដែល​សង្គម​ត្រូវការ​នា​បច្ចុប្បន្ន​នេះ​។ មិនតែប៉ុណ្ណោះ​គាត់​ថែម​ទាំង​ពន្យល់​អំពី​ផលវិបាក​នៃ​ភាព​ល្ងង់ខ្លៅ ដែល​ជា​មាគ៌ា​មួយ​ឈាន​ទៅ​រក​ភាព​ថោកទាប​។ ដូច្នេះ​មាន​តែ​ចំណេះដឹង​ប៉ុណ្ណោះ ដែល​ឲ្យ​ធ្វើ​យើង​មាន​កិត្តិយស​ថ្លៃថ្លា មាន​គេ​គោរព​រាប់អាន និង​អាច​ជួយ​លើក​ស្ទួយ​វង្ស​ត្រកូល ជាតិ សាសនា ឲ្យ​បាន​រុងរឿង​។

៤-​មាតាបិតា កាលបើ​ដឹង​ថា កូន​របស់​ខ្លួន​ចម្រើន​វ័យ​សម​ល្មម​មានគូស្រករ​ហើយ គាត់​តែងតែ​រៀបចំ​ទុកដាក់​កូនចៅ​ឲ្យ​មាន​ភរិយា ស្វាមី ទៅ​តាម​សមត្ថភាព ធនធាន​ពូជពង្សវង្សត្រកូល និង តាម​ប្រពៃណី​របស់​ខ្លួន​។

៥-​ឪពុក​ម្តាយ​តែង​ចែករំលែក​ទ្រព្យសម្បត្តិ​កេរមត៌ក​របស់​ខ្លួន​តាម​សម័យកាល​គឺ ចែក​ឲ្យ​កូន​ដើម្បី​បានជា​ទុន​សម្រាប់​គ្រួសារ​ថ្មី​នេះ ។

គុណធម៌​ទាំង​៥​យ៉ាងនេះ​លោក​ហៅ​ថា សង្គហធម៌​របស់​មាតាបិតា​មាន​ចំពោះ​បុត្រ​ធីតា​គ្រប់​រូប​មិន​រំលង​ឡើយ ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ