ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់​ពាក្យ​១ឃ្លា​​ក្នុង​បទ​«​រំដួល​ដង​ស្ទឹង​សង្កែ​»​​​​ធ្វើឱ្យខឹង​ដាច់​ក្បាល ​​ដាច់​កន្ទុយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ «​អ្នក​ដែល​ធ្លាប់​ស្គាល់​ខ្ញុំ ភាគច្រើន​គេ​តែង​និយាយ​ថា ខ្ញុំ​ចូល​ចិត្ត​តែង​បទ​ចម្រៀង​ដែល​ពិព​ណ៌​នា​តែ​ពី​ទិដ្ឋភាព​នៃ​ដងស្ទឹង​សង្កែ និង​រឿងរ៉ាវពី​ជីវិត​នៅ​ខេត្តបាត់ដំបង​»​។ នេះ​ជា​ពាក្យ​ពេ​ចរបស់ «​កវី​ម្ចាស់​ស្ទឹង​សង្កែ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​» ដែល​បាន​ចងក្រង​នៅ​ក្នុង​សៀវ​ភៅនានា…

ខេត្តបាត់ដំបង​៖ «​អ្នក​ដែល​ធ្លាប់​ស្គាល់​ខ្ញុំ ភាគច្រើន​គេ​តែង​និយាយ​ថា ខ្ញុំ​ចូល​ចិត្ត​តែង​បទ​ចម្រៀង​ដែល
​ពិព​ណ៌​នា​តែ​ពី​ទិដ្ឋភាព​នៃ​ដងស្ទឹង​សង្កែ និង​រឿងរ៉ាវពី​ជីវិត​នៅ​ខេត្តបាត់ដំបង​»​។ នេះ​ជា​ពាក្យ​ពេ​ចរបស់
«​កវី​ម្ចាស់​ស្ទឹង​សង្កែ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​» ដែល​បាន​ចងក្រង​នៅ​ក្នុង​សៀវ​ភៅនានា ដែល​លោក​បាន​បោះពុម្ព​ទុកជា​ឯកសារ មុន​ពេល​ដែល​លោក​បាន​លាចាក​លោក​នេះ​ទៅ ​។

https://www.youtube.com/watch?v=s-CvJfVI25o

មែន​..! ឥត​ខុស​ទេ​..! គឺ​កវី​ម្ចាស់​ស្ទឹង​សង្កែ ដ៏​សំបូរ​វោហា​​ស័ព្ទ​ទន់ភ្លន់​ ប្រកប​ទៅ​ដោយ​មនោសញ្ចេតនា​គ្រប់ សព្វ​រូប​នេះ សរសេរ​.. ៗ.. ៗ.. អំពី​សម្រស់​ដងស្ទឹង​សង្កែ រហូត​ទាល់តែ​ធ្វើ​ឲ្យ​វិចិត្រករ​ដៃឯក​ដ៏​ល្បីល្បាញ​ប្រចាំ​អាណាចក្រ​ខ្មែរ​ ជំនាន់​ដើម​មួយ​រូប ខឹងសម្បារ​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​ពាក្យ​មួយ​ឃ្លា ដែល​លោក​កវី​រូប​នេះ បាន​រៀបរាប់​អំពី​រឿង​រ៉ាវ​ស្នេហា​ពិត​របស់​លោក ជ្រក​បង្កប់​នៅ​ក្នុង​បទ​ចម្រៀង​ដ៏​ពីរោះ​រណ្ដំ​មួយ​នោះ គឺ​បទ​« រំដួល​ដងស្ទឹង​សង្កែ​» នាំ​ឲ្យ​វិចិត្រករ​ឯង​រូប​នោះ​លើកដាក់​ថា បាន​ឌឺដង​ទៅ​នឹង​ថ្វី​ដៃ​ឯក​របស់​គាត់ ​។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​សរសេរ​កត់ត្រា​ទុក​នៅ​ក្នុង​សៀវ «​កំណាព្យ​ស្នេ​ហ៍​មាស​» របស់​លោក​ថា « លោក​ញឹ​ម ឌឹ​ម ដែល​ជា​វិចិត្រករ​ឯក​ខ្មែរគ្មាន​ពីរ​នៅ​ក្នុង​សម័យ​នោះ បាន​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង រករឿង​ខឹងសម្បា​រខឹង​នឹង​លោក​ស៊ិ​ន ស៊ី​សា​មុត ដែល​បាន​បកស្រាយ​នូវ​បទ​ចម្រៀង​នោះ​ផ្ទាល់​» គឺ​បទ​«​រំដួល​ដងស្ទឹង​សង្កែ​» នេះឯង ដែល​មាន​ឃ្លា​មួយ​ធ្វើ​ឲ្យ​លោក​វិចិត្រករ​រូប​នេះ​ ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​។

យោង​តាម​កំណត់​ត្រា​នៅ​ក្នុង​សៀវភៅ «​កំណាព្យ​ស្នេ​ហ៍​មាស​» កវី​ម្ចាស់​ស្ទឹង​សង្កែ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​សរសេរ​ថា បទ​«​រំដួល​ដងស្ទឹង​សង្កែ​» នេះ​ លោក​បាន​តែង​និពន្ធ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៤ ហើយ​បាន​ថត​ឲ្យ​ផលិតកម្ម​«​ពស់​មាស​»​។ លោក​ថា វិចិត្រករ​ដៃឯក​ប្រចាំ​ស្រុក​ខ្មែរ គឺ​លោក​ញឹក ឌឹ​ម បាន​ប្រតិកម្ម​ទៅ​នឹង​បទ​«​រំដួល​ដងស្ទឹង​សង្កែ​» នេះ នៅ​ពេល​ចាក់​ផ្សាយ​លើក​ដំបូង ។

លោក​ញឹ​ម ឌឹ​ម បាន​ខឹង ​ជា​ពិសេស​ទៅ​លើ​លោក​ស៊ិ​ន សា​មុត ដែល​បាន​ច្រៀង​បទ​នេះ​ផ្ទាល់ នៅ​ត្រង់​ឃ្លា​ថា «​វិចិត្រករ​អើយ​កុំ​បាច់​គូរ​អី នៅ​ក្នុង​លោ​កី​យ៍ ​ស្រី​ល្អ​គ្មាន​ទេ​» តែ​រូប​លោក​បាន​ព្យាយាម​ពន្យល់​អំពី​រឿង​នេះ នៅ​ពេល​ដឹង​ថា លោក​ញឹក ឌឹម ខឹង​សម្បា​នឹង​លោក​ស៊ិ​ន ស៊ី​សា​មុត ទើប​វិចិត្រក​រូប​នេះ​ បាន​ធូរ​ចិត្ត​វិញ​។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា « លោក​ញឹក ឌឹម បាន​អន់​ខឹង​នឹង​លោក​ស៊ិ​ន ស៊ី​សា​មុត វិញ ព្រោះ​ដឹង​ថា បទ​នេះ​ ជា​បទរបស់ខ្ញុំ​ជា​អ្នកនិពន្ធ​..»​។ លោក​បាន​ព្យាយាម​ពន្យល់ លោក​ញឹក ឌិឹម យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​គ្មាន​បំណង​រិះគន់​ឲ្យ​លោក​ទេ​.. បទ​ដែល​ខ្ញុំ​និពន្ធ​នេះ គ្មាន​អ្វី​ក្រៅពី​សរសេរ ដើម្បី​រំលឹក​ដល់​អនុស្សាវរីយ៍​ពី​អតីតកាល​របស់ខ្ញុំ​តែ​ប៉ុណ្ណោះ​.. ហើយ​នោះ​គឺរំដួល​ដងស្ទឹង​សង្កែ នៅ​ក្នុង​ក្ដី​ស្រ​ម៉ៃ​របស់​ខ្ញុំ​..»​។

ពាក់ព័ន្ធ​នឹង​ប្រវត្តិ​បទ​«​រំដួល​ដងស្ទឹង​សង្កែ​»​ដ៏​ពោ​រពេញ​ទៅ​ដោយ​ មនោសញ្ចេតនា​ក្រអួន​ក្រអៅ​នេះ នៅ​ក្នុង​សៀវភៅ​«​មាស​ស្រោប​នគរ​» ឯណោះ​វិញ បាន​សរសេរ​ថា លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​និពន្ធ​បទ​«​រំដួល​ដងស្ទឹង​សង្កែ​» នេះ​ ដើម្បី​រំលឹក​ដល់​សម្រស់​នារី​វ័យក្មេង​ម្នាក់ ដែល​លោក​ធ្លាប់​ចាប់ចិត្ត​ដិត​អារ​ម្ម​ណ៍ ជា​មួយ​នាង កាល​ក្នុង​វ័យ​សិក្សា​នៅ​វត្ត​ពោធិ​វាល ក្នុង​ខេត្តបាត់ដំបង​ ។

សៀវភៅ​នេះ ​បាន​បរិយាយ​ថា កាល​នៅ​វ័យក្មេង ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៤៥ ដល់​ឆ្នាំ​១៩៧៤ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន តែង​រស់នៅ​លើ​ទូក​តូច​មួយ​បណ្ដែត​ខ្លួន​ជា​ប្រចាំ​លើ​ដងស្ទឹង​សង្កែ ហើយ​ពេល​ទៅ​រៀន​លោក​តែង​ដើរ​ឆ្លងស្ពាន​ដ៏​តូច​មួយ ទៅ​រៀន​នៅ​សាលា​ក្នុង​«​វត្ត​ពោធិ​វាល​»​។ គ្រា​ហ៍នោះ​ លោក​តែង​ចាប់​អារ​ម្ម​ណ៍​ខ្លាំង ទៅ​លើ​ទេសភាព​ដ៏​ល្អ​ត្រកាល​ពន់ពេក នៃ​ដងស្ទឹង​សង្កែ មិន​ថា ក្នុង​រដូវប្រាំង រដូវវស្សា ឬ ពេល​មាន​ទឹក​ជំនន់​ឡើយ​។

ជាមួយនឹង​ការ​ជាប់ចិត្ត​ដិត​អារ​ម្ម​ណ៍ពេញទំហឹង ទៅ​ដោយ​មនោសញ្ចេតនា​គ្រប់​បែប​យ៉ាង របស់​យុវជន
គ​ង្គ ប៊ុ​ន​ឈឿ​ន នា​ពេល​នោះ រហូត​ធ្វើ​ឲ្យ​គាត់​ទប់​អារ​ម្ម​ណ៍​មិន​បាន​ បង្កើន​ដល់​ក្ដី​ស្រ​មើ​ស្រ​ម៉ៃ​ថា «​ពិភព​លោក​ដ៏​ល្អ​ប្រណីត ប្រហែល​មាន​តែ​នៅ​បាត​ស្ទឹង​សង្កែ​នេះ​ប៉ុណ្ណោះ​»​។ សម្រង់​សំដី​ផ្ទាល់ របស់​យុវជន គ​ង្គ ប៊ុ​ន​ឈឿ​ន កាលនោះ ត្រូវ​បាន​ចងក្រង​នៅ​ក្នុង​សៀវភៅ​នេះ ដោយ​បរិយាយ​ថា « មើលចុះ​..! ស្នាម​ទឹក​ហូរ​រលិញ​.. ៗ.. កាត់​វាល​ខ្សាច់​ដ៏​ស្រស់​ផូ​ផង់​.. ខ្ញុំ​បាន​នាំ​មិត្តភក្ដិ​ដែល​ពេល​នោះ ជា​ក្មេង​យុវ​សិស្ស​ដូច​គ្នា បាន​យក​ក្រ​ម៉ា​អូស​ត្រី និងយក​ក្អម​ទៅ​កប់​ក្នុង​ខ្សាច់​ចោះ​ប្រហោង ដើម្បី​ច្រោះ​យក​ទឹក​ស្អាត ហើយ​យ៉ាង​ត្រជាក់​​​ទៀត​ផង​..»​។

នៅ​ក្នុង​សៀវភៅ​នោះ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​និយាយ​ថា « លើស​ពី​នេះ អ្វី​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​នា​គ្រា​នោះ គឺ​ខ្ញុំ​បាន​ចាប់​អារ​ម្ម​ណ៍​នឹង​នារី​ម្នាក់ ដែល​តែង​ចុះ​មុជទឹក និង​ដើរ​រើស​គ្រុំ​នៅ​បាត​ស្ទឹង​សង្កែ នា​ពេល​ថ្ងៃ​លិច​»​។ លោក​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា «​ថ្វីបើ​ពេល​នោះ​ខ្ញុំ​នៅ​វ័យក្មេង​ក្ដី តែ​សម្រស់​ដ៏​ស្រស់​ផូរ​ផង់​របស់​នាង បាន​នាំ​ចិត្ត​ខ្ញុំ​ឲ្យ​ចាំ​ជាប់​ក្នុង​ចិត្ត​រាប់​ឆ្នាំ រហូត​ដល់​ពេញវ័យ ដោយ​ខ្ញុំ​គិត​ស្រ​ម៉ៃ​ថា មើលទៅ​មាន​តែ​នារី​មួយ​រូប​នេះ​ទេ ដែល​ល្អ​ផុត​គេ​លើ​ផែនដី​..! ទោះ​រក​កវី​ដៃឯក មក​ពី​ទិស​ណា ក៏​ប្រហែល​គូរមិន​ស្រស់​ស្មើនឹង​សម្រស់​នាង​ដែរ​»​។

កវី​ម្ចាស់​ស្ទឹង​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​និយាយ​ថា ព្រោះតែ​លោក​មាន​ប្រវត្តិ​ស្នេ​ហ៍​គ្រា​ហ៍ដំបូង នៅ​ក្នុង​ដងស្ទឹង​សង្កែ ដូច្នេះ​ហើយ ទើប​លោក​ប្រើ​ទឹកខ្មៅ​ពិ​ព​ណ៍​នា​នូវ​បទ​« រំដួល​ដងស្ទឹង​សង្កែ​» នេះ​ឡើង​។ លោក​បាន​ពោល​ថា «​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ទេ នូវ​សម្រស់​នារី​ម្នាក់​នោះ​..! នៅ​ពេល​ខ្ញុំ និយាយ​ពី​រឿង​ស្នេហា​នៅ​ខេត្តបាត់ដំបង គឺ​មួយ​ផ្នែក​ជា​ការ​រំលឹក​នូវ​អនុស្សាវរីយ៍​.. នៃ​ជីវិត​ស្នេហា​បឋមវ័យ​របស់ខ្ញុំ​.. និង​មួយ​ផ្នែក​ទៀត គឺ​រំលឹក​ដល់​ទឹកដី​កំណើត​របស់ខ្ញុំ​តែ​ប៉ុណ្ណោះ​..​។ ដូច្នេះ​ការ​ដែល​ខ្ញុំ និពន្ធ​បទ​«​រំដួល​ដងស្ទឹង​សង្កែ​» នេះ​ឡើង​គឺ​ខ្ញុំ មិន​មាន​ចេតនា​រិះគន់​ឬ​ឌឺដង​ដល់​ស្នាដៃ​លោក​ញឹក ឌឹ​ម ដែល​ជា​វិចិត្រករ​ដៃឯក​នោះ​ទេ​»​។

បើ​និយាយ​អំពី​សម្រស់ និង​ប្រវត្តិ នៃ​ខេត្តបាត់ដំបង ជា​ពិសេស​អំពី​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង នៃ​ដងស្ទឹង​សង្កែ បើ​ទោះជា «​កវី​ម្ចាស់​ស្ទឹង​សង្កែ​» រូប​នេះ ប្រឹងប្រែង​គាស់កកាយ លើកយក​មក​សរសេរ​តាក់តែង ជា​កំណាព្យ​កាប​ឃ្លោង បន្ត​រហូត​ដល់​រាប់​ពាន់ រាប់​ម៉ឺន​ពាក្យ​ទៀត ក៏​មិន​ចេះ​អស់​អំពី​សម្រស់​ដងស្ទឹង​ដ៏​សំបូរ​បែប​នេះ​ដែរ​។ ស្ទឹង​សង្កែ​នៅ​តែ​ដក់​ជាប់​នូវ​ស្នាមញញឹម​របស់​នារី ម្ចាស់​ទឹកខ្មៅ​ដ៏​សំបូរ​បែប គ​ង្គ ប៊ុ​ន​ឈឿ​ន នេះ​តែ​ដដែល​។

បើ​ទោះជា​ពេលវេលា​បាន​កន្លង​ផុត​ទៅ​រាប់​សិប​ឆ្នាំទៅ​ហើយ​ក្ដី តែ​អំណាច​នៃ​សេចក្ដី​នឹករលឹក បាន​ធ្វើ​ឲ្យ​តំណក់​ទឹកខ្មៅ​របស់​លោក នៅ​តែ​បន្ត​ស្រក់​ហូរ​ស្រែក​ហៅរក​ភក្ត្រា​ដ៏​ប៉ប្រិម​របស់​នាង និង​អ​ង្រូ​ន​បេះដូង​មនុស្ស​គ្រប់​ជំនាន់ គ្រប់ពេលវេលា តាម​រយៈ​រឿង «​ប្រលោមលោក​បែប​មនោសញ្ចេតនា ឬ បទ​ចម្រៀង​ដ៏​ពិ​រោះ​រណ្ដំ​ជាប់ចិត្ត​» ដែល​ចុង​ប៉ា​ការ​ដ៏​មុត​ស្រូ​ចរប​ស់លោក​បាន​ពិ​ព​ណ៍​នា​យ៉ាង​ជ្រាលជ្រៅ អំពី​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល នៃ​ទឹកដី​វ័យ​ចំណាស់​មួយ​នេះ (​បាត់ដំបង​)​។

ជាក់ស្ដែង ដូច​ជា​បទ​« រំដួល​ដងស្ទឹង​សង្កែ​» នេះ​ជាក់ច្បាស់​ហើយ​។ ពិតមែនតែ​បទ​នេះ​ មាន​វ័យ​ចំណាស់​មែន តែ​វា​នៅ​តែ​ពី​រោះ​រណ្ដំ​ដក់​រងំ​ជាប់​ក្នុង​ដួងចិត្ត​មនុស្ស​គ្រប់​ស្រទាប់ គ្រប់​វ័យ​រហូត​ដល់​បច្ចុប្បន្ន​នេះ មិន​សាបសូន្យ​ឡើយ បើ​ទោះជា «​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុ​ន​ឈឿ​ន​» ដែល​ជា​ម្ចាស់​និពន្ធ​នៃ​បទ​មនោ​សញ្ចេត​នា​មួយ​នេះ បាន​លាចាក​លោក​នេះ ទៅ​កាន់​ឋាន​ប​រុមលោក​ទៅ​ហើយ​ក្ដី ក៏​ដួង​ព្រលឹង​របស់​លោក កំពុង​តែ​នៅ​កំដរ​អា​រ្ម​ណ៍មនុស្សលោក​នៅឡើយ តាម​រយៈ​ដំណ​ត់​ទឹកខ្មៅ​ដ៏​ក្រ​អូន​ក្រអៅ​រាប់​លាន​តំណក់​ ដែល​លោក​បាន​បន្សល់​ទុកក្នុង​ក្រាំងមាស​ដល់​សព្វ​ថ្ងៃនេះ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ