ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​លេង​ទឹក និង​ទទួលទាន​ត្រី មាន់​ស្រែ​ទៅ​​អាង​កំពីងពួយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ​ចង់​ទទួលទាន​អាហារ​បែប​ធម្មជាតិ​មាន​ត្រី មាន់​ស្រែ​ជាដើម ទៅ​លេង​អាង​កំពីងពួយ ។ ចង់​ជិះទូក​លេង​បណ្ដើរ បង់សំណាញ់​ជា​ការ​កម្សាន្ត​បណ្តើរ ទៅ​អាង​កំពីងពួយ ។…

ខេត្តបាត់ដំបង​ ៖ ​ចង់​ទទួលទាន​អាហារ​បែប​ធម្មជាតិ​មាន​ត្រី មាន់​ស្រែ​ជាដើម ទៅ​លេង​អាង​កំពីងពួយ ។ ចង់​ជិះទូក​លេង​បណ្ដើរ បង់សំណាញ់​ជា​ការ​កម្សាន្ត​បណ្តើរ ទៅ​អាង​កំពីងពួយ ។ ចង់​ងូតទឹក​លេង​ត្រជាក់​កាយ​សប្បាយ​អារម្មណ៍​ទៅ​អាង​កំពីងពួយ …​។ ទាំងនេះ​ជា​លក្ខណៈ​ទាក់ទាញ​នៃ​អាង​កំពីងពួយ​គួរ​គាប់​ទៅ​កម្សាន្ត ។

អាង​បឹង​កំពីងពួយ​ជា​តំបន់​ទេសចរណ៍​កែ​ច្នៃ​មួយ មាន​ចម្ងាយ​៣៦​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង បាន​បន្សល់​ទុក​ពី​សម័យ​ប៉ុ​ល ពត ។ សម័យ​នោះ​គេ​បាន​កេណ្ឌ​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​នាក់​ឲ្យ​ទៅ​ជីក និង​រែក​ដី​កសាង​​អាង​កំពីងពួយ ដោយ​ផ្តល់​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់ ប្រកាន់ទោស​ផ្នែក​សីលធម៌ ដើរហើរ​សេរី ដោយ​ត្រូវ​កាប់សម្លាប់​អស់​ប្រមាណ​៥០% ក្នុង​នោះ​សាកសព​ខ្លះ​ត្រូវ​គេ​កប់​ចោល​នៅ​បាត​ទំនប់ និង​នៅ​បាត​ក្រោម​ស្ពាន​ទ្វារ​ទឹក ហើយ​មាន​សាក្សី​កំពុង​រស់នៅ​សព្វថ្ងៃ​ភាគច្រើន​អ្នកស្រុក​បាត់ដំបង ។

អ្នក​ទេស​ភាគច្រើន​ទៅ​កម្សាន្ត នៅ​ថ្ងៃ​សៅរ៍​ឬ​អាទិត្យ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក ហើយ​បើ​ថ្ងៃ​បុណ្យ​ទាន​ដូច​ជា​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ ឬ​ចូល​ឆ្នាំ​ចិន ជាដើម រក​កន្លែង​អង្គុយ​ស្ទើរ​ពុំ​បាន ព្រោះ​នៅ​តំបន់​នោះ​សម្បូរ​ម្ហូប អាហារ​សម្រាប់​ទទួលទាន មាន​ត្រី​ចម្រុះ​ក្នុង​បឹង​នោះ​តាម​បែប​ធម្មជាតិ ពិត​ៗ និង​មាន់​ដុត​តាម​បែប​ស្រុកស្រែ គួប​ផ្សំ​នឹង​បរិយាកាស​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​អាច​ជិះទូក កាណូត​ទៅ​បេះ​ឈូក ឬ​បង់​ត្រី​នៅ​កណ្តាល​បឹង​កម្សាន្ត​លេង ។ សំខាន់​ការ​ងូតទឹក​លេង​ទឹក​យ៉ាង​ត្រជាក់ ដែល​ភាគច្រើន​នៅ​ក្នុង​តំបន់​នេះ​ជា​តំបន់​ព្រៃ​ភ្នំ មិនសូវ​មាន​ទឹកធំ​សម្រាប់​កម្សាន្ត ទើប​ចេះ​តែ​មាន​មនុស្ស​ទៅ​កម្សាន្ត​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។

ចំពោះ​ឈ្មោះ​អាង ឬ​បឹង​កំពីងពួយ តាម​ទស្សនៈ​នៃ​ការ​ស្រាវជ្រាវ​យល់​ដឹង​របស់​បុគ្គល​ខ្លះ​ថា នៅ​លើ​ភ្នំ​១៥០ មាន​វត្ត​មួយ​ដែល​បាន​លាក់​គម្ពីរ​មួយ​ទុក​នៅ​ទីនោះ ហើយ​ពេល​កើតជា​អាង​ទឹក​នេះ​មក ក៏​ហៅ ត​ៗ​គ្នា​ថា កន្លែង​អាង​គម្ពីរ​មួយ ហើយ​បាន​ក្លាយជា​កំពីងពួយ​ទៅ​វិញ ។

ចំណែក​មតិ​ភាគច្រើន​ជា​អ្នក​លក់ដូរ​នៅ​ទីនោះ​វិញ បាន​លើក​ឡើង​ថា ងាយ​ស្គាល់ ងាយ​យល់ និង​ងាយ​ស្តាប់​បំផុត ព្រោះ​បឹង​នេះ​តាំងពី​មិន​ទាន់​លើក​ជា​អាង សាង​ជា​ទំនប់ សម្បូរ​ណាស់​ដើម​កញ្ឆែត និង​កំពីងពួយ ដែល​អ្នកស្រុក​នៅ ម្តុំ​ៗ​នេះ​ចុះ​បេះ​យក​ធ្វើ​បន្លែ ជា​រៀងរាល់ថ្ងៃ ម្ល៉ោះហើយ​ទើប​គេ​នាំ​គ្នា​ហៅ​ថា​បឹង​កំពីងពួយ ។

លោក​មាស សឿ​ន អាយុ​៦៧​ឆ្នាំ រស់នៅ​ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខេត្តបាត់ដំបង បាន​បញ្ជាក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​គឺជា​កងចល័ត​ក្នុង​របប​ប្រល័យពូជសាសន៍​នោះ ហើយ​ចាំ​ថា​អាង​កំពីងពួយ​បាន​ចាប់ផ្តើម​កសាង​ឡើង​នៅ​ឆ្នាំ​១៩៧៧ ដោយ​តំបន់​នេះ​ជា​ទំនាប​ចន្លោះ​កណ្តាល​នៃ​ភ្នំ​សងខាង​គឺ​ភ្នំ​តា​ង៉ែ​ន និង​ភ្នំ​១៥០ ។

ពេល​មាន​ភ្លៀង ម្តង​ៗ​ទឹក​តែងតែ​ហូរ​ចាក់​ពី​ចំណុច​ភ្នំ​ខ្ពស់​ទាំង​សងខាង​ធ្លាក់​មក​ចំណុច​នេះ ក៏​មានទឹក​ខួប​ប្រាំង ខួប​វស្សា​កើតជា​កូន​បឹង​តូច​មួយ​តាំងពី​យូរលង់​ណាស់​មក​ហើយ បន្ត​កន្លង​មក​ក្នុង​សម័យ​ប៉ុ​ល ពត បាន​ចេញ​ផែនការ​កសាង​ទំនប់​ស្ទាក់​ទឹក​នេះ​ដែល​មាន​បណ្តោយ​ប្រវែង​៧៥០០​ម៉ែត្រ ទទឹង​១៩០០​ម៉ែត្រ កម្ពស់​ទំនប់​៣០​ម៉ែត្រ ទំហំ​ទទឹង​ទំនប់​៧០​ម៉ែត្រ​អាច​ផ្ទុក​ទឹកបាន​១១០​លាន​ម៉ែត្រ​គីប មាន​ទ្វារ​ទឹក​២​សម្រាប់​បែងចែក មួយ​ចែកចាយ​ទៅ​ស្រុក​បាណ​ន់ និង​មួយទៀត​ចែក​ទៅ​ស្រុក​ថ្មគោល សម្រាប់​បន្ត​ប្រើប្រាស់​ស្រោច​ដំណាំ និង​ធ្វើស្រែ​ប្រាំង​បាន ។ កាលពី​៣​ឆ្នាំ​មុន​អាច​ចែករំលែក​ទៅ​ដល់​ស្ទឹង​មង្គលបុរី​ខេត្តបន្ទាយមានជ័យ​ទទួល​បាន​ប្រើប្រាស់​នៅ​ពេល​ខ្វះខាត​ទឹក​ផង​ដែរ ។

អាជ្ញាធរ​តំបន់​នោះ​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៣ ទឹកភ្លៀង​ធ្លាក់​មក​ច្រើន​ឡើង​ហៀរ​លើ​មាត់​ទំនប់ បណ្តាល​ឲ្យ​បាក់​ទំនប់​ហៀរហូរ​ខូចខាត​ដំណាំ និង​ផ្ទះ​ប្រជាពលរដ្ឋ​បន្តិចបន្តួច ។ អាជ្ញាធរ​ខេត្ត​បាន​យក​គ្រឿងចក្រ​កសាង​ទំនប់​ខូចខាត​នេះ​ឡើង​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ