ក្រុងហុងកុង ៖ កងទ័ពចិនបានប្រមូលផ្ដុំនៅព្រំដែនជាមួយហុងកុង ហើយនាថ្ងៃទី១៥សីហាចិនបានគំរាមថា នឹងមិនអោបដៃនៅស្ងៀមឡើយ ប្រសិនបើការតវ៉ាកាន់តែបង្កសភាពការណ៍អាក្រក់ទៅៗក្នុងដែនដីអតីតអាណានិគមអង់គ្លេសនោះ។ ការកំរាមបែបនេះនាំឲ្យប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំមានការព្រួយបារម្ភចំពោះគ្រោះថ្នាក់នៃការបង្ក្រាបដោយហិង្សា។
ឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងឡុងដ៏លោកLIU XIAOMINGបានព្រមានថា ក្រុងប៉េកាំងនឹងមិនអោបដៃនៅស្ងៀមឡើយ ប្រសិនបើសភាពការណ៍ក្លាយទៅជាមិនអាចត្រួតត្រាបាន។
ក្រោយរយៈពេល២ខែនៃចលនាតវ៉ាដែលកាន់តែរីកដាលនៅហុងកុង កងទាហានចិននាថ្ងៃទី១៥សីហាបានប្រមូលផ្ដុំក្នុងស្តាតមួយនៃទីក្រុងSHENZHEN ស្ថិតនៅជាប់ព្រំដែនជាមួយហុងកុង។ នៅទីនោះបណ្ដារថពាសដែកព្រមទាំងបណ្ដារថយន្តយោធា ក៏ឃើញមានជាច្រើនគ្រឿងដែរ។
ចិនរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានគំរាមធ្វើអន្តរាគមន៍ ដើម្បីស្ដាររបៀបរៀបរយឡើងវិញ ដោយចេញផ្សាយតាមបណ្ដាសារព័ត៌មានផ្លូវការនូវវីដេអូ បង្ហាញក្បួនរថយន្តយោធាបើកសំដៅទៅក្រុងSHENZHEN។ បែបនេះនាំឲ្យទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកJOHN BOLTONលើកពីស្រមោលនៃការបង្ក្រាបបង្ហូរឈាម ចលនាស្និទ្ធលទ្ធិប្រជាធិបតេយ្យនៅទីលានធៀនអានមេនកាលពី៣០ឆ្នាំមុននៅក្រុងប៉េកាំង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ