ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីកោះសន្តិភាពបានផ្សាយពីភាពមិនប្រក្រតី លើការទន្ទ្រានដីព្រៃរដ្ឋក្នុងស្រុកអូររាំង ឃុបឃិតគ្នាយកជាកម្មសិទ្ធិបុគ្គល រហូតដល់ថ្នាក់គេប្រើគ្រឿងចក្រធុនធ្ងន់ ចូលទៅឈូសឆាយព្រៃចំការស្រល់ នៅភូមិពូរាំង ឃុំសែនមនោរម្យ ហើយបែកធ្លាយព័ត៌មានដល់អភិបាលខេត្តមណ្ឌលគិរី ក៏បានផ្អាកសកម្មភាពវិញ មិនបានប៉ុន្មាននផង នៅថ្ងៃទី១៦ សីហា រដ្ឋបាលស្រុកអូររាំង ក្រោមការគ្រប់គ្រងរបស់លោកសៀក មុន្នី ជាអភិបាលស្រុក បានចេញលិខិតបំភ្លឺមួយច្បាប់អះអាងថា «គឺគ្រាន់តែត្រាស់សេ
(សម្អាតព្រៃធ្វើផ្លូវ) បើកការដ្ឋានសាងសង់ផ្លូវនាពេលខាងមុខ» ។ សូមរំលឹកថា៖ ដីត្រូវប៉ាន់…រួមដៃជាមួយរដ្ឋអំណាចឈូសដីចំការស្រល់
លិខិតបំភ្លឺដែលកោះសន្តិភាពទទួលបាន នារសៀលថ្ងៃទី១៦ សីហា បានបញ្ជាក់ថា «សូមធ្វើបំភ្លឺដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធសារព័ត៌មានទាំងក្នុង និងក្រៅស្រុក ជាសាធារណៈជនទាំងអស់ជ្រាបថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ មានបណ្តាញផ្សព្វផ្សាយព័ត៌មានល្នុងស្រុក បានចុះផ្សាយពាក់ព័ន្ឋក្នុងករណីរឿង ការឈូសឆាយធ្វើផ្លូវមួយខ្សែស្ថិតក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលរដ្ឋបាលសាលាស្រុក រៀបចំផែនការ ត្រាស់សេបើកការដ្ឋានស្ថាបនានាពេលខាងមុខ ចំពោះការឈូសឆាយដើមស្រល់មួយចំនួន គឺដើម្បីមើលស្ថានភាពដី សម្រាប់គម្រោងសាងសង់ ផ្លូវហើយរដ្ឋបាលស្រុក ក៏បានធ្វើការប្រជុំផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសាររួចផងដែរ»។
ការចេញលិខិតបំភ្លឺពីរដ្ឋបាលស្រុកអូររាំង កាន់តែបង្កើនចម្ងល់ដល់មហាជន ខណៈលិខិតខាងលើ មិនបានបង្ហាញពីភាពជាក់លាក់ឲ្យគេបានដឹងពីការសាងសង់ផ្លូវថ្មី តើមានគោលដៅទៅភូមិឃុំស្រុកណាពិតប្រាកដ? មិនបញ្ជាក់ពីប្រវែងផ្លូវត្រូវស្ថាបនា គ្មានក្រុមហ៊ុនដេញថ្លៃ គ្មានលិខិតអនុញ្ញាតពីក្រសួងស្ថាប័នពាក់ព័ន្ឋត្រឹមត្រូវទៅតាមច្បាប់… តែបែរជាលេចឮពីបញ្ហាដីសហគមន៍មួយកន្លែងដែលរដ្ឋបាលខេត្តមណ្ឌលគិរី ទើបដកហូតពីលោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅភូមិឃុំខាងលើចំនួន៤៧២ហិចតា ត្រូវគេអង្កន់ចែកគ្នាជាប្រព័ន្ធទៅវិញ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីអាជ្ញាធរខេត្តមណ្ឌលគិរី សម្រេចដកហូតដីដែលលោក សេង សុវណ្ណារ៉ា កាន់កាប់មិនស្របច្បាប់ ស្រាប់តែមានសកម្មភាពគ្រឿងចក្រឈូសឆាយព្រៃធ្វើផ្លូវចូលទៅចំណុចដីទំហំ៤៧២ហិកតា ក្រោមការបញ្ជារបស់លោក សៀក មុន្នី អភិបាលស្រុកអូររាំង ដែលយកលេសថា ធ្វើផ្លូវថ្មី។
នេះជារឿងដែលគួរសរសើរដល់លោកអភិបាលស្រុកអូររាំង ដែលទើបឡើងកាន់ដំណែងមិនទាន់បានកន្លះឆ្នាំ មានមហិច្ឆតាក្នុងការអភិវឌ្ឍន៍ភូមិ-ឃុំឲ្យមានភាពរីកចម្រើន ប៉ុន្តែគេឆ្ងល់ថា តើលោកអភិបាលស្រុកអូររាំងបានបញ្ចាប់ថវិកាចំណាយមកពីណា សម្រាប់សាងសង់ផ្លូវថ្មី មានទំហំដ៏ធំនិងវែងបែបនេះ? ឬលោកចំណាយលុយហោប៉ៅខ្លួនឯង ដើម្បីបម្រើជាតិ ព្រោះសូម្បីថ្នាក់ដឹកនាំខេត្ត ឬនិយាយឱ្យចំតែម្តង គឺលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏មិនបានដឹងពីការសង់ផ្លូវថ្មីនេះផង ។
ក្រោយផ្ទុះរឿងធ្វើផ្លូវគ្មានគោលការច្បាស់លាស់ អភិបាលខេត្បានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធចុះឃាត់គ្រឿងចក្រភ្លាមៗ តែរហូតមកដល់ថ្ងៃនេះ គ្រឿងចក្រទាំងនោះពុំដឹងថា គេយកទៅទុកឯណាឡើយ។ ក្នុងករណីនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កំពុងចាត់តាំងមន្ត្រីក្រោមឱវាទស្រាវជ្រាវរកអ្នកបញ្ជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ ដោយលោកអភិបាលខេត្តថា ការឈូសឆាយគឺត្រូវបញ្ចប់ភ្លាមៗក្រោមបញ្ជារបស់លោក… ទោះក្រុមហ៊ុន ឬបុគ្គលណាក៏ដោយ ត្រូវតែទទួលទោស បើសិនរកឃើញថាមានការប្រព្រឹត្តបទល្មើសនោះ។
ចំណែកលោក សៀក មុន្នី អភិបាលស្រុកអូររាំង បានឲ្យដឹងថា ចំពោះការឈូសឆាយផ្លូវនេះពិតជាមានការឈូសឆាយមែន។ តែរាល់ការឈូសឆាយនេះ មិនបានឈូសឆាយផ្លូវថ្មីនោះទេ គឺឈូសឆាយផ្លូវចាស់ស្ថិតក្នុងផ្លូវក្រុមហ៊ុន វូជីសាន ដែលជាក្រុមហ៊ុនស្រល់ ដោយខាងក្រុមហ៊ុន និងរដ្ឋបាលសាលាស្រុកអូររាំង មានការឯកភាពគ្នា ក្រុមហ៊ុនខាងលើផងដែរ ។ ហើយស្រុកក៏បានធ្វើការជូនដំណឹងទៅមន្ត្រីជំនាញ ក្នុងខេត្ត និងអាជ្ញាធរស្រុករួចរាល់ទៀតផង។
លោកអភិបាលស្រុក បានបញ្ជាក់ថា ការឈូសឆាយធ្វើផ្លូវលំនេះ មិនមានការប៉ះពាល់ដីព្រៃរបស់រដ្ឋនោះទេ គឺមានការប៉ះពាល់ដីព្រៃស្រល់របស់ក្រុមហ៊ុន វូជីសាន (ដីក្រមហ៊ុនវូជីសាន ដើមស្រល់) គ្រប់គ្រងដោយក្រុមហ៊ុនវូជីសាន ហើយការឈូសឆាយផ្លូវលំនេះ តែងតែមានការប៉ះពាល់ដើមស្រល់ខ្លះៗ ជៀសមិនផុត ហើយការឈូសឆាយនេះទៀត គឺដើម្បីប្រយោជន៏សាធារណៈ។
សូមរំលឹកថា អភិបាលស្រុកអូររាំងកំពុងត្រូវបានមហាជនចោទប្រកាន់ថា កំពុងប្រើល្បិចកន្ទេលធំបន្លំដេក ដោយបានបញ្ជាគ្រឿងចក្រចូលទៅឈូសឆាយដីព្រៃស្រល់ នៅចំណុចភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី តែបែកការណ៏ដល់អភិបាលខេត្តក៏ដកគ្រឿងចក្រវិញ កាលពីល្ងាចថ្ងៃទី១៣ សីហា ២០១៩ ។
យោងតាមព័ត៌មានដែលកោះសន្តិភាពទទួលបានឲ្យថា គ្រឿងចក្រជាច្រើនដូចជា អាប៊ុល១គ្រឿង អេស្កាវ៉ាទ័រ១គ្រឿង រថយន្តឡង់គ្រីស័រ២គ្រឿង មួយគ្រឿងកែច្នៃសម្រាប់ដឹកប្រេង១គ្រឿង និងរថយន្តធំសម្រាប់ដឹកគ្រឿងចក្រ១គ្រឿង ។ ក្រុមនេះ បានធ្វើសកម្មភាពឈូសឆាយផ្លូវក្នុងព្រៃមួយខ្សែ ទទឹងជិត២០ម៉ែត្រ ឈូសកាត់ព្រៃឈើ និងដើមស្រល់រាប់យរយពាន់ម៉ែត្រ ដោយមិនមានការអនុញ្ញាត ពីក្រសួង ឬរដ្ឋបាលសាលាខេត្តមណ្ឌលគិរីនោះឡើយ ពោលគឺមានត្រឹមលិខិតជូនដំណឹងប៉ុនណោះ។
ជាការកត់សម្គាល់ ការឈូសឆាយផ្លូវកាត់ព្រៃចម្ការដើមស្រល់នេះ ត្រូវបានគេរាយការណ៍ថា លោក សៀក មុន្នី អភិបាលស្រុក អាចបានចេតនាសង់ផ្លូវចូលទៅដីរបស់ដៃគូគាត់ឈ្មោះថាំង រិទ្ឋី ដែលប្រមូលទិញដីរដ្ឋ ដោយឲ្យអ្នកភូមិជាអ្នកឈរលក់ ដែលមានទីតាំងក្នុងព្រៃរាប់រយហិកតា ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ