បេក្ខជនប្រឡង​បាក់ឌុបឆ្នាំនេះ​…មក​បែ​បន់​ព្រះអង្គដងកើសុំឱ្យប្រឡងជាប់


​រាជធានី​ភ្នំពេញ ៖ មិន​មាន​អ្វី​ប្លែក​នោះ​ទេ​ ប្រៀប​ទៅ​នឹង​បណ្តា​ឆ្នាំ​មុន​ៗ ខណៈ​មុន​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប​ជិត​ចូល​មក​ដល់​តែង​មានសិស្សានុសិស្ស​ប្រុស​-ស្រី​រាប់រយ​នាក់ នាំ​គ្នា​ទិញ​គ្រឿង​សក្ការបូជា​មាន​ធូប​ទៀន​និង​ផ្កា​ឈូក​​ចូល​ទៅ​អុជ​ធូប មុខ​ព្រះ​អង្គ​ដង​កើ ដែល​មា​នទី​តាំងនៅ​មុខ​ព្រះ​បរមរាជវាំង ព្រឹក​ថ្ងៃ​ទី​១៥ សីហា មុន​ប្រឡង​៤​ថ្ងៃ ​ដើម្បី​បួងសួង​សុំ​ទទួល​បាន​ជោគជ័យ ។

កញ្ញា មាន សំណាង សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​បាក់​ទូក ដែល​នៅ​ក្នុង​ដៃ​មាន​កាន់​ផ្កាឈូក​ពណ៌​ស និង​ធូប​ទៀន​ហើយ​ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​ទៅ​អុជ​ធូប​ក្នុង​ទី​សក្ការ​ព្រះ​អង្គ​ដង​កើ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០១៩ គឺជា​ប្រឡង​បាក់​ឌុ​ប ដូច្នេះ​នៅ​សល់​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​នាង​បាន​ខិតខំ​យក​មេរៀន​ល្អ​ៗ​មក​មើល ហើយ​ត្រូវ​បាន​មិត្តភក្តិ​បបួល​ឲ្យ​មក​អុជ​ធូប និង​ថ្វាយ​ផ្កា​សុំ​សេចក្តីសុខ​សប្បាយ និង​កុំ​មាន​ជំងឺ​ស្កាត់​នៅ​ពេល​ប្រឡង​និង​កុំ​មាន​ភ័យភិត​ខ្លាច​ប្រឡង​ធ្លាក់ ជា​ពិសេស​សុំ​ឲ្យ​ព្រះ​អង្គ​ជួយ​តាម​ផ្លូវ​ងងឹត​ពង្រឹងស្មារតី​ដល់​កញ្ញា​នៅ​ពេល​ប្រឡង​ផង​ដែរ ។

យុវជន គឹ​ម វាសនា រៀន​នៅ​វិទ្យាល័យ​ព្រះ​សុ​ី​សុវត្ថិ​ដែល​ត្រូវ​ប្រឡង​បាក់​ឌុ​ប ដែរ​នោះ​បាន​និយាយ​ថា នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប​ចូល​មក​ដល់ គឺ​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ដោយសារ​មានការ​ភ័យ​ខ្លាច​ប្រឡង​ធ្លាក់ ណាមួយ​ត្រូវ​បាន​បងប្អូន​ឪពុក​ម្តាយ​នាំ​មក​អុជ​ធូប និង​ថ្វាយ​ផ្កា​ចំ​ថ្ងៃសីល​ផង​នោះ វាសនា​ក៏​មក​ជាមួយ​ហើយ​បួស​សួង​សុំ​ឲ្យ​ព្រះ​អង្គ​ដង​កើ​ជួយ​តាម​ផ្លូវ​ងងឹត​ពង្រឹងស្មារតី​ដល់​ខ្លួន និង​ជួយ​ឲ្យ​ប្រឡង​ជាប់ នេះ​មិនមែន​មាន​ន័យ​ថា រូបគេ​មិន​ខិតខំ​រៀន​នោះ​ឡើយ ហើយ​នេះ​ក៏​ជា​ជំនឿ​សាសនា​តាំងពី​ដូនតា​មក​ម្ល៉េះ នៅ​សល់​តែ​បួន​ថ្ងៃ​ទៀត​ដល់​ពេល​ប្រឡង ខ្លួន​គេ​បាន​ជ្រើសរើស​មេរៀន​មក​មើល​ផង​ដែរ មិនមែន​ដេក​ដួល​តាម​ការ​បែរបន់​នោះ​ទេ ។

សិស្ស​វិទ្យាល័យ​ទួល​ទំពូង​ម្នាក់​និយាយ​ក្នុង​ន័យ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថា នាង​ក៏​បានជា​វទៀន​ធូប ផ្កា​មក​អុជ​ធូប​ថ្វាយ​ដល់​ព្រះ​អង្គ​ដង​កើ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស​មាន​ជំនឿ​ខ្លាំង​ណាស់ ពេល​ពួក​គាត់​មានទុក្ខ​គាត់​បន់​បាន​ដូច​ក្តី​ប្រាថ្នា​មែន តែ​ចំពោះ​រូប​នាង​វិញ ថ្ងៃនេះ​ត្រូវ​ចំ​ថ្ងៃ​ទី​១៥ សីហា ដូច្នេះ​នៅ​សល់​តែ​បួន​ថ្ងៃ​ទៀត គឺ​ដល់​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប​ហើយ នាង​សុំ​ឲ្យ​ព្រះ​ថែរក្សា​រូប​នាង​ពេល​ប្រឡង កុំ​ឲ្យ​ជួប​ហេតុការណ៍​ចង្រៃ​ណាមួយ​ឡើយ​ចំពោះ​នាង ការ​ប្រឡង​នេះ​ដែរ​នាង​ត្រៀមខ្លួន​ជា​ស្រេច ក្នុង​ការ​មើល​មេរៀន​ឡើង​វិញ រួម​ទាំង​ទៅ​រៀន​គួ​បន្ថែម​ទៀត​ផង ។ នាង​ថា​ការ​មក​បន់ស្រន់​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​ជំនឿ​សាសនា​តែ​ប៉ុណ្ណោះ បើ​យើង​មិន​ខំរៀន​ផង តើ​ប្រឡង​ជាប់​ម្តេច​នឹង​កើត ប៉ុន្តែ​ខ្ញុំ​ប្រឹងរៀន​ណាស់ ។

លោក​សាស្ត្រាចារ្យ ប៊ុ​ន សោភ័ណ ដែល​អះអាង​ថា លោក​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក ហើយ​បាន​ឈរ​មើល​ក្រុម​សិស្សានុសិស្ស​ប្រុស​ស្រី ដែល​នាំ​គ្នា​សំរុកចូល​កន្លែង​ទី​សក្ការ​ព្រះ​អង្គ​ដង​កើ ហើយ​ម្នាក់​ៗ​មាន​កាន់​ទៀន​ធូប​និង​ផ្កា​ដើម្បី​បន់​នេះ លោក​បាន​ឲ្យ​ដឹង​ថា តាម​លោក​យល់​ឃើញ​នេះ គឺជា​ទម្លាប់​របស់​ក្រុម​សិស្សានុសិស្ស ខណៈ​ពេល​ប្រឡង​បាក់​ឌុ​ប​ជិត​ឈាន​មក​ដល់ ទើប​ម្នាក់​ៗ​មក​បន់​សុំ​ឲ្យ​ជួយ​ប្រឡង​ជាប់​និង​កុំ​ជួប​គ្រោះ​ចង្រៃ​ផ្សេង​ៗ​នៅ​ពេល​ប្រឡង ។

នេះ​ជា​បញ្ហា​មួយ​ទៅ​តាម​ជំនឿ​សាសនាព្រះពុទ្ធ អ្វី​ដែល​លោក​យល់​នោះ​ដើម្បី​ឲ្យ​ពួក​គេ​ប្រឡង​ជាប់ ក្មួយ​សិស្សានុសិស្ស​ត្រូវ​ខិតខំ​រៀនសូត្រ ហើយ​ត្រូវ​ជ្រើសរើស​យក​មេរៀន​ដែល​យល់​ថា​ពាក់ព័ន្ធ នឹង​ការ​ប្រឡង​មក​មើល នោះ​សង្ឃឹមថា​អាច​ប្រឡង​ជាប់ ។ លោ​កថា​ បើសិនជា​ពួក​គេ​មិន​ដែល​យក​មេរៀន​មក​មើល​ផង តើ​ឲ្យ​ជាប់​របៀប​ណា ថ្ងៃ​ទំនេរ​នាំ​គ្នា​ដើរ​លេង​សប្បាយ​តាម​រមណីយដ្ឋាន​នានា ។

លុះ​ជិត​ដល់​ពេល​ប្រឡង​ទើប​នាំ​គ្នា​ស្វាត់​ស្វែង​យក​មេរៀន​មក​មើល​និងរ​ត់ទៅ​បន់ស្រន់ តើ​បាន​ដូច​បំណង​ដែរ​ឬទេ ? សរុប​មក​មាន​តែ​អ្នកចេះ​ពិត​នឹង​អាច​ប្រឡង​ជាប់​មួយ​រយ​ភាគរយ ។ លោក​សាស្ត្រាចារ្យ​យ​ក៏​បាន​រំលឹក​ផង​ដែរ​ថា ខណៈ​ការ​ប្រឡង​បាក់​ឌុ​ប​កាន់តែ​ខិត​ជិត​មក​ដល់ ក្រៅពី​ប្រឹង​រំលឹក​មេរៀន បេក្ខជន​ត្រូវ​គិត​ពី​សុខភាព​របស់​ខ្លួន ពោល​គឺ​កុំ​រៀន​រហូត​ដល់​យប់​ជ្រៅ​ពេក ដែល​អាច​បង្ក​ជា​បញ្ហា​សុខភាព​នៅ​ថ្ងៃ​ប្រឡង ។

ដោយឡែក លោកតា​អាចារ្យ​ម្នាក់​ដែល​នៅ​ថែរក្សា​ទី​សក្ការ​ព្រះ​អង្គ​ដង​កើ​បាន​លើក​ឡើង​ថា សិស្សានុសិស្ស​រាប់រយ​នាក់​ដែល​នាំ​គ្នា​មក​អុជ​ធូប​ថ្វាយ​ផ្កា​នៅ​ព្រះ​អង្គ​ដង​កើ​នេះ​មិន​មាន​អ្វី​ប្លែក​ឡើយ ហើយ​វា​ក៏​មិន​ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ​ដែរ ឲ្យ​តែ​ដល់​ពេល​ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុ​ប​ម្តង​ៗ​គឺ​ក្មួយ​ៗ​សិស្សានុសិស្ស​រាប់រយ​នាក់​នាំ​គ្នា​មក​អុជ​ធូប​ថ្វាយ​ផ្កាឈូក និង​សុំ​ទឹកមន្ត​យក​ទៅ​លុបមុខ អ្នកខ្លះ​ទៀត សុំ​ឲ្យ​ព្រះ​អង្គ​ជួយ​ពួក​គេ​ឲ្យ​ប្រឡង​ជាប់ នេះ​គ្រាន់តែ​ជា​ជំនឿ​ការ​យល់​ឃើញ​របស់​មនុស្ស​ម្នាក់​ៗ ហើយ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ មុន​ពេល​ប្រឡង​ពួក​គេ​មក​អុជ​ធូប​តាំងពី​ព្រឹក​រហូត​ដល់​យប់​ឯណោះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩។ សម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ មាន​បេក្ខ​ជន​ដាក់​ពាក្យ​ចំនួន​១១៩.២១៧ នាក់ ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៤៥.៤១៤​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៧៣.៨០៣​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​២០២ មណ្ឌល​ទូ​ទាំង​ប្រទេស ៕​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ