ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​​​​និង​កូន​ៗ​ឮ​ដូច្នេះ​នាំ​គ្នា​ដើរទៅ​មើល ពុទ្ធោ​! ឃើញ​ម៉ូតូ និង​អាវ​ប្រឡាក់​ឈាម ចុះ​​មនុស្ស​…

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​អស់​រយៈ​ពេល​៣​ថ្ងៃ​មក​ហើយ ដោយ​ប្រពន្ធ​និង​កូន​កូន​ៗ រួម​ទាំង​សាច់ញាតិ​ខំ​ដើរ​រក តែ​មិនឃើញ​នោះ​ទេ ស្រាប់តែ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​តែ​ម៉ូតូ​ជន​រង​គ្រោះ ដោយ​មាន​ជាប់​ទាំង​អាវ​ប្រឡាក់​ឈាម​ទៀត បង្ករ​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​អស់​រយៈ​ពេល​៣​ថ្ងៃ​មក​ហើយ ដោយ​ប្រពន្ធ​និង​កូន​កូន​ៗ រួម​ទាំង​សាច់ញាតិ​ខំ​ដើរ​រក តែ​មិនឃើញ​នោះ​ទេ ស្រាប់តែ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​តែ​ម៉ូតូ​ជន​រង​គ្រោះ ដោយ​មាន​ជាប់​ទាំង​អាវ​ប្រឡាក់​ឈាម​ទៀត បង្ករ​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​គល់​ស្ពាន​អូរ​ជីក តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៦៧B ស្ថិត​ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​បាត់​ពី​ផ្ទះ​ខាងលើ​ឈ្មោះ ផាត់ ហាត់ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក C125 ស៊េរី​២០១៥ ពាក់​ស្លាក​លេខ ឧត្តរមានជ័យ 1B. 28950 រស់នៅ​ភូមិ​-​ឃុំ​កើត​ហេតុ​ខាងលើ​។

យោង​តាម​ការ​អះអាង​ពី​ស្ត្រី​ម្នាក់​ឈ្មោះ យេ​ង សំអាង អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ ត្រូវជា​កូនប្រសា​របស់​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ពី​ផ្ទះ​បានឱ្យ​ដឹង​ថា ឪពុកក្មេក​របស់​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក C125 ចេញពីផ្ទះ​កា​ល​ពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៣ សីហា ដោយ​ត្រូវ​បាន​អ្នក​ស្គាល់គ្នា​ហៅ​ឱ្យ​ឌុ​ប​គេ ហើយ​មិនដឹង​ថា​ទៅ​ទីណា​នោះ​ទេ ។ ក្រោយ​ពី​ជន​រង​គ្រោះ​បាត់​ខ្លួន ប្រពន្ធ កូន​ៗ និង​សាច់ញាតិ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ជួយ​ដើរ​រុករក​តាំងពី​ថ្ងៃ​បាត់​ដំបូង​ម្ល៉េះ ប៉ុន្តែ​រក​មិនឃើញ​ឡើយ​។

ស្ត្រី​ដដែល​បញ្ជាក់​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ សីហា​នេះ អ្នក​ភូមិ​ក៏​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង និង​អាវ​មួយ​ប្រឡាក់​ទៅ​ដោយ​ឈាម​ជោក ដែល​ស្ថិត​នៅ​ចំណុច​ក្បែរ​ផ្លូវជាតិ​លេខ​៦៧B ក្នុងភូមិ​-​ឃុំ​កើតហេតុ ខណៈ​នោះ​ប្រពន្ធ និង​កូន​ៗ​បានឮ​ដូច្នេះ ក៏​នាំ​គ្នា​ដើរទៅ​មើល បានឃើញ និង​ស្គាល់​ច្បាស់​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ ដោយឡែក​សាកសព​ពុំ​បាន​រក​ឃើញ​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​ម៉ូតូ​នោះ​ទៅ​រក្សា​ទុក​នៅ​កន្លែង​អធិការ​ស្រុក​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​នៅ​រសៀល​ក្នុង​ថ្ងៃ​ដដែល​ថា ហេតុ​ការណ៍​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ តែ​ទោះជា​បែប​ណា​នោះ សមត្ថកិច្ច​កំពុង​តែ​ដុតដៃដុតជើង​វែក​រកមុខ​សញ្ញា ដើម្បី​យក​មក​ផ្តន្ទាទោស​ជាក់​ជា​មិន​ខាន នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ