ផ្លូវ​មួយ​នេះ​ខូចខាត​ទាំងស្រុង​ដោយ​រថយន្ត​ធុន​យក្ស​បំផ្លាញ​នៅ​ឃុំ​ដូង​ស្រុក​រមាស​ហែក


ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​រស់នៅ​ក្នុង​ឃុំ​ដូង ស្រុក​រមាស​ហែក បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ មេត្តា​ជួយ​ស្ថាបនា​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​មួយ​ខ្សែ​ប្រវែង​០៦​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣១៣ ទៅ​កាន់​ច្រក​ទ្វា​ព្រំដែន​តំបន់​ដូង​ឃុំ​ដូង កំពុង​រង​ការ​ខូចខាត​ទាំងស្រុង នៅ​រដូវវស្សា​នេះ ដោយ​មាន​ជង្ហុក​ធំ​ៗ និង​ភក់ល្បាប់ បណ្តាល​ឲ្យ​រអិល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ជា​ពិសេស​សិស្សានុសិស្ស ។ ការ​អំពាវនាវ​នេះ​ដែរ កើតឡើង​នៅ​ថ្ងៃ​ទី​១៥ សីហា​នេះ​នៅ​ភូមិ ។

បើ​តាម​ប្រជាពលរដ្ឋ​ឃុំ​ដូង​បាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​អាជ្ញាធរ​ខេត្ត​បាន​ស្ថាបនា និង​ជួសជុល​នៅ​ឆ្នាំ​២០១៨ ដើម្បី​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ប៉ុន្តែ​បាន​ល្អ​តែ​មួយ​រយៈ​តែ​ប៉ុណ្ណោះ ។ ក្រោយមក​មាន​រថយន្ត​យី​ឌុ​ប​ធុន​ធំ​ៗ​ដឹក​ទំនិញ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​នេះ​ជា​រៀងរាល់ថ្ងៃ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ក្លាយជា​រណ្តៅ​ជង្ហុក​ធំ​ៗ​ហើយ​នា​រដូវវស្សា​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន បណ្តាល​ឲ្យ​ដក់​ទឹក និង​បែក​ល្បាប់​ធ្វើ​ឲ្យ​រអិល​បែក​ភក់​ពិបាកធ្វើ​ដំណើរ​ខ្លាំង​ណាស់ ជា​ពិសេស​ពេល​សិស្សានុសិស្ស​តូច​ៗ​ធ្វើ​ដំណើរ​ទៅ​រៀន​រាល់​ព្រឹក សិស្ស​ខ្លះ​រអិល​ដួល​ប្រឡាក់​សម្លៀក​បំពាក់​ខានទៅ​រៀន​ទៀត​ផង ។

ពាក់​ពន្ធ​ករណី​ផ្លូវ​នេះ​ដែរ លោក តឹក យី មេឃុំ​ដូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​នេះ​ជា​ផ្លូវ​ខេត្ត​កន្លង​មក​បាន​ធ្វើការ​ជួសជុល​បាន​ល្អ​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពិតជា​រង​ការ​ខូចខាត​ពិតប្រាកដ​មែនហើយ កាលពី​ខែកក្កដា​កន្លង​ទៅ​លោក​បាន​ស្នើរ​សុំ​ទៅ​ឯកឧត្តម​អូន​ពន្ធ​មន្នីរ​ត្ន័ ឧបនាយក​រដ្ឋ​រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ដើម្បី​ស្ថាបនា​ផ្លូវ​នេះ ជា​ផ្លូវ​ក្រាល​កៅស៊ូ​វិញ ដើម្បី​ធានា​សុវត្ថិភាព​ដោយ​ផ្លូវ​នេះ​មាន​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ធ្វើ​ចរាចរណ៍​ឆ្ពោះទៅ​កាន់​ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង​ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម ។ លោក​បន្ត​ទៀត​ថា ៖ ផ្លូវ​នេះ​កន្លង​មក​មាន​លោក​មេ​ប៉ុ​សិ៍​ច្រក​ទ្វា​ព្រំដែន​ដូង​ធ្វើការ​ជួសជុល ប៉ុន្តែ​មួយ​រយៈ​នេះ លោក​មេ​ប៉ុស្តិ៍​ច្រក​ទ្វារ​គាត់​មិន​ធ្វើការ​ជួសជុល បណ្តាល​ឲ្យ​រង​ការ​ខូច​ផ្លូវ​នេះ​ទាំងស្រុង​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ថា មាន​រថយន្ត​ធំ​ៗ​ដឹក​ទំនិញ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​នេះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​នេះ​យើង​ព្យាយាម​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​នួន លី​ហួ​ន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង​ដែរ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន ដោយសារ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​លើក​ទទួល ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ