ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​វត្ត​កណ្ដាល ដ៏​ស្កឹមស្កៃ​នៅ​កណ្ដាល​ក្រុង​បាត់ដំបង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ វត្ត​វ​បុល​ត្ថា​រាម ហៅ​វត្ត​កណ្ដាល ជា​វត្ត​ដ៏​ស្កឹមស្កៃ និង​ល្បីឈ្មោះ​មួយ​ស្ថិត​នៅ​ក្រុង​បាត់ដំបង ។ មាន​ចម្ងាយ​ប្រមាណ​ជា​៥០០​ម៉ែត្រ​ពី​សាលាខេត្ត​បាត់ដំបង មហាជន​ទៅ​លេង​ក្រុង​បាត់ដំបង ប្រាកដជា​ចាប់អារម្មណ៍​វត្ត​នេះ ។…

ខេត្តបាត់ដំបង​៖ វត្ត​វ​បុល​ត្ថា​រាម ហៅ​វត្ត​កណ្ដាល ជា​វត្ត​ដ៏​ស្កឹមស្កៃ និង​ល្បីឈ្មោះ​មួយ​ស្ថិត​នៅ​ក្រុង​បាត់ដំបង ។ មាន​ចម្ងាយ​ប្រមាណ​ជា​៥០០​ម៉ែត្រ​ពី​សាលាខេត្ត​បាត់ដំបង មហាជន​ទៅ​លេង​ក្រុង​បាត់ដំបង ប្រាកដជា​ចាប់អារម្មណ៍​វត្ត​នេះ ។ តើ​វត្ត​នេះ​មាន​ប្រវត្តិ​យ៉ាងណា?

វត្ត្ត​វ​បុល​ត្ថា​រាម ហៅ​វត្ត​កណ្ដាល ភាគ​ខាងកើត​ជាប់់​ផ្ទះ​ប្រជាជន​២​គ្រួសារ ខាងលិច​ជាប់​ថ្នល់ ខាងត្បូង​ជើង​ជាប់​ផ្ទះ​អ្នកស្រុក មាន​ផ្ទៃដី​សរុប​៤៨.២៩៦​ម៉ែត្រការ៉េ ។ វត្ត​វ​បុល​ត្ថា​រាម បាន​កសាង​ឡើង​ប្រហែលជា​ក្នុង​ឆ្មាំ​១៨១៣ ដោយ​ព្រះ​គ្រូ​ចៅអធិការ​មួយ​អង្គ ។ ព្រះ​អង្គ​បាន​ចលនា​ពុទ្ធបរិស័ទ​ក្នុងភូមិ​កាប់​ឆ្ការព្រៃ​សាងសង់​បានជា​សាលា​បុណ្យ​១​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​ស្លឹក និង​កុដិ​តូច​ៗ បាន​មួយ​ចំនួន ។
ហេតុ​ដែល​នាំ​ឱ្យ​ហៅ​ថា វត្ត​កណ្ដាល ដោយ​ផ្អែក​លើ​វត្ត​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​វត្ត​ពីរ គឺ​វត្ត​ពោធិ៍​ក្នុង និង​វត្ត​សង្កែ ដែល​នៅ​អម​សងខាង ។

នៅ​ព​.​ស​២៤៦២ គ​.​ស​១៩១៨ ទើបបាន​ដឺ​ង​ច្បាស់​ថា ព្រះ​ចៅ​គ្រូ​វិសុទ្ធិ​វង្សា ឧបជ្ឈាយ៍ ឈុ​ន ព្រះ​វិន័យ​ធម៌​សំ ,​ព្រះ​មហា យឿ​ន ព្រះ​បាឡាត់ ស៊ូ ថ្លាង ,​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ​ពុទ្ធបរិស័ទ​កសាង​ព្រះ​វិហារ​បន្ត​ពី​ចៅអធិការ​ចាស់​ចាប់ពី​ឆ្នាំ​១៩១៨ ដល់​ឆ្នាំ​១៩៦៦ ។

វត្ត​នេះ​គឺ​មាន​ភាព​រីក​ចម្រើន​ជា​ខ្លាំង និង​មានការ​សហការ​ជាមួយ​លោក​ឧ​ញ៉ាម​ហា​ផលា​សម្បត្តិ​អ៊ា​ប ហេវ ឧកញ៉ា​ឧត្ដម​បម្រុង​រដ្ឋ​សោ ហឺ ស្នា​ព្រះ​ហស្ត និង​ស្នាដៃ​មាន​កុដិ​មាន​១៧ សាលា​បាលី​១ សាលាឆាន់​៤​ខ្នង និង​រោង​បាយ​១ ប្រាង្គ​១ និង​ចេតិយ៍​ធំ​ៗ​ចំនួន​៣ និង​កសិណ​១ បង្គន់​១២​បន្ទប់ ព្រមទាំង​របង​ខ្លោងទ្វារ ផ្លូវ ជាដើម ។

សម័យ​នោះ​លោក​ឧកញ៉ា​សោ ហឺ គឺជា​អ្នក​កសាង​បន្ត​ខ្លាំង​ជាងគេ​សម្រាប់​ខេត្តបាត់ដំបង ដែល​មាន​ស្ពាន​ថ្ម សាលារៀន​សោ​ហឺ វិទ្យាល័យ​នេ​ត យ៉ង់ (​នេ​ត យ៉ង់ ជា​ភរិយា​) បន្ត​បន្សល់​ទុក​ដល់​សព្វ​ថ្ងៃនេះ​។ ចំពោះ​វត្ត​កណ្តាល​នេះ គឺ​ស្ទើរ​ជួយ​កសាង​ទាំងស្រុង ដែល​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា មាន​អគារ ចាស់​ៗ​ជា​ច្រើន​ក្នុង​សម័យ​បារាំង​, មាន​ខ្លោងទ្វារ​ដែល​មាន​រចនាបថ​ខ្មែរ​ពី​បុរាណ ,​មាន​ទីធ្លា​សួនច្បារ​យ៉ាង​ស្រស់​ស្អាត​ទស្សនា​កម្សាន្ត ,​មាន​ប្រាង្គ​ប្រាសាទ​នៅ​ខាងក្រោយ​វត្ត​ដែល​មាន​កំពូល​៥​ផង​ដែរ ដែល​កំពុង​តម្កល់​ធាតុ​របស់​គាត់​ទាំង​២​នាក់ (​ឧកញ៉ា ឧបាសក​សោ ហឺ​-​ឧបាសិកា​នេ​ត យ៉ង់​) ។

ពី​ឆ្នាំ​១៩៦៦​ដល់​ឆ្នាំ​១៩៧៥ ត​ពី​ព្រះ​បាឡាត់​នាម​ស៊ូ ថ្លាង មាន​ព្រះសង្ឃ​ចំនួន​៤​អង្គ​ទៀត ដែល​បាន​គ្រប់គ្រង​ទី​អារាម​នេះ​បន្តបន្ទាប់​គ្នា គឺ​ព្រះ​នាម​អាត់​(១៩៦៦-១៩៦៨) ពី​១៩៦៨-១៩៧៥ ព្រះ​នាម​សូរ ជិត (​ព្រះ​នាម​ហែម បាន ព្រះ​នាម​សួន ប៊ុ​ន​ជឿន ជា​តំណាង​ឲ្យ​ព្រះ​គ្រូ​សូរ ជិត​)​ព្រោះ​ព្រះ​សូរ ជិត លោក​ជា​គ្រូ​ចៅអធិការ​វត្ត​គរ ព្រះ​អង្គ​បាន​និមន្ត​មក​មើល​ការ​ខុស​ត្រូវ​តាម​ការ​ចាត់​តាំងរបស់​គណៈសង្ឃ បាន​ចលនា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​កសាង​បាន​ប៉ាឆា​១​ខ្នង​ធ្វើ​អំពី​បេតុង ។

សម័យ​កាលនោះ​ពុំ​សូវ​មាន​ភាព​រីក​ចម្រើន​ទេ ព្រោះ​មាន​អធិករណ៍​ជា​ច្រើន​បាន​កើតឡើង ។ អំឡុង​ឆ្នាំ​១៩៧៥​ដល់​១៩៧៩ ទី​សេនាសនៈ​ផ្សេង​ៗ នៅ​ក្នុង​វត្ត​នេះ​ទាំងអស់​ត្រូវ​បន​ប្រល័យពូជសាសន៍​ប៉ុ​ល ពត ទុកជា​កន្លែង​ឃុំឃាំង​មនុស្ស​សួរ​ចម្លើយ ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់​ថែម​ទៀត ។ កុដិ​មួយ​ចំនួន​ត្រូវ​បាន​ដាក់​អ្នកទោស និង​ព្រះ​វិហារ​ជា​កន្លែង​ធ្វើ​ទារុណកម្ម​និង​សួរ​ចម្លើយ និង​សំណង់​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ ។

ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ១៩៧៩ គឺ​នៅ​អំឡុង​ឆ្នាំ​១៩៨០​ដល់​១៩៨៩ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​វៀតណាម និង​ទ័ព​កម្ពុជា ។ ឆ្នាំ​១៩៨៩ បាន​ប្រគល់​មក​ឱ្យមក​ព្រះសង្ឃ​គ្រប់គ្រង​វិញ ។ លោកតា​អាចារ្យ និង​ប្រជា​ពុទ្ធបរិស័ទ​បាន​នាំ​គ្នា​ចូល​រៀបចំ​វត្ត ហើយ​បាន​និមន្ត​ព្រះ​អនុគណ​ស្រុក​បាត់ដំបង ព្រះ​នាម អ៊ុ​ក មុត ជា​អ្នក​មើល​ការ​ខុស​ត្រូវ​មួយ​រយៈ ដើម្បី​ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា​ធ្វើបុណ្យ​តាម​ប្រពៃណី ។
ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​១៩៩៨ ក្រោម​ការ​គ្រប់គ្រង​របស់​លោកគ្រូ​ចៅអធិការ​ព្រះ​នា​មនុ​ត រ៉ា​ន់ លោក​បាន​ដឹកនាំ​ជួស​ជុស​ព្រះ​នាម​វិហារ​ឡើង​វិញ ។

ឆ្នាំ​១៩៩៨ ដល់​២០០០ ក្រោម​ការ​គ្រប់គ្រង​របស់​លោកគ្រូ​ចៅអធិការ​ព្រះ​នាម​ញាណ​សរ​ណោ​លន់ សា​រេ​ត បាន​ដឹកនាំ​កសាង​កុដិ​១​ខ្នង​ពីរ​ជាន់​មាន​ឧបាសក​វ៉ា​ន់ ទៀង ឧបាសិកា​វ៉ៅ រួម ជា​អ្នក​ឧបត្ថម្ភ ។

ថ្ងៃ​ទី​ខែសីហា ឆ្នាំ​២០០៤ បាន​ប្រកាស​បំពេញ​សិទ្ធិ​លោកគ្រូ​កែវ សំពស់ ជា​អធិការ ភិក្ខុ​អ៊ុ​ក ម៉ាត់​លី ជា​គ្រូសូត្រស្ដាំ ភិក្ខុ​តែ វ៉ា​ន់​ធី ជា​គ្រូសូត្រឆ្វេង​ដដែល ។ ក្រោម​ការ​គ្រប់គ្រង​របស់​គ្រូ​ចៅអធិការ​នាម​កែវ សំពស់ នេះ​គឺ​មាន​គ្រូសូត្រឆ្វេង​ស្ដាំ​លាចាក​ស​ក្ខា​បទ​ចំនួន​៣​ជំនាន់​ហើយ គឺ​គ្រូសូត្រស្ដាំ​នាម​អ៊ុ​ក ម៉ាត់​លី​, គម សា​រឹ​ន ,​ម៉ៅ កុសល​, គ្រូសូត្រឆ្វេង​នាម​តែ វ៉ា​ន់​ធី ,​តូច ហ៊ា​ង​, ប្រាក់ ស៊ុ​យ ។

បច្ចុប្បន្ន​វត្ត​វ​បុល​ត្ថា​រាម ស្ថិត​ក្រោម​កា​គ្រប់គ្រង​របស់​គ្រូ​ចៅអធិការ​នាម​កែវ សំពង់ និង​គ្រូសូត្រស្ដាំ​នាម​លុ​ច ស្ដើង និង​គ្រូសូត្រឆ្វេង​នាម​ឃៀ​ម សុខា មាន​ស្នា​ព្រះ​ហស្ដ​ដឹកនាំ​ជួស​ជុស​ព្រះ​វិហារ ជួស​ជុស​កុដិ ចាស់​ៗ​​ឡើង​វិញ ព្រមទាំង​អាចារ្យ​ស សា​រឿ​ន ធ្លាប់​បួស​រៀន​នៅ​ទី​នេះ កំពុង​រៀបចំ​សួន​នៅ​ខាង​មុខ​វត្ត បាន​​ចាក់សាប​បំពេញ​ទីធ្លា​ខាង​មុខ​សាលាឆាន់ និង​តាម​ផ្លូវ​សហការ​កសាង​កុដិ​បាន​ចំនួន​៩​ខ្នង កសាង​របង​ចាក់​ដី​បំពេញ​ទីធ្លា​វត្ត កសាង​បង្គន់​១១​បន្ទប់ និង​ហេដ្ឋារចនាសម្ព័ន្ធ ដទៃ ផ្សេង​ៗ​ជា​ច្រើន​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ