ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ម៉ា​ឡេ​ស៊ី​សហការ​គ្នា​បង្កើត​រោងចក្រ​ផលិត​លី​ប​កង់ និង​គ្រឿង​បង្គុំ​សម្រាប់ វិស័យ​ផលិត​ទោចក្រយាន​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​រយៈ​អគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក​បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​វិនិយោគ​រោងចក្រ​ផលិត​លី​ប​កង់ និង​គ្រឿង​បង្គុំ​នានា ដើម្បី​ផ្គត់ផ្គង់​ដល់​ដំណើរការ​ខ្សែ​ចង្វាក់​ផលិតកម្ម​កង់​នៅ​កម្ពុជា សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ ​លោក…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​រយៈ​អគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក​បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​វិនិយោគ​រោងចក្រ​ផលិត​លី​ប​កង់ និង​គ្រឿង​បង្គុំ​នានា ដើម្បី​ផ្គត់ផ្គង់​ដល់​ដំណើរការ​ខ្សែ​ចង្វាក់​ផលិតកម្ម​កង់​នៅ​កម្ពុជា សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ជួប​ជាមួយ​លោ​កអែល​ឌី​ន ហូ​សៃ​នី បី​ន ម៉ូ​ហា​ម៉េ​ត ហាស​ស៊ី​ម (Eldeen Husaini Bin Mohd Hashim)​ជា​ពេលវេលា​មួយ​ដ៏​សម​ស្រប គាប់​ជួន​នឹង​ដំណើរ​ទស្សនកិច្ច​របស់ លោក មូ​ហា​ធា មូ​ហា​ម៉ែ​ត នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី មក​ប្រទេស​កម្ពុជា​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី ។ ម្យ៉ាងវិញទៀត កិច្ច​ជំនួប​នេះ​បាន​ផ្ដល់​ឱកាស​សម្រាប់​ពិភាក្សា លើ​ការងារ​សហការ​ក្នុង​ការ​បង្កើត​រោងចក្រ​ផលិត​លី​ប​កង់ និង​គ្រឿង​បង្គុំ​ដទៃ​ទៀត សម្រាប់​ផ្គត់ផ្គង់ ក្នុង​វិស័យ​ផលិត​ទោចក្រយាន​នៅ​កម្ពុជា ជា​កិច្ច​សម្រួល​ដល់​ខ្សែ​ចង្វាក់​ផលិតកម្ម ក៏​ដូច​ជា​បង្កើត​ជា​លិ​ត​ផល​សរុប​ក្នុង​តំបន់ ក្រោម​វិធាន​ប្រភព​កំណើត​ទំនិញ ។

​លោក ប៉ាន សូរ​ស័ក្តិ បាន​ចង្អុលបង្ហាញ​វិស័យ​ទេសចរណ៍​ជា​វិស័យ​មាន​សក្ដានុពល​មួយ ព្រមទាំង​ស្នើ​សុំ​ឲ្យ​សហគមន៍​ធុរកិច្ច​កម្ពុជា និង​ម៉ា​ឡេ​ស៊ី ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ធុរកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ។

​ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ពិតជា​មាន​សារៈសំខាន់​សម្រាប់​សមាជិក​អាស៊ាន​ទាំងអស់ ។ ដោយឡែក​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី នា​ពេល​ខាង​មុខ ភាគី​ម៉ា​ឡេ​ស៊ី​មាន​បំណង​លើក​ប្រធានបទ​នេះ និង​ប្រធានបទ​មួយ​ចំនួន​ទៀត រួម​មាន ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កិច្ចសហការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ធុរកិច្ច​ជាដើម ដើម្បី​ពិភាក្សា ។

លោក​បន្ត​ថា កម្ពុជា​មាន​សក្ដានុពល​ច្រើន​ណាស់ សម្រាប់​ឱ្យ​វិនិយោគិន​ម៉ា​ឡេ​ស៊ី ដាក់​ទុន​វិ​ន​យោគ ហើយ​ម៉ា​ឡេ​ស៊ី ក៏​ធ្លាប់​ក្លាយជា​អ្នក​ដាក់​ទុន​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា​ផង​ដែរ ។ លោក​ថ‌ា​៖« កម្ពុជា​មាន​អ្វី​ដែល​យើង​ចង់​វិនិយោគ​ច្រើន ហើយ​យើង​នឹង​ពាំនាំ​នូវ​ឱកាស​វិនិយោគ​ល្អ ៗ ដល់​វិនិយោគិន​ម៉ា​ឡេ​ស៊ី ដើម្បី​មក​បណ្ដាក់ទុន​វិនិយោគ នៅ​កម្ពុជា ដើម្បី​រឹតចំណង​មិត្តភាព ការទូត និង​ពាណិជ្ជកម្ម » ។ លោក​បន្ត​ថា ក្នុង​អាណត្តិ​របស់​លោក ជា​អគ្គរដ្ឋទូត​នៅ​កម្ពុជា លោក​ប្ដេជ្ញា​នឹង​ធ្វើ​ឱ្យ​ម៉ា​ឡេ​ស៊ី​ក្លាយជា​អ្នក​វិនិយោគ​លំដាប់​កំពូល​ឡើង​វិញ​នៅ​ពេល​ឆ្នាំ​ខាង​មុខ​នេះ ។ ហើយ​អ្វី​ដែល​ម៉ា​ឡេ​ស៊ី ត្រូវធ្វើ​មុនគេ​នោះ គឺ​សិក្សា​ពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា តើ​ថា​មាន​អ្វី​ដែល​អ្នក​វិនិយោគ​ម៉ា​ឡេ​ស៊ី អាច​ដាក់​ទុន​វិនិយោគ​បាន និង​បន្ទាប់​មក​ទៀត ត្រូវ​សិក្សា​ពី​គ្នា ឱ្យ​យល់​ពី​គ្នា​សិន ។ ក្នុង​នោះ​ដែរ​លោក​ទូត​បាន​មើលឃើញ​ថា​ពី​ឱកាស​វិនិយោគ​ច្រើន​ដែល​ត្រូវ​ផ្សព្វផ្សាយ​ដល់​វិនិយោគិន​ម៉ា​ឡេ​ស៊ី មក​បណ្ដាក់ទុន​នៅ​កម្ពុជា​នៅ​ពេល​ឆាប់​ៗ​នេះ ខណៈ​កា​រត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ​ក៏​មាន​គ្រប់គ្រាន់​ហើយ ។

គួរ​បញ្ជាក់​ថា ដោយសារ​តែ​ទំនាស់​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន បណ្ដា​ក្រុមហ៊ុន​ផលិត​កង់​នៅ​ចិន បាន​និង​កំពុង​ងាក​ទៅ​រក​ប្រទេស​ដែល​ទទួល​ការ​អនុគ្រោះ​នាំ​ចូល​សហរដ្ឋអាមេរិក និង​ចិន ។ យោង​តាម​គេ ហ​ទំព័រ Bike-eu ចេញផ្សាយ​កាលពី​ចុងខែ​មិថុនា ថា​រោងចក្រ​ផលិត​កង់​នៅ​ចិន​ប្រមាណ​ពី​៥០​ទៅ​៦០​ភាគរយ នឹង​អាច​ផ្លាស់​មក​កម្ពុជា នៅ​រយៈពេល​៣​ឬ​៤​ឆ្នាំ​ខាង​មុខ ។ ហើយ​បើ​តាម​គេ​ទំព័រ​ដដែល​នេះ បានអោយ​ដឹង​ថា រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ផលិត​កង់​បាន​ប្រមាណ​១,៤​លាន​គ្រឿង ក្នុង​ឆ្នាំ ២០១៨ ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​២៨៧​លាន​ដុល្លារ ។

ទីផ្សារ​សំខាន់​សម្រាប់​ផលិតផល​កង់​កម្ពុជា គឺ​មាន​តែ​សហភាព​អឺរ៉ុប​មួយ​ប៉ុណ្ណោះ ដោយឡែក​ទីផ្សារ​សហរដ្ឋអាមេរិក​វិញ គឺ​មាន​ទំហំ​តូច​មួយ​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត ជាមួយនឹង​ការ​មក​ដល់​នៃ​ក្រុមហ៊ុន​ផលិត​កង់​ថ្មី​ៗ​របស់​ចិន នៅ​កម្ពុជា សន្ទុះ​នៃ​ការ​ផលិត​និង​នាំ​ចេញ​របស់​កម្ពុជា​នឹង​មានការ​ផ្លាស់​ប្តូរ​នៅ​ពេល​ខាង​មុខ​នេះ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ