រាជធានីភ្នំពេញ ៖ ពិតជាមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ពេលដែលដឹងថា អតីតប្រពន្ធនាយតាក់ស៊ី គឺអ្នកនាងភីមបានបង្ហាញជំហរនាងថា មិនអាចទទួលយកតាក់ស៊ីធ្វើជាប្តីវិញបានឡើយ តែនៅអាចរាប់អាន គ្នាជាបងប្អូន ខណៈនាងអះអាងថា ពួកគេបានលែងលះគ្នាដាច់ស្រេចហើយ រួមទាំងបែកចែកទ្រព្យសម្បត្តិ មុនគាត់ទៅសាងផ្នួសនាកន្លងមក ហើយនាងក៏មិនចង់បកស្រាយអ្វីឱ្យវែងឆ្ងាយដែរក្នុងរឿងនេះ ព្រោះមានរឿងរ៉ាវជាច្រើនដែលនាងមិនចង់និយាយតទៀត ។ គួររំលឹកថា៖ នាយ តាក់ស៊ី ត្រឡប់មកលេងកំប្លែងវិញ តែចំណងស្នេហ៍ត្រូវចប់
អ្នកនាងភីមបន្តថា មុនពេលអតីតស្វាមី(តាក់ស៊ី)គាត់ទៅបួសនោះ នាងក៏បានអង្វរស្វាមីដែរថា ទៅបួសមួយរយៈបានហើយ ប៉ុន្តែគាត់នៅតែចង់លែងលះ ហើយថាទៅបួសមួយជីវិតទៀត ទើបរវាងអ្នកនាង និងនាយតាក់ស៊ីបានលែងលះគ្នាហើយ ដោយបានផ្ដិតមេដៃ ព្រមទាំងមានគ្រួសារ និងមន្ត្រីអាជ្ញាធរដឹងឮផងដែរ ។
សូមរំលឹកថា អ្នកដឹកនាំកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ CTN លោក សុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ បានអះអាងថា ពេលនេះនាយតាក់ស៊ី ត្រូវបានផ្តល់ឱកាសឲ្យចូលលេងកំប្លែងវិញហើយ ប៉ុន្តែមិនទាន់អាចក្លាយជាបុគ្គលិកពេញសិទ្ធិ ដូចជាពីមុននោះឡើយ ។
លោកបញ្ជាក់ថា ជាទូទៅស្ថានីយទូរទស្សន៍ CTN តែងផ្តល់ឱកាស និងផលប្រយោជន៍ជាច្រើនសម្រាប់ក្រុមកំប្លែងទាំងកម្រៃនៃការសម្តែងម្តងៗ និងប្រាក់ខែប្រចាំខែ ប៉ុន្តែសម្រាប់នាយតាក់ស៊ី នាពេលនេះលោកមិនអាចកំណត់ទេថា នាយបានចូលពេញសិទ្ធិនៅពេលណានោះឡើយ ។
ដោយឡែក ពាក់ព័ន្ធជុំវិញបញ្ហាគ្រួសារនោះ លោកតាវ៉ិចទ័របានអះអាងថា រឿងនេះលោកសុំមិននិយាយអ្វីឲ្យវែងឆ្ងាយឡើយ ប៉ុន្តែលោកត្រឹមអាចនិយាយថា ចាប់ពីពេលនេះតទៅនាយតាក់ស៊ី គឺបានចាប់ផ្តើមពីចំណុចសូន្យឡើងវិញ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ