ថ្លៃសិក្សាតាមថ្នាក់ខ្ពស់កាន់តែកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែមានវិធីសាស្ត្រច្រើនដែលអាចជួយឲ្យនិស្សិតកាត់បន្ថយការចំណាយរបស់ពួកគេ ។ អ្នកស្រី Kathy Ruby ដែលជាទីប្រឹក្សាហិរញ្ញវត្ថុនិស្សិតបានប្រាប់មកថា ការចាប់ផ្តើមការសិក្សាថ្នាក់ខ្ពស់ គឺជាជំហានដំបូងរបស់មនុស្សក្នុងការក្លាយទៅជាមនុស្សដែលមានឯករាជ្យភាពក្នុងផ្នែកហិរញ្ញវត្ថុ ។
ដូច្នេះ និស្សិតត្រូវតែរៀនសូត្រពីអ្វីដែលពួកគេមិនត្រូវខ្ជះខ្ជាយដែលមានដូចខាងក្រោមនេះ៖ ១. រថយន្ត ៖ ប្រាកដណាស់ការមានរថយន្តបើកបរទៅកាន់សាកលវិទ្យាល័យអាចធ្វើឲ្យអ្នកមើលទៅឡូយឆាយ និងមានប្រជាប្រិយភាព ព្រមទាំងផ្តល់ភាពងាយស្រួលផ្សេងៗដល់អ្នកផងដែរ ប៉ុន្តែការមានរថយន្តបើកបរតម្រូវឲ្យអ្នកចំណាយជាច្រើនទាំងលើថ្លៃសាំង និងថ្លៃមើលថែផងដែរ ជាពិសេសពេលដែលអ្នកបើកបរវាលើផ្លូវតូចចង្អៀតក្នុងទីក្រុងភ្នំពេញ ។ ប្រសិនបើអ្នកចង់កាត់បន្ថយការចំណាយ អ្នកអាចសាកល្បងជិះរថយន្តជាមួយនឹងមិត្តរួមថ្នាក់ និងចែកថ្លៃសាំង ឬប្រើសេវាដឹកជញ្ជូនផ្សេងៗដូចជា Grab ជាដើម ។
២. សៀវភៅពុម្ព ៖ ការទិញសៀវភៅពុម្ព គឺជារឿងដែលនិស្សិតមិនអាចជៀសផុតទេ ពីត្រីមាសមួយទៅត្រីមាសមួយ ហើយវាក៏អាចធ្វើឲ្យនិស្សិតចំណាយច្រើនដែរ ។ ដើម្បីកាត់បន្ថយការចំណាយនេះ អ្នកអាចខ្ចីសិស្សច្បងរបស់អ្នកដែលមិនត្រូវការសៀវភៅទាំងនោះទៀត ឬមើលសៀវភៅតាមប្រព័ន្ធអេឡិតត្រូនិកវិញប្រសិនបើមាន ។
៣. បន្ទប់ស្នាក់នៅ ៖ ប្រសិនបើអ្នកជានិស្សិតដែលមកពីទីរួមខេត្ត និងទៅរៀននៅសាកលវិទ្យាល័យក្នុងទីក្រុងភ្នំពេញ ឬទីរួមខេត្តដទៃនោះកត្តាមួយទៀតដែលអ្នកត្រូវចាយវាយលើគឺការស្នាក់នៅ ។ សាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងភ្នំពេញមានផ្តល់ជាកន្លែងស្នាក់នៅដល់និស្សិត ដូច្នេះវាមិនផ្តល់សម្ពាធខ្ពស់ពេកទេ ។ ប៉ុន្តែប្រសិនបើសាកលវិទ្យាល័យមិនមានបន្ទប់ស្នាក់នៅវិញ និស្សិតគួរតែជ្រើសរើសកន្លែងស្នាក់នៅឲ្យបានល្អ ។ ហើយប្រាកដណាស់ ប្រសិនបើអ្នកមិនចំណាយពេលច្រើនក្នុងបន្ទប់ស្នាក់នៅរបស់អ្នកទេ អ្នកមិនចាំបាច់ជ្រើសយកកន្លែងដែលមានតម្លៃខ្ពស់ពេកដែរ ។
៤. ការរៀនសង ៖ វិធីដែលងាយជាងគេក្នុងការជួយឲ្យនិស្សិតសន្សំថវិកា គឺចៀសវាងការប្រឡងធ្លាក់ដែលតម្រូវឲ្យពួកគេរៀនសង ។ មិនត្រឹមតែអ្នកត្រូវបង់ថ្លៃសិក្សាសាជាថ្មីទេ តែអ្នកថែមទាំងបាត់បង់ពេលវេលាជាច្រើន ដែលអ្នកអាចយកទៅធ្វើការ ឬប្រកបអាជីវកម្មរកប្រាក់ចំណូលជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ