រាជធានីភ្នំពេញ ៖ តាមការលើកឡើងរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា កត្តាទឹកជំនន់ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ នៅទូទាំងពិភពលោក ជាពិសេសសម្រាប់ប្រទេសកម្ពុជា ព្រោះភ្លៀងបានធ្លាក់នៅកន្លែងមិនចំ ទើបបណ្តាលឲ្យមានទឹកជំនន់ ។
លោករដ្ឋមន្ត្រី លឹម គានហោ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរៀបចំឡើង ដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នាទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែសីហានេះថា សន្តិសុខទឹកត្រូវបានលើកឡើងជាកង្វល់របស់ពិភពលោក ព្រោះនៅលើពិភពលោកមានទឹកសាប២,៥%ទេ ។ តែសម្រាប់កម្ពុជាមានសំណាងជាងគេ មានទឹកសាបប្រើប្រាស់ច្រើនជាងគេ ។
លោក លឹម គានហោ បានពន្យល់ថា មូលហេតុដែលភ្លៀងធ្លាក់ បណ្តាលឲ្យមានជំនន់នោះ គឺដោយសារទឹកភ្លៀង និងទឹកទន្លេមេគង្គ ហើយថ្មីៗនេះនៅខេត្តព្រះសីហនុ កំពត កោះកុង រតនគីរី..ជាដើម ។ លោក លឹម គានហោថ្លែងបញ្ជាក់ទៀតថា ទឹកជំនន់បណ្តាលមកពីកន្លែងដែលទទួលទឹកភ្លៀងមិនសមតុល្យ ឬសមភាព ពីទឹកភ្លៀងដែលធ្លាក់មកពីលើមេឃមកពីបរិមាណភ្លៀងច្រើនពេក ។ នេះបញ្ហាដែលត្រូវទទួលស្គាល់ទាំងអស់គ្នា ។ កម្ពុជាបានរងសម្ពាធក្តៅផង និងក្រជាក់ផង ចាប់តាំងពីខែមករា (គ្មានភ្លៀង) និងសប្តាហ៍ទី២ នៃខែឧសភាមានភ្លៀងធ្លាក់ ។ លោក លឹម គានហោ បន្តថា«យើងបានត្រៀមលក្ខណៈក្នុងការទប់ទល់គ្រោះទឹកជំនន់ ។ ហើយគ្មានអ្វីដែលព្រួយបារម្ភទៀតទេ» ។
ឯកឧត្តមសង្ឃឹមថា ទឹកទន្លេមេគង្គនឹងហក់ឡើងតាមការរំពឹងទុកដល់ជាង៩ម៉ែត្រ នាពេលខាងមុខមិនជាអាក្រក់ហួសហេតុទេ ។ លោក លឹម គានហោបន្តថា រដ្ឋាភិបាលនៅតែត្រៀមក្នុងការបារម្ភធ្វើយ៉ាងណាក្រែងមានជំនន់កើតមកភ្លាមៗនឹងស្រក់ទៅវិញភ្លាមៗដោយសារផ្ទៃរងទឹកភ្លៀងដែលពេលភ្លៀងធ្លាក់មកចំផ្ទៃរងទឹកភ្លៀងតែម្តង ។ ចំពោះហេតុការណ៍លិចនៅខេត្តព្រះសីហនុលោកលឹម គានហោ បន្តថា ខេត្តនេះបានទទួលរងទឹកភ្លៀងចំនួន២៧៦៤មីលីម៉ែត្រ កោះកុងទទួលទឹកភ្លៀង៣០០០មីលីម៉ែត្រក្នុងមួយថ្ងៃភ្លៀង១៦៥មីលីម៉ែត្រ ចៀសការលិចលង់មិនបានទេ ហើយបញ្ហទាំងនេះ បណ្តាលមកពីបាតុភូតធម្មជាតិទាំងអស់ ។
លោកថាយើងបានត្រៀមលក្ខណៈគ្រប់បែបយ៉ាងក្នុងការជួយដល់ពលរដ្ឋដែលរងគ្រោះនៅតំបន់មានជំនន់ដោយទឹកភ្លៀង ។ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា ការអញ្ជើញរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមចូលរួមក្នុងសន្និសីទនេះ គឺមានទិសដៅ និងគោលបំណងពន្យល់ឆ្លើយតបនឹងកង្វល់របស់សារធារណជន លើការកាត់បន្ថយថ្ងៃឈប់សម្រាក និងបច្ចុប្បន្នភាពនៃស្ថានភាពគ្រោះទឹកជំនន់ និងផលប៉ះពាល់ដែលកំពុងកើតមានជាបន្ដបន្ទាប់នៅតាមបណ្ដាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ថា ក្នុងរយៈពេលសប្តាហ៍ទី១ នៃសីហានេះ មានជនរងគ្រោះ៤នាក់ បានស្លាប់ (ម្នាក់នៅរតនគីរី និង៣នាក់ នៅខេត្តព្រះសីហនុ) និងពលរដ្ឋរាប់រយគ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពខេត្ត ប្រមាណ៩ នៅតាមជួរភ្នំដងរែក តំបន់មាត់សមុទ្រ និងតំបន់ឥសានបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ គិតចាប់តាំងពីថ្ងៃទី១ ដល់១០ ខែសីហានេះ ដូចជាខេត្តកោះកុង ,ព្រះសីហនុ កំពត កែប ពោធិ៍សាត់ បាត់ដំបង កំពង់ធំ មណ្ឌលគីរី និងរតនគីរី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ