ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ តាក់ស៊ី ត្រឡប់​មក​លេង​កំប្លែង​វិញ តែ​​ចំណង​ស្នេហ៍​ត្រូវ​ចប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ តាក់ស៊ី ត្រូវ​បាន​ស្ថានីយទូរទស្សន៍ CTN ផ្តល់​ឱកាស​ឱ្យ​ចូល​លេង​កំប្លែង​វិញ​ហើយ បន្ទាប់​ពី​សឹក ខណៈ​ពេល​ចំណងអាពាហ៍ពិពាហ៍​រវាង​លោក និង​អ្នក​នាង…

រាជធានី​ភ្នំពេញ ៖ នាយ តាក់ស៊ី ត្រូវ​បាន​ស្ថានីយទូរទស្សន៍ CTN ផ្តល់​ឱកាស​ឱ្យ​ចូល​លេង​កំប្លែង​វិញ​ហើយ បន្ទាប់​ពី​សឹក ខណៈ​ពេល​ចំណងអាពាហ៍ពិពាហ៍​រវាង​លោក និង​អ្នក​នាង ភី​ម បាន​ឈាន​ដល់​ផ្លូវបំបែក ។

នាយ តាក់ស៊ី ត្រូវ​បាន​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ ហៅ​មក​ឱ្យ​ថត​កំប្លែង​នៅ CTN ឡើង​វិញ បន្ទាប់​ពី​លោក​បាន​បង្ហាញ​បំណង​ចង់​វិល​រក​ឆាក​សម្តែង​ជា​ថ្មី ត្បិត​ក្រោយ​ពី​សឹក​លោក​គ្មាន​សល់​អ្វី និង​មិន​មាន​មុខ​របរ​ក្រៅពី​លេង​កំប្លែង​ដើម្បី​ចិញ្ចឹមជីវិត​នោះ​ឡើយ ។

អ្នកដឹកនាំ​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍ CTN លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ បាន​អះអាង​ថា ពេល​នេះ​នាយ តាក់ស៊ី ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ចូល​លេង​កំប្លែង​វិញ​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​ដូច​ជា​ពី​មុន​នោះ​ឡើយ ។

លោក​បញ្ជាក់​ថា ជា​ទូទៅ​ស្ថានីយទូរទស្សន៍ CTN តែង​ផ្តល់​ឱកាស និង​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​ក្រុម​កំប្លែង​ទាំង​កម្រៃ​នៃ​ការ​សម្តែង​ម្តង​ៗ និង​ប្រាក់ខែ​ប្រចាំខែ ប៉ុន្តែ​សម្រាប់​នាយ តាក់ស៊ី នា​ពេល​នេះ​លោក​មិន​អាច​កំណត់​ទេ​ថា នាយ​បាន​ចូល​ពេញ​សិទ្ធិ​នៅ​ពេល​ណា​នោះ​ឡើយ ។

ដោយឡែក​ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​គ្រួសារ​នោះ លោកតា​វ៉ិ​ច​ទ័​រ បាន​អះអាង​ថា រឿង​នេះ​លោក​សុំ​មិន​និយាយ​អ្វី​ឲ្យ​វែង​ឆ្ងាយ​ឡើយ ប៉ុន្តែ​លោក​ត្រឹម​អាច​និយាយ​ថា ចាប់ពី​ពេល​នេះ​តទៅ​នាយ តាក់ស៊ី គឺ​បាន​ចាប់ផ្តើម​ពី​ចំណុចសូន្យ​ឡើង​វិញ ។

ជា​ការ​កត់សម្គាល់​ពាក់ព័ន្ធ​បញ្ហា​គ្រួសារ​នេះ នាយ តាក់ស៊ី បាន​អះអាង​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​​តាម​ហ្វេ​ស​ប៊ុ​ក​លោក ហេង ឡុ​ង ក្រោយ​ពេល​លាចាក​សិក្ខាបទ​ថា នាយ​ពេល​នេះ​គ្មាន​សល់​អ្វី​ទៀត​​ទេ ក្រៅ​ខ្លួន​ទទេ​នោះ ព្រោះ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន ត្រូវ​បាន​ប្រគល់​ឲ្យ​ភរិយា​អ្នក​នាង ភី​ម និង​កូន​ហើយ ។ នាយ តាក់ស៊ី បញ្ជាក់​ថា ចំពោះ​ជីវិត​ស្នេហា​ជា​ប្តី​-​ប្រពន្ធ​រវាង​នាយ និង​នាង ភី​ម គិត​មក​ទល់​ពេល​នេះ​ដើរ​ដល់​ចំណុច​ផ្លូវបែក​រួច​មក​ហើយ គឺ​តាំងពី​មុន​ពេល​ដែល​នាយ​ចេញ​ទៅ​សាង​ផ្នួស​មក​ម្ល៉េះ ។

លោក​បាន​លើក​ឡើង​បន្ថែម​ថា បច្ចុប្បន្ន​ជីវិត​របស់​លោក​កំពុង​តែរ​សាត់អណ្តែត​ប្រៀប​ដូច​ជា​រុក្ខជាតិ​ចក​អណ្តែត​លើ​ផ្ទៃ​ទន្លេ​អត់​កោះ អត់​ត្រើយ ហើយ​ពេល​នេះ​លោក​បាន​រំពឹង​លើ​ការ​សុំ​កន្លែង​ស្នាក់​អាស្រ័យ​នៅ​ផ្ទះ​ជាមួយ​មិត្តភក្ដិ​រួម​អាជីព​សម្តែង គឺ​នាយ ក្រូច ។ នាយ តាក់ស៊ី បាន​សម្រេច​លាចាក​សិក្ខាបទ​វិញ (សឹក​) កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ ២០១៩ ដោយសារ​ស្ថានភាព​សុខភាព​កាន់តែ​ដុនដាប​ខ្លាំង​ឡើង ។ ការ​លាចាក​សិក្ខាបទ​របស់​ព្រះ​តេជគុណ តាក់ស៊ី គឺ​នៅ​ចំពោះ​មុខ​ព្រះ​មេគុណ​ខេត្តកំពង់ស្ពឺ និង​ព្រះសង្ឃ ព្រមទាំង​ពុទ្ធបរិស័ទ​ជា​ច្រើន​នាក់​ទៀត​ផង ។

ក្នុង​ពិធី​នោះ​ដែរ គេ​បានឃើញ​ព្រះ​តេជគុណ តាក់ស៊ី ស្រក់​ទឹកភ្នែក​ដោយ​ស្តាយ​មិន​គួរ​ណា​បួស​បាន​រយៈ​ពេល​ខ្លី​បែ​នេះ ។ មូលហេតុ​ដែល​មិន​អាច​នៅ​បន្ត​សាង​ផ្នួស​បាន​ហើយ​សម្រេចចិត្ត​សឹក​វិញ គឺ​ដោយ​សារ​តែ​ស្ថានភាព​សុខភាព​មួយ​មុខ​គត់ ពោល​គឺ​អាការ​ជំងឺ​ទឹកនោមផ្អែម​ធ្វើទុក្ខ មិន​អាច​ប្រតិបត្តិ​ធម៌​វិន័យ​បម្រើ​ព្រះពុទ្ធ​សាសនា​តទៅ​ទៀត​បាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ