ប្រទេសម៉ាឡេស៊ី ៖ ក្មេងស្រីជំទង់អឺរ៉ុបម្នាក់ដែលបាត់ខ្លួនចាប់ពីយប់ថ្ងៃទី៣មកទី៤សីហាមក ខណៈនាងមកស្នាក់វិស្សមកាលក្នុងសណ្ឋាគារDUSUN RESORT ក្រោយការតាមរកដោយប្រើមនុស្សជាច្រើនរយនាក់អស់ពេល១០ថ្ងៃ សាកសពរបស់នាងត្រូវបានរកឃើញហើយនាថ្ងៃទី១៣សីហា ដោយរូបកាយអាក្រាតក្នុងបាតអូរមួយក្នុងព្រៃ។
ក្នុងសន្និសីទសារព័ត៌មានមួយលោកMAZLAN MANSORប្រមុខរងនៃប៉ូលិសម៉ាឡេស៊ីបញ្ជាក់ថា យើងប្រាកដហើយដែលសាកសពរកឃើញនោះ ពិតជាសាកសពរបស់នាងNORA QUOIRINសញ្ជាតិបារាំងអៀរឡង់ដែលបាត់ខ្លួននៅម៉ាឡេស៊ី។ លោកថាទោះជាឪពុកម្ដាយរបស់នាងក៏ថានោះពិតជាសាកសពកូនស្រីពួកគេប្រាកដដែរ។
ឧទ្ធម្ភាគចក្រមួយគ្រឿងបានដឹកសាកសពនាង មកកាន់មន្ទីរពេទ្យមួយដែលឪពុកម្ដាយរបស់ក្មេងស្រីជំទង់អាយុ១៥ឆ្នាំនោះ មករង់ចាំពិនិត្យសាកសពនាង។ ក្មេងស្រីនោះដែលមានបញ្ហាសរសៃប្រសាទខ្លះ បានបាត់ខ្លួនកាលពីយប់ថ្ងៃទី៣មកទី៤សីហា ខណៈនាងទើបមកដល់ជាមួយគ្រួសារដែលរស់នៅក្នុងទីក្រុងឡុងដ៏ សម្រាប់វិស្សមកាល ដោយស្នាក់ក្នុងសណ្ឋាគារDUSUN RESORT ស្ថិតនៅចម្ងាយប្រមាណជា៧០គីឡូម៉ែត្រខាងត្បូងទីក្រុងគូឡាឡាំពួរ។
នោះជាសណ្ឋាគារស្ថិតក្នុងតំបន់មានព្រៃមួយ។ សាកសពរបស់នាងត្រូវបានរកឃើញអាក្រាត ក្នុងទឹកអូរមួយ ស្ថិតនៅចម្ងាយ២,៥គីឡូម៉ែត្រពីសណ្ឋាគារ។ គ្រួសារក្មេងស្រីនេះបានលើកពីការចាប់ពង្រត់មួយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ