តើសម្ពាធឈាមរបស់អ្នកកំពុងតែស្ថិតនៅចន្លោះ ១២០/៨០ និង ១៣៩/៨៩ មែនទេពេលកំពុងតែសម្រាកទាំងកាយនិងចិត្ត? បើចឹងមែន មានន័យថាអ្នកត្រូវបានគេចាត់ទុកថាត្រៀមកើតជំងឺលើសសម្ពាធឈាមហើយ។ ការត្រៀមកើតជំងឺលើសសម្ពាធឈាម មានន័យថាអ្នកកំពុងតែវិវត្តន៍ទៅរកជំងឺលើសសម្ពាធឈាមនៅពេលខាងមុខ ហើយវាក៏ជាកត្តាប្រឈមមុខដ៏ខ្លាំងរបស់ជំងឺបេះដូងសរសៃឈាម គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលផងដែរ។ ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះគឺថា ការត្រៀមលើសសម្ពាធឈាម មិនមែនដឹងតែនឹងក្លាយទៅជាជំងឺនេះពេញលេញរហូតនោះទេ ព្រោះវានៅតែមានវិធីអាចបង្ការរឿងនេះបាន តាមរយៈវិធីដូចខាងក្រោមនេះ៖
១-កាត់បន្ថយការញ៉ាំជាតិសូដ្យូម ៖ អ្នកជំនាញខាងជំងឺបេះដូងនិយាយថា អ្នកដែលកំពុងតែមានបញ្ហាត្រៀមលើសសម្ពាធឈាម គួរតែកាត់បន្ថយការញ៉ាំជាតិសូដ្យូមកុំឲ្យច្រើនជាង ២៤០០មីលីក្រាម ឬតិចជាងនេះ។ ចូរប្រាកដថា អ្នកនៅឲ្យឆ្ងាយពីអាហារកៃឆ្នៃ ទឹកសៀង និងស៊ុបកំប៉ុង ព្រោះវាជាអាហារមានជាតិសូដ្យូមច្រើន ដែលអាចធ្វើឲ្យលើសសម្ពាធឈាមកាន់តែខ្លាំងបាន។
២-ជ្រើសរើសអាហារផ្តល់សុខភាព ៖ មិនមែនមានតែអាហារមានជាតិសូដ្យូមគួរតែកាត់បន្ថយតែមួយមុខទេ តែអាហារដែលមានជាតិខ្លាញ់ Saturated Fat និងកូឡេស្តេរ៉ុលអាក្រក់ក៏ត្រូវតែចៀសវាងដែរ។ អ្នកដែលត្រូវបានគេរកឃើញថាមានជំងឺលើសសម្ពាធឈាម យកល្អគួរតែញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន និងទៀតទាត់ ព្រោះវាសម្បូរទៅដោយអង់ទីអុកស៊ីដង់ និងជាតិសរសៃដែលអាចបញ្ចុះសម្ពាធឈាមបានយ៉ាងល្អ។
៣-រក្សាទម្ងន់ឲ្យនៅល្អ ៖ កត្តាប្រឈមមុខមួយក្នុងចំណោមកត្តាប្រឈមមុខជាច្រើនរបស់ជំងឺលើសសម្ពាធឈាមគឺការធាត់ ឬធាត់ជ្រុល។ រឿងនេះមិនមែនមានន័យថា អ្នកត្រូវតែសម្រកទម្ងន់ឲ្យច្រើនខ្លាំងជាងលទ្ធភាពដែលអាចធ្វើបានឡើយ។ ការដែលធាត់ជ្រុល ក៏អាចធ្វើឲ្យប្រឈមខ្លាំងនឹងជំងឺទឹកនោមផ្អែមផងដែរ ហើយរឿងនេះកាន់តែនាំឲ្យលើសសម្ពាធឈាមកាន់តែខ្លាំងថែមទៀត។
៤-រក្សារាងកាយឲ្យមានភាពសកម្ម ៖ ដើម្បីសម្រកទម្ងន់បាន ចូរប្រាកដថា អ្នកអាចមានពេលវេលាហាត់ប្រាណបានច្រើនម៉ោង។ ការរស់នៅបែបស៊ីដេកៗអាចធ្វើឲ្យមនុស្សម្នាក់ប្រឈមខ្ពស់នឹងការលើសសម្ពាធឈាម និងផលវិបាករបស់វាជាច្រើនផងដែរ។ ដូច្នេះការហាត់ប្រាណទៀងទាត់គឺជារឿងដ៏ល្អមួយក្នុងការការពារការត្រៀមលើសសម្ពាធឈាមកុំឲ្យទៅជាលើសសម្ពាធឈាមពេញលេញបាន។ ចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនអំពីលំហាត់ប្រាណបែបណាដែលស័ក្តិសមសម្រាប់អ្នកបើសិនជាអ្នកកំពុងតែរស់នៅបែបស៊ីដេកៗច្រើន ឬច្រើនមកហើយ។
៥-បន្ថយស្ត្រេស ៖ ខណៈពេលដែលវាជាការពិតមួយដែលការរស់នៅបែបសកម្មគឺជារឿងសំខាន់ក្នុងការទប់ស្កាត់ការកើតជំងឺលើសសម្ពាធឈាម តែមិនមែនមានន័យថាអ្នកត្រូវតែបង្ខំខ្លួនធ្វើឲ្យហួសសមត្ថភាពនោះទេ។ យ៉ាងណាមិញ អ្នកគួរតែចៀសវាងការស្ត្រេសខ្លាំងផង។ សំណាងដែរ មានវិធីបន្ថយស្ត្រេសច្រើនណាស់ដែលអ្នកប្រហែលជាអាចធ្វើទៅបានដូចជា ការម៉ាស្សា ងូតក្តៅ ស្តាប់ចម្រៀង និងការហាត់យូហ្គាជាដើម។
៦-ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ៖ ញ៉ាំគ្រឿងស្រវឹងច្រើនមិនមែនគ្រាន់តែធ្វើឲ្យស្រវឹង រហូតដល់សល់ហាយនោះទេ តែវាក៏អាចធ្វើឲ្យលើសសម្ពាធឈាមបានដែរ។ ប៉ុន្តែការដែលញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមអាចផ្តល់ប្រយោជន៍វិញបើសិនជាកំពុងតែមានបញ្ហាត្រៀមលើសសម្ពាធឈាមហើយ។ សម្រាប់ស្ត្រីអាចញ៉ាំបានត្រឹមមួយកែវក្នុងមួយថ្ងៃ ខណៈពេលដែលបុរសអាចញ៉ាំបានពីរកែវក្នុងមួយថ្ងៃ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ