ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះអគារបេតុងមួយកន្លែងនៅក្នុងបរិវេណរោងចក្រខាលីងតុន ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ដោយមានផ្សែងហុយខ្មួលខ្មាញ់ទៅលើអាកាស បង្កឲ្យមានការភ្ញាក់ផ្អើលពេញរោងចក្រ ។ ដែលហេតុការណ៍កើតឡើង នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៣ សីហានេះត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿងបានចេញមកជួយអន្តរាគមន៍បាញ់ទឹក ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តឲ្យដឹងថា អគ្គិភ័យដែលកើតឡើងលើអគារ G ដែលជាឡកំដៅ៦សម្ងួតទើបនឹងសាងសង់មានទំហំ២០គុណ៥០ម៉ែត្រ ក្នុងជំហានដំបូងមានរថយន្តរបស់អធិការនគរបាលស្រុកជើងព្រៃ១គ្រឿង បានចេញមកបាញ់ទឹកមុនគេ ដើម្បីកុំឲ្យភ្លើងឆេះរាលដាលកាន់តែធំនោះ បន្ទាប់មករូបលោកបានបញ្ជាឲ្យរថយន្តចំនួន៨គ្រឿងទៀតក្នុងនោះមានបាធាយ២គ្រឿង ព្រៃឈរ២គ្រឿង កំពង់សៀម១គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តចំនួន៣គ្រឿង ។
លោកឧត្តមសេនីយ៍ទោឯម កុសល ស្នងការនគរបាលខេត្តបន្តថា ចំពោះប្រតិបត្រិការនេះ ប្រើកម្លាំងរហូតដល់ទៅ៥០នាក់ និងបានបាញ់ទឹកដោយស្រុះគ្នា និងស្វាហាប់ហើយនៅវេលាម៉ោង២និង៣០នាទីរសៀល សមត្ថកិច្ចបានគ្រប់គ្រង់ស្ថានការបានដោយប្រើប្រាស់ទឹកអស់ចំនួន១២ស៊ីទែន មូលហេតុដែលបង្កឲ្យមានអគ្គិភ័យកើតឡើងនេះ គឺមកពីឡសម្ងួតក្តៅខ្លាំងពេក ទើបបណ្តាលឲ្យមានអគ្គិភ័យកើតឡើង បណ្តាលឲ្យខូចខាតមានឡចំហុយ១ស៊ីទែនប្រេងចំនួន៣ និងដំបូលអគារមួយជ្រុង ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ ។ ជាមួយនោះលោកស្នងការខេត្តក៏សូមអំពាវនាវដល់ដល់ម្ចាស់រោងចក្រនានាឲ្យបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ