រាជធានីភ្នំពេញ ៖ កំលាំងសហការខណ្ឌពោធិ៍សែនជ័យបានចុះឆែកឆេររកអាវុធជាតិផ្ទុះស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់មានរក្សាទុកនូវសារធាតុញៀនចំនួន១កញ្ចប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាជនសង្ស័យម្នាក់ខាងលើឈ្មោះ សួន រស្មី មុខរបរជាងម៉ាស៊ីនរោងចក្រ ស្នាក់នៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាក ហ្សូ៊មមើ អិច ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ ១FX-៧៦៩៩ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ កំលាំងសហការរបស់ខណ្ឌពោធិ៍សែនជ័យបានចុះពិនិត្យអាវុធជាតិផ្ទុះនឹងត្រួតពិនិត្យច្បាប់ចរាចរណ៍ ស្រាប់តែមានជនសង្ស័យម្នាក់បើកបរម៉ូតូមួយគ្រឿងមកដល់ចំណុចខាងលើ លុះពេលឃើញសមត្ថកិច្ច ស្រាប់តែជនសង្ស័យបើកម៉ូតូត្រឡប់ក្រោយ ធ្វើឱ្យកំលាំងសមត្ថកិច្ចមានការសង្ស័យក៏បានដេញតាម និងឃាត់ខ្លួនយុវជនភ្លាមៗផងដែរ ។
តាមប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះកំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានធ្វើការឆែកឆេរជនសង្ស័យ និងរកឃើញថ្នាំញៀនចំនួន១កញ្ចប់ រួមទាំងទុយោព្រមទាំងដបសំរាប់ជក់ផងដែរ។
ក្រោយពេលកើតហេតុ កំលាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបាននាំជនសង្ស័យខាងលើយកទៅសាកសួរ និងចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ