ក្រុងហុងកុង ៖ ព្រលានយន្តហោះក្រុងហុងកុង នាថ្ងៃទី១៣ សីហា បានជួបប្រទះលើកទី២នៃភាពច្របូកច្របល់ជាមួយការលុបចោលជើងហោះហើរជាច្រើននៃយន្តហោះ និងការប៉ះទង្គិចគ្នាថ្មីៗរវាងប៉ូលិស និងពួកបាតុករស្និទ្ធលទ្ធិប្រជាធិបតេយ្យ ដែលរដ្ឋាភិបាលទីក្រុងនោះបានចោទប្រកាន់ ពីការចាប់បង្ខំរុញច្រានទីក្រុងនោះឲ្យដើរលើផ្លូវដែលគ្មានការវិលត្រឡប់។
ចំណែកអ្នកដំណើរជាច្រើនពាន់នាក់ត្រូវជួបប្រទះការលំបាក ជាមួយសកម្មភាពតវ៉ាថ្មីនោះដែរ ខណៈចិនបានបង្កើនការគំរាមកំហែងធ្វើអន្តរាគមន៍ ដោយតាមរយៈវីដេអូមួយផ្សាយតាមបណ្ដាសារព័ត៌មានផ្លូវការរបស់ខ្លួន បង្ហាញពីការបញ្ជូនកងទាហាន ព្រមទាំងរថពាសដែក និងរថក្រោះ មកកាន់ព្រំដែនជាមួយហុងកុង។
នាយប់ថ្ងៃទី១៣ សីហា ប៉ូលិសបានប្រើឧស្ម័នម្រេច ពេលបើកផ្លូវនាំបុរសម្នាក់ចេញតាមរថយន្តសង្គ្រោះចេញពីព្រលានយន្តហោះ ខណៈបុរសនេះត្រូវបានពួកបាតុករចោទថា ជាប៉ូលិសបន្លំខ្លួនចូលក្នុងបាតុកម្ម។ រថយន្តដឹកបុរសនោះត្រូវពួកបាតុកររារាំង ហើយប៉ូលិសបានបើកផ្លូវ ជាមួយការបាញ់ឧស្ម័នម្រេចហើយចាប់ខ្លួនមនុស្សយ៉ាងតិច២នាក់។ បន្ទាប់ពីនេះបន្តិចបុរសម្នាក់ទៀតត្រូវបានជម្លៀសតាមរថយន្តសង្គ្រោះដែរ ក្រោយពីរូបគេរងការវាយដំដោយមនុស្សមួយក្រុមតូច ដែលចោទរូបគេថាជាចារបុរសម្នាក់។ តែកាសែតចិនGLOBAL TIMESគូសបញ្ជាក់ថា នោះជាអ្នកកាសែតម្នាក់របស់ខ្លួនទេ។
នេះជាថ្ងៃទី៥ នៃការប្រមូលផ្ដុំមនុស្សតវ៉ាដ៏ធំ ពុំធ្លាប់មានពីមុនមកនៅព្រលានយន្តហោះអន្តរជាតិក្រុងហុងកុង។ នាថ្ងៃទី១២ សីហា ព្រលានយន្តហោះនេះ បានសម្រេចលុបចោលជើងហោះហើរជាច្រើនរយជើង ហើយទោះជាព្រលាននោះបើកវិញបានរយៈពេលដ៏ខ្លីមួយនាព្រឹកថ្ងៃទី១៣សីហា ក៏អ្នកដំណើរជាច្រើនសិបពាន់នាក់រងការប៉ះពាល់។
នារសៀលថ្ងៃទី១៣សីហាពួកបាតុករបានលើកគ្នាវិលត្រឡប់មកកាន់ព្រលានយន្តហោះទៀត។ ផ្ទុយពីការអង្គុយធ្វើបាតុកម្មដោយសន្តិវិធីដូចពេលមុនក្នុងព្រលាន លើកនេះពួកបាតុករដែលស្លៀកពាក់ខ្មៅ ភាគច្រើនបពាក់ម៉ាស់ បានលើកគ្នារាំងខ្ទប់ច្រកចូលទៅកាន់តំបន់ត្រួតពិនិត្យសន្តិសុខនានា។
កាសែតចិនGLOBAL TIMESនាថ្ងៃទី១៣សីហាបានចេញផ្សាយវីដេអូមួយ ដែលបង្ហាញបណ្ដារថក្រោះ និងរថពាសដែកបើកសំដៅមកកាន់ទីក្រុងSHENZHEN ជាប់ព្រំដែនជាមួយហុងកុង។ ចំណែកផ្នែកសើុបការណ៍អាមេរិកអះអាងពីការដាក់ពង្រាយកងទ័ពចិននៅព្រំដែនជាមួយហុងកុង៕ (កែសម្រួលដោយ ៖ បុប្ផា) (ប្រភពវីដេអូ ៖ Global Times)
ចែករំលែកព័តមាននេះ