រាជធានីភ្នំពេញ៖ មានចិត្តស្រឡាញ់និងស្រមៃចង់ក្លាយជាតារាចម្រៀងអាជីព តែវាជារឿងអស់សង្ឃឹម ដ្បិតមិនដឹងទៅពឹងអាស្រ័យអ្នកណាទេបើគ្មានខ្សែរយៈទាក់ទងសោះ ។ នេះជារឿងរបស់លោកហួន សំអុល ។ ទោះជាយ៉ាងណាក្ដីបុរសដែលថ្នឹកខាងនេសាទក្តាម ត្រី មឹក…ក្នុងសមុទ្ររូបនេះ ក្ដីស្រមៃបានក្លាយជាការណ៍ពិតតាមរយៈការប្រឹងប្រែងរបស់ខ្លួន ។
អតីតបេក្ខជនប្រឡងចម្រៀងកម្មវិធី «សំនៀងចែងចាំង» និងThe Melodyរបស់ទូរទស្សន៍បាយ័នលោកហួន សំអុល កាលពីពេល ថ្មីៗ កន្លងមកនេះត្រូវអ្នកនាងចន ច័ន្ទលក្ខិណា និងក្រុមការងារជ្រើសរើសជាតារាចម្រៀងប្រចាំផលិតកម្ម ។ នេះដោយសារលោកមានសំឡេងល្អ ។ លោកហួន សំអុល ជាបេក្ខជនឆ្លងកាត់ការប្រឡង ធំៗច្រើនលើក តែបរាជ័យច្រើនដងលោកមិនដែលចុះចាញ់ទេ ព្រោះតែចង់ក្លាយជាតារារះចិញ្ចាចសមតាមបំណង ។
លោកហួន សំអុល អតីតអ្នកនេសាទនៅសមុទ្រកំពត និងកែប បានតស៊ូអត់ធន់ក្នុងជីវិតបែបនេះជាច្រើនឆ្នាំ ទម្រាំបានក្លាយជាតារាចម្រៀង ។ លោកធ្វើជាអ្នកនេសាទតាមឳពុកតាំងពីវ័យជំទង់ ស្ទាត់ជំនាញរហូតមើលដឹងកន្លែងណាមានក្តាមមានត្រីឪពុក ។
ហួន សំអុល និយាយថា«ជីវិតហាលខ្យល់ហាលភ្លៀងលើផ្ទៃសមុទ្រមិនដែលគិតថាបានឱកាសបានឡើងឆាកនឹងគេទេ តែឲ្យតែចេញទៅនេសាទដៃកាន់ម៉ាញ៉េហាត់ច្រៀងលើទូកជាប្រចាំ ហើយសួរខ្លួនឯងជានិច្ចថាបើចេះស្ទាត់នឹងចូលប្រឡងនឹងគេក្រែងមានឱកាសល្អ ។ នៅទីបំផុតខ្ញុំពិតជាធ្វើបាន តែក៏ជួបភាពបរាជ័យច្រើនដងមុននឹងមានពេលវេលាដូចសព្វថ្ងៃនេះ»។
លោកហួន សំអុល បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរបស់អ្នកនាងចន ច័ន្ទលក្ខិណា ដោយបានចូលហាត់ការងាច្រើនសប្តាហ៍មកហើយ ។ «នេះជាសំណាងខ្ញុំ ហើយក៏មិនដែលគិតថាមានឱកាសបានរៀមច្បងសិល្បៈមើលឃើញបែបនេះឡើយ ខ្ញុំពិតជាចងចាំជានិច្ចពីគុណដ៏ពិសេសនេះ »។
ផលិតកម្មនោះបើតាមលោកហួន សំអុល មានអ្នកជំនាញច្រើន ដូចជាលោកសួន ពិសិដ្ឋជាអ្នកនិពន្ឋទាំងចម្រៀង និងបទភ្លេង ជាដើម ។ មិនតែប៉ុណ្ណោះអ្នកនាងចន ច័ន្ទលក្ខិណា និងលោកហេង ឡុង យកចិត្តទុកដាក់រកគន្លឹះឲ្យផលិតកម្មបោះជំហានទៅមុខ ។ ចំពោះតារាចម្រៀងក្រៅពីលោកហួន សំអុន នៅមានតារាចម្រៀងមួយចំនួនទៀតប្រចាំផលិតកម្ម ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ