ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បើក​ការ​ប្រឡង​គូរគំនូរ​បណ្តុះ​គំនិត​កុមារ​ឱ្យ​ស្រឡាញ់​វិស័យ​គំនូរ និង​បរិស្ថាន

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្នុង​គោលបំណង​បណ្តុះ​គំនិត​ឲ្យ​កុមារ​ស្រឡាញ់​បរិស្ថាន​សាលា​គំនូ​រយ៉ា​ម៉ា​ដាក់​របស់​ជប៉ុន​បាន​បើក​ការ​ប្រឡងប្រជែង​គូរគំនូរ ។ សិស្សានុសិស្ស​ជាង​៣០០​នាក់​មក​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ នៅ​សាលា​បឋម​សិក្សា​សំបួរ ដែល​ស្ថិត​នៅ​ភូមិ​សំបួរ សង្កាត់​ច្បារមន ក្រុង​ច្បារមន…

ខេត្តកំពង់ស្ពឺ ៖ ក្នុង​គោលបំណង​បណ្តុះ​គំនិត​ឲ្យ​កុមារ​ស្រឡាញ់​បរិស្ថាន​សាលា​គំនូ​រយ៉ា​ម៉ា​ដាក់​របស់​ជប៉ុន​បាន​បើក​ការ​ប្រឡងប្រជែង​គូរគំនូរ ។ សិស្សានុសិស្ស​ជាង​៣០០​នាក់​មក​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ នៅ​សាលា​បឋម​សិក្សា​សំបួរ ដែល​ស្ថិត​នៅ​ភូមិ​សំបួរ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​ចូលរួម​ប្រកួតប្រជែង​គូរគំនូរ​រូប «​អង្គរវត្ត​» ក្នុង​គោលបំណង​បំផុស និង​បង្កើត​គំនិត​កុមារ​ឱ្យ​ចេះ​ស្រឡាញ់​វិស័យ​គំនូរ និង បរិស្ថាន ។

គំនូរ​របស់​កុមារ​ទាំងអស់​នឹង​ត្រូវ​យក​ទៅ​តាំងពិព័រណ៍​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន នា​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ ព្រមទាំង​នឹង​យក​ទៅ​តាំងពិព័រណ៍​នៅ​ក្រៅប្រទេស ដើម្បី​ឱ្យ​អន្តរជាតិ​ស្គាល់​ពី​កម្ពុជា និង​ស្នាដៃ​របស់​កុមារ​កម្ពុជា ។ កម្មវិធី​ការ​ប្រកួតប្រជែង​គូរគំនូរ​នេះ​រៀបចំ​ឡើង ដោយ​លោក​សាស្ត្រាចារ្យ តា​ខា​ខា​ហ្ស៊ឹ យ៉ា​ម៉ា​ដាក់ (Takakazu Yamada) នាយក​សាលា​គំនូ​រយ៉ា​ម៉ា​ដាក់ និង​គ្រូបង្រៀន និង​និស្សិត​សាកលវិទ្យាល័យ​នៃ​ប្រទេស​ជប៉ុន​ជាង​១០​រូប ។

លោក​សាស្ត្រាចារ្យ តា​ខា​ខា​ហ្ស៊ឹ យ៉ា​ម៉ា​ដាក់ នាយក​សាលា​គំនូ​រយ៉ា​ម៉ា​ដាក់ ដែល​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួតប្រជែង​គូរគំនូរ​នេះ គឺ​ចង់​បណ្តុះ​គំនិត​កុមារ​ឱ្យ​ចេះ​ស្រឡាញ់​វិស័យ​គំនូរ និង​បរិស្ថាន​ជុំវិញ​ខ្លួន និង​ចង់ឱ្យ​សិស្សានុសិស្ស​បាន​បញ្ចេញស្នាដៃ​របស់​ខ្លួន​ក៏​ដូច​ជា ចង់រក​កុមារ​ដែល​មាន​ទេព​កោសល្យ​ផ្នែក​សិល្បៈ​គំនូរ ។ លោក​សាស្ត្រាចារ្យ បាន​បន្ត​ឱ្យ​ដឹង​ថា ប្រធានបទ​នៃ​ការ​ប្រឡង​គូរគំនូរ​នេះ​គឺ «​ប្រាសាទអង្គរវត្ត​» ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ​របស់​ខ្មែរ ។

លោក តា​ដា​ម៉ូ​រី ហ្វ៊ូ​ជី​សាវ៉ា (Tadamori Fujisawa)​ជំនួយការ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​នៃ​ប្រទេស​ជប៉ុន​បានឱ្យ​ដឹង​ថា រូបគំនូរ​ដែល​សិស្សានុសិស្ស​គូរ​ទាំងអស់​នឹង​ត្រូវ​យក​ទៅ​តាំងពិព័រណ៍​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន នា​ថ្ងៃ​ទី​១៤ ខែសីហា​នេះ ព្រមទាំង​ចងក្រង​ទុកជា​អនុស្សាវរីយ៍​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀត នឹង​ត្រូវ​យក​ទៅ​តាំងពិព័រណ៍​នៅ​ក្រៅប្រទេស និង​ផ្សព្វផ្សាយ​តាម​អ៊ី​ន​ធើ​ណិ​ត​ផង​ដែរ ដើម្បី​ឱ្យ​អន្តរជាតិ​បាន​ស្គាល់​ពី​ស្នាដៃ និង​ទេព​កោសល្យ​របស់​កុមារ​កម្ពុជា ។

លោក ឯក ប៊ុ​ន​ថា អគ្គនាយករង​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អ្នកសម្របសម្រួល​កម្មវិធី​ប្រកួត​គូរគំនូរ​នេះ​បាន​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​មាន​គោលបំណង​ចង់ឱ្យ​កុមារ​បាន​បញ្ចេញ​សមត្ថភាព​ទេ​ព្យ​កោសល្យ​ដែល​ពួក​គាត់​មាន​ពី​កំណើត និង​ជា​ការ​បណ្តុះ​គំនិត​លើក​ស្ទួយ​វិស័យ​សិល្បៈ​គំនូរ ។

ចំណែក​លោកស្រី មៀ​ច សុ​ខិ​ណា នាយិកា​សាលា​បឋម​សិក្សា​សំបួរ បានឱ្យ​ដឹង​ថា​៖ កុមារ​ចូលរួម​ការ​ប្រឡង​គំនូរ​នេះ​មាន​៣២០​នាក់ ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦ ។ នេះ​ជា​ផ្នែក​មួយ​នៃ​បំ​ណិ​ន​ជីវិត និង​ជា​ការ​បណ្តុះ​គំនិត​ឱ្យ​ស្រឡាញ់​វិស័យ​គំនូរ និង​បរិស្ថាន​ជុំវិញ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ