រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩នេះរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់១៧០០លានដុល្លា ។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយឯកអគ្គរាជទូតជប៉ុន ដែលត្រូវចប់បេសកកម្មការទូតនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្នុងជំនួបសម្ដេចតេជោលោកហ៊ីដេហ៊ីសា អូរីណូអ៊ូជី (Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុនដែលត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា លោកនឹងចាកចេញពីរាជធានីភ្នំពេញនៅពីរសប្តាហ៍ទៀត ហើយឆ្ពោះទៅកាន់ប្រទេសហូឡង់ ដើម្បីទទួលតួនាទីថ្មីជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់ ។ លោកបានសម្តែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដែលឯកឧត្តមបានសង្កេតឃើញថា ក្នុងរយៈពេល៣ឆ្នាំ ក្នុងការបំពេញបេសកកម្មការទូតនៅរាជាណាចក្រកម្ពុជាសេដ្ឋកិច្ចកម្ពុជាបានរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុតក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ។
ក្នុងន័យនេះលោកបានសូមគោរពសំដែងនូវការគោរព និងកោតសរសើរដល់វីរភាពនៃការដឹកនាំរបស់សម្ដេចតេជោ ។ ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណចំពោះឯក ឧត្តម ហ៊ីដេហ៊ីហ្សា ចំពោះកិច្ចប្រឹងប្រែងរបស់លោកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនារយៈពេលកន្លងមកនេះ ។
សម្ដេចបានមានប្រសាសន៍ថា ជាការពិតការវិនិយោគពាណិជ្ជកម្មក៏ដូចជា ទេសចរណ៍ដែលបានកើនឡើងយ៉ាងខ្លាំងនោះសោត គឺទទួលបានអំពីការប្រឹងប្រែងរបស់ ឯកឧត្តមអគ្គរាជទូតជប៉ុន នៅព្រះរាជាណាចក្រកម្ពុជាចូលរួមចំណែកយ៉ាងធំនៅក្នុងបញ្ហានេះ ជាក់ស្ដែងជាលទ្ធផលនៃការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៨ , ជប៉ុននាំចូលមកកម្ពុជាមានទំហំទឹកប្រាក់ប៉ុន្មាន៤៤០លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៩នេះក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះជប៉ុនបាននាំចូលមកកម្ពុជាយើងចំនួន៤៤០លានដុល្លារ ស្រេចទៅហើយ ។
ដោយឡែកនៅឆ្នាំ២០១៨ កម្ពុជាបាននាំចេញទៅប្រទេសជប៉ុនមានទំហំទឹកប្រាក់ប្រមាណ ១៦០០លានដុល្លាអាមេរិក ។ នៅក្នុងឆ្នាំ២០១៩នេះវិញ រយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់១៧០០លានដុល្លារសហរដ្ឋអាមេរិក នេះ គឺជាជោគជ័យដ៏ធំនៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរាជទូតក្នុងការពង្រឹងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ក្នុងន័យនេះ សម្ដេចតេជោបានថ្លែងអំណរគុណសារជាថ្មីជូនចំពោះឯកអគ្គរាជទូត ហើយក៏បានជូនពរឯកអគ្គរាជទូតក្នុងបេសកកម្មថ្មីរបស់លោកទៅកាន់ប្រទេសហូឡង់បានទទួលជោគជ័យបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ